ទីផ្សារភាគហ៊ុន

តើមានកត្តាអ្វីបានជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅអាស៊ីចង់ឱ្យពលរដ្ឋឥណ្ឌាទិញភាគហ៊ុនជាជាងមាស?


នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Larry Fink និងប្រធានក្រុមហ៊ុន Reliance Industries លោក Mukesh Ambani ដែលជាកំពូលមហាសេដ្ឋកិច្ចលំដាប់ទី១នៅអាស៊ី កំពុងលើកទឹកចិត្តឱ្យប្រជាជនឥណ្ឌា វិនិយោគក្នុងទីផ្សារភាគហ៊ុនជំនួសឱ្យវិនិយោគលើមាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ តើផ្អែកលើកត្តាអ្វីបានជាកំពូលមហាសេដ្ឋីលំដាប់ទី១នៅអាស៊ី ចង់ឱ្យប្រជាជនឥណ្ឌាទិញភាគហ៊ុនជាងមាសបែបនេះ?
ទីផ្សារភាគហ៊ុន
ដោយ

ហាងឆេងមាសមានភាពប្រែប្រួលខ្លាំងនាពេលថ្មីៗនេះ ខណៈភាគហ៊ុនរបស់ឥណ្ឌា ដំណើរការមិនសូវល្អ ដោយផ្សារភាគហ៊ុនឥណ្ឌា Nifty 50 បានធ្លាក់ចុះជិត២%នៅឆ្នាំនេះ។ កំពូលមហាសេដ្ឋីលំដាប់ទី១នៅអាស៊ីលោក Mukesh Ambani បានលើកឡើងថា ប្រាក់សន្សំភាគច្រើនដែលពលរដ្ឋឥណ្ឌា ដាក់សន្សំតាមរយៈការវិនិយោគលើមាស និងប្រាក់ គឺមិនបានចំណេញនោះទេ ខណៈដែលប្រាក់ដែលវិនិយោគលើទីផ្សារភាគហ៊ុនកើនឡើងជាលំដាប់ទៅតាមពេលវេលា។

ក្រុមហ៊ុន Reliance Industries និងក្រុមហ៊ុន BlackRock បានដាក់ឱ្យដំណើរការមូលនិធិសង្គហៈ ដែលជាមូលនិធិវិនិយោគមួយប្រភេទនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន តាមរយៈក្រុមហ៊ុន Jio BlackRock Asset Management។

តួលេខបង្ហាញថា ប្រជាជនឥណ្ឌាស្ថិតក្នុងចំណោមអ្នកទិញមាសច្រើនជាងគេបំផុត ប៉ុន្តែការដាក់សន្សំតាមរយៈការវិនិយោគលើមូលនិធិសង្គហៈ កំពុងពេញនិយមកាន់តែខ្លាំងឡើង។ ក្រុមហ៊ុន Bain & Company បានប៉ាន់ប្រមាណថា ទ្រព្យសកម្មនៃមូលនិធិសង្គហៈនៅឥណ្ឌា នឹងកើនឡើងពី៥០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ឈានដល់៣,៣ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣៥។ ប្រជាជនឥណ្ឌា នៅតែរក្សាទុកទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេជាមាស និងអចលនទ្រព្យ គឺមានចំនួន៥៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹង៦៦% ក្នុងឆ្នាំ២០១៥។

នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Larry Fink និយាយថា ចន្លោះពី២០ទៅ២៥ឆ្នាំខាងមុខនឹងឈានដល់យុគសម័យនៃប្រទេសឥណ្ឌា ហើយការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យមនុស្សទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ប្រទេសនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករថា ប្រទេសឥណ្ឌានឹងសម្រេចបានកំណើន GDP ក្នុងរង្វង់៦,៤% នៅឆ្នាំ២០២៦ បើធៀបនឹងអត្រាកំណើនសេដ្ឋកិច្ចពិភពលោកក្នុងអត្រា៣,៣% និងលឿនជាងសេដ្ឋកិច្ចធំៗដូចជាអាល្លឺម៉ង់ ចក្រភពអង់គ្លេស ឬ ជប៉ុន។

លោក Larry Fink បានកត់សម្គាល់ថា នៅសហរដ្ឋអាម៉េរិក ប្រជាជនដែលបានវិនិយោគលើកំណើនសេដ្ឋកិច្ចរបស់ប្រទេស គឺមានជីវភាពធូរធារជាងអ្នក ដែលគ្រាន់តែរក្សាទុកប្រាក់នៅក្នុងគណនីធនាគារឆ្ងាយណាស់។ លោករំពឹងថា ទីផ្សារភាគហ៊ុនឥណ្ឌា នឹងកើនឡើងទ្វេដង ឬ១គុណនឹង៣ ឬ៤ ដងក្នុងរយៈពេល២០ឆ្នាំខាងមុខ គឺមិនដូចមាសនោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកាណាដា កំពុងរងសម្ពាធឱ្យលុបចោលកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាម៉េរិក

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ត្រូវបានដាក់សម្ពាធឱ្យលុបចោលកិច្ចព្រមព្រៀងរបស់កាណាដា ក្នុងការទិញយន្តហោះចម្បាំងអាម៉េរិក ធុន F-35 រហូ…

ក្រុមហ៊ុន TVS Tuk Tuk Cambodia បានរៀបចំព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយប្រចាំឆ្នាំ អបអរសាទរខួបគម្រប់ 8 ឆ្នាំនៃដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន TVS Tuk Tuk Cambodia កាលពីថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ 2026 បានរៀបចំព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយ និង មជ្ឈមណ្ឌលសេវាកម្មជួសជុលប្រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ