លោក អេនថូនី អាលបាណេស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្រ្តាលី នៅក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី បានលើកឡើងថា ប្រទេសអូស្ត្រាលីនឹងបង្កើតមូលនិធិ ដែលមានទំហំ២ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណជា១ពាន់៣រយលានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងអូស្រ្តាលី និងអាស៊ាន។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ វិស័យអាទិភាព ដែលនឹងទទួលបានការគាំទ្រពីកញ្ចប់មូលនិធិនេះ គឺស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះអះអាងថា លោកចង់ធ្វើឱ្យប្រាកដថាក្រុមហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍អាចចូលទៅកាន់ទីផ្សារអូស្ត្រាលីបាន ខណៈអូស្ត្រាលីជាអ្នកនាំចេញចំណេះដឹង និងជាអ្នកចែករំលែកជំនាញ។ ជាមួយគ្នានេះ អូស្ត្រាលីចង់បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងអាស៊ាន ដើម្បីគាំទ្រដល់កំណើនក្នុងតំបន់ និងដើម្បីសម្រេចបាននូវអត្ថប្រយោជន៍ទៅវិញទៅមក។
បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ ពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលីជាមួយអាស៊ាន មានទំហំជាង១១៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ដោយមានទំហំធំជាងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ឬសហរដ្ឋអាម៉េរិក ខណៈដែលការវិនិយោគរវាងប្លុកអាស៊ាន និងអូស្ត្រាលីមានទំហំរហូតដល់២០០ពាន់លានដុល្លារ។ តាមរយៈលទ្ធផលនេះបានបង្ហាញឱ្យឃើញថា អូស្ត្រាលីបានបើកចំហសម្រាប់អាជីវកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិនិយោគយ៉ាងពេញទំហឹងជាមួយនឹងអាស៊ាន។
ក្រៅពីនោះ លោក អេនថូនី និងសមភាគីអាស៊ានផ្សេងៗទៀត ដោយរួមទាំងមេដឹកនាំកម្ពុជា ក៏បានផ្តោតការពិភាក្សានៅលើបញ្ហាសន្តិសុខនៅលំហរសមុទ្រ ជាពិសេសគឺទាក់ទងនឹង ស្ថានភាពដ៏តឹងតែងនៅសមុទ្រចិនខាងត្បូងតែម្តង៕
ដោយៈ សរ សុជាតិ