ទូម៉ាស៊ីន ATM របស់រូបិយប័ណ្ណឌីជីថល Bitcoin នៅពេលនេះមានកាន់តែច្រើនឡើងៗនៅសហរដ្ឋអាម៉េរិក ប៉ុន្តែទន្ទឹមនេះក្រុមអ្នកជំនាញបានព្រមានថា ទូម៉ាស៊ីន ATM ទាំងនោះក៏កំពុងត្រូវបានក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតកំណត់គោលដៅវាយប្រហារកាន់តែច្រើនឡើងៗផងដែរ។ ដូចគ្នានឹងទូម៉ាស៊ីន ATM ទូទៅធម្មតាដែរ ទូម៉ាស៊ីន ATM សម្រាប់ Bitcoin ទាមទារលេខកូដ និងគិតថ្លៃសេវាដកប្រាក់ ប៉ុន្តែដោយសារតែរូបិយប័ណ្ណគ្រីបតូមានតម្លៃខ្ពស់ខ្លាំងទើបធ្វើឱ្យក្រុមចោរព័ត៌មានវិទ្យា ឬ Hacker ផ្ដោតការចាប់អារម្មណ៍ និងកំណត់គោលដៅវាយប្រហារជាពិសេស។
លោក ធីម៉ូស៊ី បេតស៍ (Timothy Bates) សាស្ត្រាចារ្យផ្នែកសន្តិសុខតាមអ៊ីនធឺណិតនៅមហាវិទ្យាល័យនវានុវត្តន៍ និងបច្ចេកវិទ្យា នៃសកលវិទ្យាល័យ Michigan សហរដ្ឋអាម៉េរិក បានលើកឡើងថា វាច្បាស់ណាស់ថា ទូម៉ាស៊ីន ATM ទាំងនេះ គឺងាយរងគ្រោះខ្លាំងណាស់ទាំងផ្ទាល់ ទាំងតាមប្រព័ន្ធអ៊ីនធឺណិត ដែលធ្វើឱ្យវាក្លាយជាគោលដៅវាយប្រហារដ៏ចម្បងសម្រាប់ក្រុមចោរព័ត៌មានវិទ្យា ឬ Hacker។
សាស្ត្រាចារ្យរូបនេះបន្ថែមទៀតថា ទូម៉ាស៊ីន ATM របស់ Bitcoin អាចនឹងងាយរងការវាយប្រហារខ្លាំងណាស់ ព្រោះក្រុមចោរព័ត៌មានវិទ្យា ឬ Hacker នឹងដំឡើងកម្មវិធីមេរោគ ឬហៅថា Malware ដើម្បីលួចលុយ ឬគ្រប់គ្រងប្រតិបត្តិការទាំងស្រុងតែម្ដង។ កត្តានេះគឺមានហានិភ័យខ្ពស់ណាស់សម្រាប់ទូម៉ាស៊ីន ATM ដែលមិនត្រូវបានអាប់ដេតកម្មវិធីជាប្រចាំ។
លោកបានបន្តថា លើសពីនេះ ប្រសិនបើបណ្តាញរបស់ទូម៉ាស៊ីន ATM ទាំងនោះគ្មានសុវត្ថិភាពល្អទេ ក្រុមចោរព័ត៌មានវិទ្យា អាចនឹងស្ទាក់ការបញ្ជូនទិន្នន័យរវាងទូម៉ាស៊ីន ATM និងម៉ាស៊ីនមេ ឬ Server របស់វាដែលនាំទៅដល់ការលួចទិន្នន័យ ឬការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាត។
ពេលនេះរដ្ឋាភិបាលអាម៉េរិក កំពុងព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទូម៉ាស៊ីន ATM សម្រាប់ Bitcoin ខណៈដែលការលួចតាមប្រព័ន្ធអ៊ីនធឺណិត ឬអំពើឆបោកទាក់ទិនជាមួយនឹងទូម៉ាស៊ីន ATM សម្រាប់ Bitcoin បានកើនឡើងយ៉ាងខ្លាំង។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធបានរាយការណ៍នៅសប្តាហ៍នេះថា ករណីឆបោកទាក់ទិននឹងទូម៉ាស៊ីន ATM សម្រាប់ Bitcoin បានកើនឡើងរហូតដល់ទៅ១.០០០% ចាប់តាំងពីឆ្នាំ២០២០ មក៕
ដោយ: តែម សុខុម