
អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ហៅកាត់ថា ALC ជាអង្គការសិក្សា ស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ អង្គការនេះផ្តល់ការចញ្ចឹមបីបាច់ដោយភាពកក់ក្ដៅ និងឱកាសសិក្សាដល់កុមារជិត ៨០ នាក់ ក្នុងនោះមានកុមារកំព្រា និងជនងាយរងគ្រោះពីកន្លែងផ្សេងៗគ្នា។ ជាមួយនឹងបេសកកម្មរបស់អង្គការក្នុងការផ្តល់ឱកាសដល់ក្មេងដែលកំព្រា ពួកគេក៏ទទួលបានចំណេះដឹង និងជំនាញសម្រាប់អនាគតរបស់គេ អង្គការ ALC ផ្តល់នូវការគាំទ្រលើការសិក្សា កម្មវិធីណែនាំតម្រង់ទិស និងសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនទៀតដែលបង្កប់នូវអត្ថន័យអប់រំ។

ដោយទទួលស្គាល់ថាការងារដែលធ្វើឡើងដោយ ALC ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធនាគារ ប្រ៊ីដ បានចូលរួមការគាំទ្រពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមរបស់អង្គការ តាមរយៈការផ្គត់ផ្គង់សម្ភារៈសិក្សា អង្ករ សំលៀកបំពាក់ និងកង់។ ល។ ការផ្តល់ជូននេះ នឹងធ្វើឱ្យការគាំទ្រផ្នែកអប់រំដល់កុមារកាន់តែប្រសើរឡើងបន្ថែមទៀត និងធានាបាននូវសុខុមាលភាពទូទៅសម្រាប់កុមារដែលបានចុះឈ្មោះចូលរៀននៅអង្គការនេះ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់សម្ភារៈសិក្សា កង់ អង្ករ និងរបស់ប្រើប្រាស់ ផ្សេងទៀតដល់មជ្ឈមណ្ឌលសិក្សា ALC ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ពួកគេក្នុងការលើកស្ទួយជីវភាពកុមារក្រីក្រ ។ នៅធនាគារ ប្រ៊ីដ យើងជឿជាក់លើកម្លាំងនៃការអប់រំក្នុងការផ្លាស់ប្តូរជីវិតរបស់ក្មេងៗកំព្រា និងកសាងសហគមន៍របស់យើងឱ្យកាន់តែរឹងមាំដើម្បីរួមចំណែកដល់សង្គមប្រកបដោយសមធម៌។ "

លោក គង់ រតនៈ នាយកអង្គការ ALC បានសម្តែងថា ការបរិច្ចាគពីធនាគារ ប្រ៊ីដ ដល់អង្គការ ALC បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាលើទំនួលខុសត្រូវសង្គម និងសុខុមាលភាពសហគមន៍។ តាមរយៈការរួមកម្លាំងគ្នានេះ អង្គការទាំងពីរបានខិតខំបង្កើតឱកាសសម្រាប់កុមារដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ដែលអាចឱ្យពួកគេមានឱកាសសម្រេចបាននូវសក្តានុពលពេញលេញក្នុងជីវិត និងបន្តក្តីសុបិនរបស់ពួកគេ។ លោក រតនៈ បានបន្ថែមថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ប្រ៊ីដ និងបុគ្គលិកទាំងអស់សម្រាប់ការរួមចំណែកផ្តល់ជូនអំណោយក្នុងកម្មវិធីសប្បុរសធម៌នេះ។ ការបរិច្ចាកពីធនាគារ ប្រ៊ីដ ធ្វើឡើងក្នុងពេលវេលាដ៏សាកសមមួយ ខណៈដែលកូនៗរបស់យើងកំពុងត្រូវការសម្ភារៈសិក្សា។“





