វិស័យហិរញ្ញវត្ថុ

អ្នកជំនាញ ស្នើឱ្យពលរដ្ឋជៀសវាងខ្ចីលុយពីធនាគារមួយទៅសងធនាគារមួយ ដ្បិតវាអាចក្លាយជាបំណុលវ័ណ្ឌក


មន្ត្រីជំនាញក្នុងវិស័យហិរញ្ញវត្ថុលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាកូនបំណុល ដែលមានបញ្ហាលំហូរសាច់ប្រាក់ ឬខ្វះលទ្ធភាពក្នុងការសងត្រឡប់ទៅគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ កុំមានភាពអៀនខ្មាស់តែត្រូវជួបជជែកពិភាក្សាជាមួយគ្រឹះស្ថានផ្តល់កម្ចី ដើម្បីរកដំណោះស្រាយ។ ទន្ទឹមនឹងនេះត្រូវជៀសវាងខ្ចីលុយក្រៅផ្លូវការ ឬខ្ចីពីគ្រឹះស្ថានផ្តល់កម្ចីមួយយកទៅសងគ្រឹះស្ថានមួយ ដ្បិតវាអាចធ្វើឱ្យពួកគេផុងខ្លួនកាន់តែជ្រៅជាមួយបំណុល។
វិស័យហិរញ្ញវត្ថុ
ដោយ

ស្របពេលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្នើឱ្យពលរដ្ឋគិតគូរឱ្យបានល្អិតល្អន់ក្នុងការប្រើប្រាស់ប្រាក់កម្ចី ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតឡើងផ្សេងៗ។

ស្របពេលឥណទានសងយឺតលើសពី៣០ថ្ងៃ ឬឥណទានខូចនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាស្នើឱ្យអ្នកទទួលកម្ចីត្រូវគិតគូរឱ្យបានល្អិតល្អន់មុននឹងខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ។

លើសពីនេះ អ្នកជំនាញរូបនេះ ទទូចឱ្យពលរដ្ឋជាអ្នកទទួលកម្ចីជៀសវាងការខ្ចីប្រាក់ក្រៅផ្លូវការ ឬខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយទៅយកសងគ្រឹះស្ថានមួយ ព្រោះវាអាចធ្វើឱ្យពួកគេផុងខ្លួនក្នុងបំណុលវ័ណ្ឌក។ ហើយក្នុងករណីដឹងថា បំណុលរបស់ខ្លួនជួបបញ្ហា លោក សុខ វឿន លើកទឹកចិត្តឱ្យកូនបំណុលទាំងនោះទៅជជែកពិភាក្សាជាមួយគ្រឹះស្ថានផ្តល់កម្ចី ដើម្បីរកដំណោះស្រាយផ្សេងៗ។

​លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា អតិថិជនជាអ្នកទទួលកម្ចីគួរតែបង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញឱ្យបានច្បាស់លាស់ ព្រោះការធ្វើបែបនេះអាចជួយការពារពួកគេពីហានិភ័យផ្សេងៗ។

ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នេះដែរ លោក កាំង តុងងី លើកទឹកចិត្តឱ្យពលរដ្ឋសិក្សាលើស្ថានភាពអាជីវកម្មរបស់ខ្លួនឡើងវិញ ព្យាយាមកាត់បន្ថយការចំណាយដែលមិនចាំបាច់ និងសិក្សាឱកាសពង្រីកអាជីវកម្មក្នុងវិស័យសក្តានុពល ដើម្បីបង្កើនប្រាក់ចំណូល។ ពាក់ព័ន្ធនឹងការប្រើប្រាស់កម្ចីនៅក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកជំនាញរូបនេះស្នើឱ្យអ្នកទទួលកម្ចីប្រើប្រាស់កម្ចីសម្រាប់វិស័យណាដែលមានហានិភ័យទាប។

​បើតាមការគូសបញ្ជាក់របស់លោក កាំង តុងងី ឥណទានដែលសងយឺតលើសពី៣០ថ្ងៃនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានការកើនឡើងប្រមាណ៩% នៅត្រីមាសទី២ឆ្នាំនេះ បើធៀបនឹងត្រីមាសទី១។ ការកើនឡើងនេះ ត្រូវបានលោក កាំង តុងងី អះអាងថា គឺដោយសារសេដ្ឋកិច្ចកម្ពុជា នៅតែបន្តប្រឈមនឹងបញ្ហាសកលមួយចំនួន ដែលធ្វើឱ្យកម្រិតចំណូលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ តែយ៉ាងណាចំនួននេះស្ថិតក្នុងកម្រិតទាបនៅឡើយបើធៀបនឹងបណ្តាប្រទេសផ្សេងៗ។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា អនុបាតឥណទានមិនដំណើរការនៅក្នុងឆមាសទី១ ឆ្នាំនេះ គឺមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រាប់វិស័យធនាគារ បានកើនឡើងដល់ប្រមាណ៦,៨% ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៨,៣%៕

None



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីអាម៉េរិក វ៉ារ៉េន ប៊ូហ្វេត ប្រកាសទុកទ្រព្យសម្បត្តិរហូតដល់១៤៤ពាន់លានដុល្លារ ដើម្បីឱ្យកូនធ្វើការងារមនុស្សធម៌

លោក វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) កំពូលមហាសេដ្ឋីអាម៉េរិក វ័យ៩៤ឆ្នាំ បានប្រកាសទុកទ្រព្យសម្បត្តិមានតម្លៃរហូតដល់១៤៤ពាន់លានដុល្លាររបស់…

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ប្តេជ្ញាបន្ដពង្រឹងខ្សែច្រវាក់ផលិតកម្មស្តង់ដារបច្ចេកវិទ្យាពិភពលោក និងកាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន

ការពង្រឹងលើខ្សែច្រវាក់ផលិតកម្មតាមស្តង់ដារបច្ចេកវិទ្យាលំដាប់ពិភពលោក និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានឲ្យនៅកម្រិតទាបបំផុត គឺជាកិច្ចខិតខំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ