រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់

រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ


ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនាចុងសប្ដាហ៍មុននេះ បានសម្រេចបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសហ្វាំងឡង់ហើយ ក្រោមហេតុផលថា ប្រទេសនេះមិនយល់ព្រមទូទាត់តម្លៃថាមពលឧស្ម័នជាប្រាក់រូប្លតាមការទាមទាររបស់ទីក្រុងម៉ូស្គូ ហើយវាក៏ជាផ្នែកមួយ ដើម្បីព្រមានទៅកាន់បណ្តាប្រទេសលោកខាងលិចផ្សេងៗទៀត ដែលរឹងទទឹងមិនរណបធ្វើតាមរុស្ស៊ី ជុំវិញរឿងជម្លោះការទូទាត់ថាមពលជាប្រាក់រូប្ល។
រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់

ការកាត់ផ្ដាច់ឧស្ម័នរុស្ស៊ី ទៅកាន់ហ្វាំងឡង់នេះទៀត គឺធ្វើឡើងក្រោយពេលដែល ប្រទេសហ្វាំងឡង់នេះ កំពុងដុតដៃដុតជើងខ្លាំងណាស់ក្នុងការឲ្យណាតូទទួលយកខ្លួនជាសមាជិកឲ្យបានឆាប់ ខណៈដែលទីក្រុងម៉ូស្គូចាត់ទុកការពង្រីកសមត្ថភាពយោធារបស់ណាតូ គឺជាការគំរាមកំហែងដល់សន្ដិសុខរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំជាច្រើន។

ក្រុមហ៊ុន Gazprom រុស្ស៊ីបានទាមទារឱ្យបណ្តាប្រទេសអ៊ឺរ៉ុបទាំងអស់បង់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនជាប្រាក់រូប្ល ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច ដែលបានដាក់លើទីក្រុងម៉ូស្គូយ៉ាងចាស់ដៃ ដោយសារការឈ្លានពានលើអ៊ុយក្រែន។

កាលពីថ្ងៃទី ២១ឧសភា ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេសហ្វាំងឡង់ហើយ ខណៈប្រទេសនេះបានបដិសេធមិនធ្វើតាមការទាមទាររបស់រុស្ស៊ីលើការទូទាត់ការទិញឧស្ម័នជាប្រាក់រូប្លដែលជារូបិយបណ្ណរបស់ខ្លួន។

ម៉្យាងវិញទៀត សេចក្តីប្រកាសរបស់ក្រុមហ៊ុន Gazprom រុស្ស៊ីបានកើតឡើង ស្របពេលដែលហ្វាំងឡង់កំពុងដាក់ពាក្យស្នើសុំចូលរួមជាសមាជិកជាមួយសម្ព័ន្ធមិត្តយោធាណាតូ ដែលបណ្តាលឲ្យរុស្ស៊ីឃ្នើសចិត្តជាខ្លាំង ហើយបញ្ហារសើបនេះ ក៏ជាផ្នែកមួយនៃការជំរុញឲ្យទីក្រុងម៉ូស្គូឈានដល់ការកាត់ផ្តាច់ឧស្ម័នពីប្រទេសនេះផងដែរ។

គួររំឭកថា កាលពីខែមុន ទីក្រុងម៉ូស្គូក៏បានកាត់ផ្តាច់ឧស្ម័នទៅប្រទេសប៊ុលហ្គារី និងប៉ូឡូញរួចហើយ បន្ទាប់ពីប្រទេសទាំងពីរនេះបានបដិសេធមិនគោរពតាមលក្ខខណ្ឌបង់ប្រាក់ថ្មីរបស់ខ្លួន។

ប្រតិបត្តិករប្រព័ន្ធហ្គាសហ្វាំងឡង់ Gasgrid Finland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២១ឧសភាថា ការនាំចូលឧស្ម័នតាមរយៈច្រកចូលអ៊ីម៉ាត្រា (Imatra) ត្រូវបានបញ្ឈប់ត្រឹមព្រឹកថ្ងៃទី ២១ឧសភា ខណៈច្រកនេះ គឺជាច្រកចូលតែមួយគត់សម្រាប់ឧស្ម័នរុស្ស៊ីចូលទៅក្នុងប្រទេសហ្វាំងឡង់។

គួរកត់សម្គាល់ថា ឧស្ម័នភាគច្រើនដែលប្រើប្រាស់នៅក្នុងប្រទេសហ្វាំងឡង់ គឺមកពីប្រទេសរុស្ស៊ី ប៉ុន្តែឧស្ម័នមានត្រឹមតែប្រហែល ៥% ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់សម្រាប់ថាមពលប្រចាំឆ្នាំក្នុងប្រទេសនេះ។

យ៉ាងណាមិញ ក្រុមហ៊ុនរដ្ឋ Gasum របស់ប្រទេសហ្វាំងឡង់ នឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់អតិថិជនរបស់ខ្លួនពីប្រភពនៃបំពង់ឧស្ម័ន Balticconnector ដោយបំពង់នេះ នឹងភ្ជាប់ហ្វាំងឡង់ទៅបណ្តាញឧស្ម័នរបស់អេស្តូនីដែលជាប្រទេសជិតខាង នៅគ្រាដែលឧស្ម័នរុស្ស៊ីត្រូវបានកាត់ផ្ដាច់។

គួរបញ្ចាក់ថា ប្រទេសហ្វាំងឡង់កាលពីថ្ងៃទី ២០ឧសភា បានអះអាងថា ខ្លួនបានចុះកិច្ចព្រមព្រៀងនូវនាវាផ្ទុកប្រេង និងកែច្នៃឡើងវិញ ពីក្រុមហ៊ុន Excelerate Energy ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីជួយជំនួសការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ដោយចាប់ផ្តើមនៅត្រីមាសទី ៤ ក្នុងឆ្នាំនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាណាដាហាមឃាត់សេវាកម្មបណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិន Huawei និង ZTE

ព័ត៌មាន
ប្រទេសកាណាដាបាននិយាយថា ខ្លួនគ្រោងនឹងហាមឃាត់បណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិនចំនួនពីរគឺ Huawei Technologies និង ZTE Corp ដោយមិនអនុញ្ញាត…

កិច្ចសហការថ្មីរវាង NHAM24 និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អតិថិជន

ព័ត៌មាន
ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ