
លោក អេថូនី អាល់បានីស នាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាប់ផ្ដើមធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃនៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារសប្តាហ៍នេះ ហើយវាក៏ជាទស្សនកិច្ចលើកទីពីរសម្រាប់លោកក្នុងនាមជានាយករដ្ឋមន្ត្រីផងដែរ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានស្ថិរភាព បើទោះជាភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែកើនឡើងក៏ដោយ។ ការទៅបំពេញទស្សនកិច្ចនៅចិន របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយអាម៉េរិក ទាមទារឱ្យប្រទេសនេះបញ្ជាក់ពីជំហឱ្យបានច្បាស់លាស់ក្នុងករណីអាម៉េរិក មានការប៉ះទង្គិចប្រដាប់អាវុធជាមួយចិន នៅកោះតៃវ៉ាន់។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា បានរងការរង្គោះរង្គើមួយទសវត្សរ៍មកហើយ ដោយសារការខ្វែងគំនិតគ្នាជារឿយៗពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ និងផលប្រយោជន៍ប្រកួតប្រជែងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់មានភាពប្រសើរឡើងវិញ ក្រោយចិន បានលុបចោលបម្រាមមួយចំនួនលើប្រទេសអូស្ត្រាលី។
ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ី នៅទីក្រុងប៉េកាំង លោក អាល់បានីស បាននិយាយថា អូស្ត្រាលី ឱ្យតម្លៃលើទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសចិន ហើយនឹងបន្តទំនាក់ទំនងជាមួយនឹងចិន ក្នុងលក្ខណៈស្ងប់ស្ងាត់ និងជាប់លាប់ ដែលផ្តោតសំខាន់លើផលប្រយោជន៍រួម។ លោកបានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់ ដែលអូស្ត្រាលី ត្រូវតែមានការពិភាក្សាដោយផ្ទាល់ជាមួយចិន ដោយសារវាមានសារសំខាន់ចំពោះអូស្ត្រាលី និងចំពោះស្ថិរភាព និងវិបុលភាពរបស់អូស្ត្រាលី។
ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការប្រែប្រួលល្អប្រសើរច្រើន ហើយលោកបានសង្កត់ធ្ងន់ថា មិនថាទិដ្ឋភាពអន្តរជាតិនឹងវិវត្តទៅជាយ៉ាងណានោះទេ ភាគីទាំងពីរគួរតែរក្សាទិសដៅជារួមនេះដោយគ្មានងាករេ៕
ដោយ៖ សុខ មង្គល