កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

វៀតណាម «ជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី» ជាមួយអឺរ៉ុបហើយ! ខណៈថៃ កំពុងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យវិលរកតុចរចាឡើងវិញ


ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា បានដើរមួយជំហាន ទៅមុនបណ្ដាប្រទេសនៅអាស៊ី ដោយទទួលបានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុប ខណៈដែលប្រទេសដទៃទៀត ប្រាថ្នាចង់បានដែរ ប៉ុន្ដែ មិនមានឱកាស។ តួយ៉ាង រដ្ឋាភិបាលថ្មី នៃប្រទេសថៃ នាពេលថ្មីៗនេះដែរ ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ដោយឥរិយាបថទន់ភ្លន់ ជាមួយនឹងសហភាពអឺរ៉ុប ដើម្បីអាចចាប់ដៃគ្នាទៅរកតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ ក្រោយពីវាត្រូវបានសន្លប់អស់មួយរយៈធំ ដោយសារតែថៃមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤។
វៀតណាម «ជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី» ជាមួយអឺរ៉ុបហើយ! ខណៈថៃ កំពុងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យវិលរកតុចរចាឡើងវិញ (រូបភាព៖ https://www.vir.com.vn)

អឺរ៉ុប​នៅតែស្ថិត​ក្នុងចំណោមបង​​ពាណិជ្ជកម្ម​របស់​វៀតណាម ថៃ និងកម្ពុជា

សហភាពអឺរ៉ុប គឺជាទីផ្សារ​នាំចេញ​ទំនិញ​របស់វៀតណាម​ធំបំ​ផុតទី២ បន្ទាប់ពីអាមេរិក ដែល​មាន​ទំនិញ​នាំចេញ​សំខាន់ដូចជា​ សម្លៀកបំពាក់ និង​អាហារ។ កាលពីឆ្នាំមុន វៀតណាម​នាំចេញទំនិញ ទៅអឺរ៉ុប​សម្រេចបានជិត ៤២ ពាន់​លាន​ដុល្លារអាមេរិក កើនឡើង​ជាង ៩% ធៀបនឹង​ឆ្នាំ២០១៧ ខណៈដែល​ការនាំចូល​​ពីអឺរ៉ុបមកវិញ​មានជិត ១៤ពាន់លាន​ដុល្លារ កើនឡើង​ជិត​១៤%។

ដោយឡែក​សម្រាប់​​ប្រទេសថៃ​វិញ សហភាពអឺរ៉ុប ត្រូវបានគេដឹងថា គឺជា​ដៃគូពាណិជ្ជកម្មធំទី​៣ របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្ម​រវាង​ថៃ និងសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១៨ សម្រេចបាន​កំណើន​ជាង ៦ភាគរយ ជាមួយនឹង​ទំហំទឹក​ប្រាក់ ជាង ៤៧ ពាន់លានដុល្លារអាមេរិក ស្មើនឹង​ជាង ៩% នៃទំហំ​ពាណិជ្ជកម្មសរុប​របស់ថៃ។ ក្នុងនោះ ថៃបាននាំចេញ​ទៅអឺរ៉ុប មាន ២៥ពាន់លានដុល្លារអាមេរិក​ កើន ជាង ៥% ធៀបនឹងឆ្នាំមុន ខណៈនាំចូល​ពីអឺរ៉ុបមកវិញ មាន​ជាង ២២ពាន់លានដុល្លារ កើនប្រមាណ ៨%។ 

បើងាកមកចាប់អារម្មណ៍​ពីទំហំ​ពាណិជ្ជកម្ម​រវាង​​កម្ពុជា និងអឺរ៉ុបវិញ មាន​ប្រមាណ ៧ពាន់លាន​ដុល្លារអាមេរិក​ នៅឆ្នាំ ២០១៨។ ក្នុងនោះ មានជាង ៦​ពាន់​លានដុល្លារអាមេរិក​ទៅហើយ ដែល​កម្ពុជា​បាននាំចេញ​ទៅកាន់អឺរ៉ុប។ ហើយសហភាពអឺរ៉ុបនេះ ត្រូវបាន​ដឹងថា គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី២ របស់កម្ពុជា បន្ទាប់ពីចិន ដែលមាន​ចំណែក​ពាណិជ្ជកម្មសរុប​ជាង ១៧% ខណៈចិន មាន​ជិត​២៤%។ 

តើវៀតណាម និងចំណេញអ្វីខ្លះ ពីភាពជោគជ័យ​​​លើ​ការចុះ​​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយអឺរ៉ុប ?

មុននឹង​យើង​និយាយពីផល​ប្រយោជន៍​ ដែលវៀតណាម​នឹងទទួល​បាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ជាមួយ​​នឹងអឹរ៉ុបនេះ យើងក៏ត្រូវដឹងដែរថា ទម្រាំបាន​សម្រេច​កិច្ចព្រមព្រៀងនេះ វៀតណាម​ចំណាយ​ពេល​រហូតដល់ ​៩ឆ្នាំឯណោះ ក្នុងការ​ចរចា​ជាមួយអឺរ៉ុប។

ចាប់ផ្ដើម​កិច្ចចរចា​តាំងពីឆ្នាំ​២០១០ មកទល់​នឹង​ថ្ងៃទី ៣០ មិថុនា​ឆ្នាំ២០១៩ វៀតណាម​បាន​សម្រេច​មហិច្ឆតា​​របស់ខ្លួន​ដោយបាន​ចុះ​ហត្ថលេខា​ជាមួយ​នឹងសហភាព​អឺរ៉ុប លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នៅរដ្ឋធានីហាណូយ​ប្រទេសវៀតណាម នៅថ្ងៃទី ៣០ មិថុនា ២០១៩។ ក្នុងនោះ របាំង​ពន្ធគយ​រហូតដល់​ជាង​៩៩% ឯណោះ នឹងត្រូវបាន​លុបចោល សម្រាប់​ការនាំចេញ​ទំនិញវៀតណាម​ទៅអឺរ៉ុប​ក្នុងរយៈពេល​៧ឆ្នាំ។ 

ចំពោះវៀតណាម ក្រោយពីកិច្ចព្រមព្រៀង​នេះ ចូលជាធរមានភ្លាម នោះ​ពន្ធគយ​ប្រមាណ៨៥,៦% នឹងត្រូវលុបចោល សម្រាប់​ការនាំចេញទៅអឺរ៉ុប និងនៅ ៧ឆ្នាំក្រោយ នឹងលុបចោលពន្ធគយ​រហូតដល់ដល់ ៩៩,២%។

រីឯអឺរ៉ុបវិញ ក្រោយពីកិច្ចព្រមព្រៀងចូលធរមានភ្លាម ពន្ធគយ​ប្រមាណ ៤៨,៥% នឹងត្រូវលុបចោល សម្រាប់ទំនិញ​នាំពីអឺរ៉ុបទៅវៀតណាម និងនៅរយៈពេល ៧ឆ្នាំក្រោយ នឹង​លុបចោលពន្ធគយ ៩១,៨% ហើយនៅរយៈពេល ១០ឆ្នាំ នឹងលុប ៩៨,៣%។

វៀតណាម​ត្រូវបានគេមើលឃើញថា នឹងទាញបាន​ប្រយោជន៍ធំ ពីកិច្ចព្រមព្រៀងនេះ។ តួយ៉ាង តាមការព្យាករណ៍ នៅឆ្នាំ២០២០ កំណើន​ការនាំចេញ​របស់វៀតណាម​​ទៅកាន់អឺរ៉ុប​នឹងកើនឡើង ២០% ខណៈការនាំចូលពីអឺរ៉ុបមកវិញ នឹងកើនឡើង ១៥,៣%។ នៅឆ្នាំ២០២៥ ការនាំចេញវៀតណាម​រំពឹង​កំណើន​៤២,៧% និងឆ្នាំ ២០៣០ កើនឡើង​ដល់ ៤៤,៤%។ 

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏នឹងចូលរួម​​រុញ​កំណើន​សេដ្ឋកិច្ចវៀតណាម ប្រមាណ ២,២ ទៅ៣,៣ ភាគរយ នៅឆ្នាំ២០១៩ -២០២៣។ និង ៤,៦ទៅ ៥,៣ ភាគរយ នៅឆ្នាំ ២០២៤-២០២៨ និង៧,១ ទៅ៧,៧ ភាគរយ​នៅឆ្នាំ២០២៩-២០៣៣។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វៀតណាម អឺរ៉ុបនេះ ត្រូវបានគេដឹងថា គឺជាកិច្ចព្រមព្រៀង​បើកចំហរ​ទីផ្សារ​គ្រប់ជ្រុយជ្រោយ​ជាលើកដំបូងមួយ​របស់អឺរ៉ុប​ដែលធ្វើ​ជាមួយនឹង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅតំបន់​អាស៊ី។

មន្ត្រីជាន់ខ្ពស់​វៀតណាម បញ្ជាក់ថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ វៀតណាម នឹង​អាច​បង្កើន​ការនាំចេញទំនិញ​ដូចជា​វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងអាហារ​សមុទ្រ។

ប្រទេសថៃ កំពុងដាក់ចិត្តដាក់កាយ​ ដើម្បី​ដឹកដៃអឺរ៉ុប​ចូលតុចរចា​ឡើងវិញ

អស់រយៈពេល៥ ឆ្នាំមកហើយ ដែលការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ និងសហភាពអឺរ៉ុប​ត្រូវបាន​ផ្អាក ដោយសារតែ​ប្រទេស​ថៃមាន​​រដ្ឋប្រហារ​យោធា​​កាលពីឆ្នាំ២០១៤។ ទោះយ៉ាងណា រាជរដ្ឋាភិបាលទើបជាប់ឆ្នោត​ថ្មីរបស់ថៃ បានបង្ហាញពីឆន្ទៈរបស់ខ្លួន​នឹង​ជំរុញ​ការ​​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ផលប៉ះពាល់​នៃការចាកចេញរបស់អង់គ្លេស​ពីសហភាពអឺរ៉ុប ឬហៅថា Brexit ក៏ដូចជា​ជំរុញឲ្យ កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ រវាងថៃ ​និងសហភាពអឺរ៉ុប អាចរស់ឡើងវិញ​ផងដែរ។

ទោះបីអឺរ៉ុប​ហាក់​ដកឃ្លា​ចេញ​ពីតុចរចា​ជាមួយ​ប្រទេសថៃក្ដី ប៉ុន្ដែ ថៃ នៅតែ​តាម​បញ្ចុះបញ្ចូលអឺរ៉ុប​ដើម្បី​ស្វែងរក​ច្រកចេញ និង​ឈានទៅសម្រេច​​កិច្ចព្រមព្រៀងនេះ។ 

គិតមកទល់បច្ចុប្បន្ន ប្រទេសថៃ មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ចំនួន ​១៣ ដែលកិច្ចព្រម​ព្រៀង​ចុងក្រោយនោះ គឺ​បានធ្វើឡើង​រវាង​អាស៊ាន និងហុងកុង ដែលជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និងការវិនិយោគ ដែលវា​បានចូលជាធរមាន​តាំងពីថ្ងៃទី ១១​ខែ​មិថុនា​ កន្លងទៅ។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេសថៃ បានឲ្យដឹងថា រយៈពេលល​៤ខែ ឆ្នាំ២០១៩នេះ ការនាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​របស់ថៃ មានប្រមាណ ជាង ២២.៥០០ ​លាន ដុល្លារអាមេរិក កើនឡើង​ប្រមាណ​ជិត​៤%។

ដោយឡែក​ចំពោះ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPវិញ​ប្រទេសថៃ​ ទទួលបាន​ការអនុគ្រោះពន្ធនេះ ពីប្រទេស​ចំនួន ​៤ គឺអាមេរិក ស្វីស័រឡែន រុស្ស៊ី និងន័រវេ ដែលមានទំហំ​នាំចេញសរុប​របស់ថៃ មាន​ជាង​១.៧០០ លាន​ដុល្លារ នៅរយៈពេល​៤ខែឆ្នាំនេះ កើនឡើង​ជាង​២២%។ ក្នុងនោះ ការនាំចេញរបស់​ថៃ ទៅអាមេរិក​គឺមានធំជាងគេ។ 

សម្រាប់ឆ្នាំនេះដែរ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​ថៃ បានកំណត់​គោលដៅនឹង​ប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និងប្រព័ន្ធ​អនុគ្រោះពន្ធ សម្រាប់ការនាំចេញ​ឲ្យសម្រេច​បានកំណើន ​៩% ដែលមានតម្លៃ​ទំហំទឹក​ប្រាក់​ប្រមាណ​ ៨១ពាន់លាន​ដុល្លារអាមេរិក ដែលកើនឡើង​ពី ​៧៤​ពាន់លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។

ទាក់ទង​នឹងទីផ្សារអឺរ៉ុបនេះដែរ សម្រាប់កម្ពុជា​ឯណោះវិញ ក៏កំពុង​​ប្រឈមនឹងការបាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) សម្រាប់​ការនាំចេញទៅអឺរ៉ុបផងដែរ។ ធនាគារពិភពលោកនៅថ្ងៃទី ៦ ឧសភានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ បានប៉ាន់ប្រមាណថា កម្ពុជា អាចនឹងបាត់បង់​ចំណូលពីការនាំចេញប្រហែលជាង ៦៥០ លាន​ដុល្លារអាមេរិក ប្រសិនបើសហភាពអឺរ៉ុប ពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។ ទំនិញដែល​កម្ពុជា​នាំទៅអឺរ៉ុប គឺមាន ​៨០ ភាគរយ ទៅហើយ គឺ​​ជាសម្លៀកបំពាក់ បន្ទាប់មក គឺផលិតផល​ស្បែកជើង កង់ និងអង្ករ។

យ៉ាងណាក៏ដោយចុះ ធនាគារពិភពលោក បាន​គូសបញ្ជាក់ដែរថា ប្រសិនបើ​សហភាពអឺរ៉ុប ពិតជា​ព្យួរមែន EBA ពីកម្ពុជា​ក៏ដោយ ប៉ុន្ដែ កម្ពុជា​អាចមានផ្លូវ​ក្នុងការសម្រាល​ផលប៉ះទង្គិច​ពីការព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ EBA បាន​ដោយ​ត្រូវ​កាត់បន្ថយ​ថ្លៃចំណាយ​លើ​ផលិតកម្ម និងលើបែបបទ​សម្រាប់​ការនាំចេញនានា។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច តេជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​នៅក្នុង ថ្លែងក្នុងវេទិកា​រាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨ កាលពីចុង​ខែមីនា ឆ្នាំ២០១៩ នេះ ថា សម្រាប់​ការធ្វើ​កំណែ​ទម្រង់ជំហាន​ដំបូងនេះ វិស័យឯកជន នឹងចំណេញ​ប្រមាណ ៤០០ លាន​ដុល្លារអាមេរិកឯណោះ៕

អត្ថបទនេះ មានផ្នែកខ្លះ ត្រូវបាន​ស្រាវជ្រាវ និងដកស្រង់ពី៖ Vietnam Express, Bangkok Post, European Commission

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងបុរី កៀនស្វាយ ផាក បើកលក់ដំបូង ជាមួយនឹងការបញ្ចុះ​តម្លៃពិសេស

ព័ត៌មាន
ក្រុមហ៊ុន KFA Property Co,.Ltd បើកផ្ទះល្វែងដំបូងក្នុងគម្រោងកៀនស្វាយផាក គឹមានតែចំនួនផ្ទះល្វែងមានត្រឹមតែ ១៦៨ល្វែងប៉ុណ្ណោះ។ គម្រោងបុរីកៀនស្វ…

ហាង 7-Eleven កំពុងចរចាជាមួយដៃគូ ក្នុងការលក់សិទ្ធិមក កម្ពុជា និងឡាវ

ព័ត៌មាន
ក្រុមហ៊ុន CP All PLC ជាក្រុមហ៊ុនមេ របស់ ហាង 7-Eleven ដែលជាងហាងលក់រាយម៉ាកអន្តរជាតិដ៏ល្បីនោះ បានប្រកាសនៅក្នុងរបាយការណ៍មួយរបស់ខ្លួន នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ