ជាមោទនភាពថ្មីសម្រាប់ប្រទេសថៃ ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២៣លាននាក់ ខណៈទីក្រុងប៉ារីស នៃប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយភ្ញៀវទេសចរអន្តរជាតិជាង១៩លាននាក់ ចំណែកឯទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយភ្ញៀវទេសចរអន្តរជាតិជាង១៩នាក់។
ទន្ទឹមនេះ ទីក្រុងរបស់ថៃ ចំនួន២ទៀត គឺភូកេត បានជាប់ចំណាត់ថ្នាក់លេខ១៤ ជាមួយភ្ញៀវទេសចរអន្តរជាតិជិត១០លាននាក់ ហើយប៉ាត់តាយ៉ា ជាប់ចំណាត់ថ្នាក់លេខ១៥ ជាមួយភ្ញៀវទេសចរអន្តរជាតិជាង៩លាន៤សែននាក់។
ទីក្រុងបាងកក អាចរក្សាចំណាត់ថ្នាក់កំពូលរបស់ខ្លួនបានមួយឆ្នាំទៀត ក៏ដោយសារកត្តាជាច្រើនរួមមានទាំងភាពរស់រវើកនៃសកម្មភាពតាមដងផ្លូវ ជាពិសេសផ្សាររាត្រីច្រើនរាប់មិនអស់ ទីសក្ការបូជាផ្សេងៗរួមមានវត្តអារាមជាដើម ដែលមានការតុបតែងលម្អគួរឱ្យទាក់ទាញ និងចំណីអាហារសម្បូរបែបដ៏មានឱជារសផងដែរ។
ត្បិតតែភូកេត បានធ្លាក់ចំណាត់ថ្នាក់ពីលេខ១២មកនៅចំណាត់ថ្នាក់លេខ១៤ យ៉ាងណាក្ដី ក៏ទីក្រុងនេះទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីភ្ញៀវ ដែលបានទៅលេងនៅទីនោះចំពោះភាពសប្បាយរីករាយនៅតាមឆ្នេរខ្សាច់ និងកោះដ៏ស្រស់ត្រកាលជាច្រើន ដែលគ្របដណ្តប់ឧទ្យានជាតិចំនួនពីរ ដែលសុទ្ធតែជាចំណុចទាក់ទាញភ្ញៀវទេសចរ។
ចំណែកឯប៉ាត់តាយ៉ា ដែលជាប់ចំណាត់ថ្នាក់លេខ១៥ ទទួលបានការកោតសរសើរចំពោះភាពសប្បាយរីករាយនៅតាមឆ្នេរខ្សាច់ដែលមានសោភ័ណភាពស្រស់ស្អាត រមណីយដ្ឋានមាត់ឆ្នេរ និងកន្លែងសម្រាប់រៀបចំពិធីជប់លៀងដ៏គួរឱ្យទាក់ទាញផងដែរ៕
ដោយ៖ សុវិទ្យា ហោ