
លោក សិទ្ធីឆាន វុទ្ធីផនគុល (Sittichan Vuttipornkul) ទីប្រឹក្សាសមាគមភោជនីយដ្ឋាន បេនថាដថង កត់សម្គាល់ឃើញថា បច្ចុប្បន្នការចំណាយរបស់ពលរដ្ឋថៃ មានកំណើនយឺតជាងការចំណាយរបស់ភោជនីយដ្ឋានលើការទិញគ្រឿងផ្សំម្ហូបអាហារ និងថ្លៃជួលកន្លែងអគារ ដែលបានកើនឡើង៥% ជារៀងរាល់ឆ្នាំទៅទៀត។ យ៉ាងណាមិញការធ្លាក់ចុះការចំណាយ និងចំនួនភ្ញៀវទេសចរបរទេសជាពិសេសជនជាតិចិន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិករភោជនីយដ្ឋានភាគច្រើននៅទីក្រុងបាងកក។
លោក សិទ្ធីឆាន បាននិយាយថា អ្នកធ្វើដំណើរក្នុងស្រុកបានរឹតបន្តឹងការចំណាយរបស់ពួកគេលើការទទួលទានអាហារ ដែលនាំឱ្យការលក់នៅតាមភោជនីយដ្ឋានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ ដោយភោជនីយដ្ឋានមួយចំនួនធ្លាក់ចុះការលក់រហូតដល់៧០% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានបន្ថែមថា អត្រាបិទដំណើរការភោជនីយដ្ឋាននៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងទីក្រុងបាងកក មានចន្លោះពី២ទៅ៣%។ ទីប្រឹក្សាសមាគមរូបនេះបានបន្តថា ភោជនីយដ្ឋាននៅតាមផ្លូវបេនថាតថង ក៏បានជួបឧបសគ្គខ្លះៗដោយសារការរិះគន់របស់អ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ដោយពួកគេនិយាយថា ភោជនីយដ្ឋានទាំងនេះបានលក់ម្ហូបអាហារក្នុងតម្លៃថ្លៃពេក ទាំងដែលអាហារគ្មានរសជាតិ។
ទោះយ៉ាងណា សមាគមភោជនីយដ្ឋាននេះ ចង់លើកតំបន់នេះ ជាគោលដៅទេសចរណ៍កំពូលសម្រាប់អាហារតាមផ្លូវ និងបទពិសោធន៍នៃការរស់នៅ។ ដូច្នេះហើយសមាគមគ្រោងនឹងធ្វើសកម្មភាពកាន់តែច្រើនជាមួយនឹងអាជីវកម្មផ្សេងទៀត និងកំណត់គោលដៅភ្ញៀវទេសចរគ្រប់ វ័យទាំងអស់ ហើយក៏នឹងកំណត់តម្លៃម្ហូបអាហារប្រហែល២០០បាត ឬប្រមាណជាង៦ដុល្លារក្នុងមួយចានផងដែរ៕
ដោយ៖ សុខ មង្គល