ផ្សារមូលបត្រកម្ពុជា

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការជួញដូរភាគហ៊ុននៅកម្ពុជា ឱ្យធ្លាក់ចុះជិត៥០% នៅឆ្នាំ២០២៤នេះ?


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានវាយតម្លៃថា ទាំងទំហំជួញដូរ និងតម្លៃភាគហ៊ុនដែលបានជួញដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤នេះ មានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ជាក់ស្តែងការជួញដូរភាគហ៊ុនជាមធ្យមនៅឆ្នាំនេះបានធ្លាក់ចុះប្រមាណជិត៥០% ខណៈតម្លៃភាគហ៊ុនវិញបានធ្លាក់ចុះប្រមាណ១៥%។ តើមានកត្តាអ្វីខ្លះទាញទម្លាក់ការជួញដូរ និងតម្លៃភាគហ៊ុននៅកម្ពុជាឱ្យមានការធ្លាក់ចុះបែបនេះ?
ផ្សារមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប្រមាណជិត១២ខែ ឆ្នាំ២០២៤នេះ ទំហំជួយដូរភាគហ៊ុននៅកម្ពុជា មានទំនោរធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺការជួញដូរជាមធ្យមមានក្នុងរង្វង់១៥ម៉ឺនដុល្លារក្នុង១ថ្ងៃ ដោយបានធ្លាក់ចុះប្រមាណជិត៥០% បើធៀបនឹងការជួញដូរកាលពីឆ្នាំមុន។ ទន្ទឹមនឹងការជួញដូរមានការធ្លាក់ចុះ តម្លៃភាគហ៊ុនជាមធ្យមនៅឆ្នាំនេះ ក៏មានការធ្លាក់ចុះប្រមាណ១៥% ផងដែរ។ បើតាមការលើកឡើងរបស់ឯកឧត្តម ហុង សុហួរ កត្តាដែលទាញទម្លាក់ការជួញដូរ និងតម្លៃភាគហ៊ុននេះ រួមមានឥទ្ធិពលនៃបញ្ហាសេដ្ឋកិច្ចសកល ជម្លោះពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយសកលជាដើម។ ការចោទប្រកាន់ពាក់ព័ន្ធការបោកប្រាស់ក្នុងវិស័យភាគហ៊ុននៅកម្ពុជា ក៏ជាកត្តាជំរុញឱ្យការជួញដូរភាគហ៊ុនមានការធ្លាក់ចុះផងដែរ ដោយសារវិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនក្នុងការវិនិយោគ។

​ទោះបីការជួញដូរភាគហ៊ុននៅឆ្នាំនេះ មានស្ថានភាពមិនសូវល្អដូចការរំពឹងទុកយ៉ាងណាក្តី តែថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា រំពឹងថា នៅឆ្នាំ២០២៥ ខាងមុខ ទីផ្សារភាគហ៊ុននៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើពុំមានបញ្ហាអាក្រក់ណាមួយកើតមានឡើងបន្តទៀតទេនោះ ដ្បិតថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានវិនិយោគិនថ្មីៗជាច្រើន ដែលទើបចាប់ផ្តើមរៀនសូត្រពីការវិនិយោគក្នុងវិស័យភាគហ៊ុន។ សម្រាប់ឯកឧត្តម ហុង សុហួរ ការធ្លាក់ចុះតម្លៃភាគហ៊ុននាពេលបច្ចុប្បន្ន វាក៏ជាឱកាសល្អបម្រាប់វិនិយោគិនថ្មីៗក្នុងការសាកល្បងក្នុងការវិនិយោគផងដែរ ដើម្បីទាញអត្ថប្រយោជន៍ និងផលចំណេញក្នុងរយៈពេលវែង។

​គួជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំ២០២៤ និង២០២៥?

ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ប៉ុន្តែធនាគារនេះ ក៏…

កសិករកំពុងមមាញឹកជាមួយការដាំថ្នាំជក់ ក្រោមក្តីរំពឹងទទួលបានតម្លៃល្អប្រសើរដូចឆ្នាំមុន

ផ្ទៃដីដាំថ្នាំជក់នៅក្នុងខេត្តត្បូងឃ្មុំ នៅឆ្នាំនេះ មានការកើនឡើងជាង៣០០ហិកតា បើធៀបនឹងឆ្នាំមុន បន្ទាប់ពីតម្លៃថ្នាំជក់មានការកើនឡើង ដែលបានផ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ