ឆ្លើយតបនឹងសំណួររបស់សមាជិកសភាពាក់ព័ន្ធនឹងផលប៉ះពាល់នៃការខកខានសងបំណុលសាធារណៈរបស់សហរដ្ឋអាមេរិក លោក កាហ៊្សុអូ យូអ៊ីដា ទេសាភិបាលធនាគារកណ្ដាលជប៉ុន បានប្រាប់សភាជប៉ុននៅថ្ងៃសុក្រថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការចរចាសុំដំឡើងពិដានបំណុលអាមេរិកមែននោះ វាមានឱកាសមួយដែលនឹងបង្កឱ្យមានភាពចលាចលក្នុងទីផ្សារផ្សេងៗ និងប៉ះពាល់យ៉ាងខ្លាំងលើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើន។
លោក កាហ៊្សុអូ យូអ៊ីដា បានបន្ថែមថា ធនាគារកណ្តាលជប៉ុននឹងខិតខំរក្សាស្ថិរភាពទីផ្សារដោយផ្អែកលើការសន្យារបស់ខ្លួន ក្នុងការឆ្លើយតបដោយភាពបត់បែនជាមួយនឹងការតាមមើលការប្រែប្រួលផ្នែកសេដ្ឋកិច្ច តម្លៃ និងហិរញ្ញវត្ថុ។
ការអះអាងរបស់ទេសាភិបាលធនាគារកណ្ដាលជប៉ុនរូបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស និងទីប្រឹក្សាកំពូលផ្នែកសេដ្ឋកិច្ចរបស់សេតវិមាន លោកស្រី ឡាអែល ប្រេណាត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អលទ្ធភាពសងបំណុលសាធារណៈរបស់ប្រទេសនេះចំនួន ៣១,៤ ទ្រីលានដុល្លារ នឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។
នៅក្នុងសន្និសីទអនឡាញជាមួយសកម្មជនគណបក្សប្រជាធិបតេយ្យ លោកស្រី ហារីស និងលោកស្រី ប្រេណាដ បានជំរុញឱ្យពួកគេទាក់ទងសមាជិកសភា ដើម្បីបង្ហាញការប្រឆាំងនឹងការបណ្ដោយឱ្យរដ្ឋាភិបាលមិនមានលទ្ធភាពសងបំណុលសាធារណៈ ដែលនឹងមកដល់ក្នុងពេល ២ សប្តាហ៍ទៀតនេះ។
លោកស្រី ហារីស បានប្រើសន្និសីទនេះក្នុងគោលបំណងរក្សាការផ្តោតអារម្មណ៍ទៅលើអលទ្ធភាពសងបំណុលដែលខិតចូលកាន់តែកៀក ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវ ចំណាយពេលប៉ុន្មានថ្ងៃខាងមុខនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧។ លោកស្រី ហារីស បានសង្កត់ធ្ងន់ថា ការខកខានសងបំណុលអាចបង្កឱ្យមានឱនភាពសេដ្ឋកិច្ច។
មន្ត្រីសេតវិមានបាននិយាយថា ក្រុមអ្នកចរចាខាងរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានជួបប្រជុំគ្នាម្តងទៀតនៅអគារសភា កាពីតូល ដើម្បីពិភាក្សាអំពីការស្វែងរកជំហររួមទាក់ទងនឹងការដំឡើងកម្រិតបំណុលអតិបរមាដែលមានចំនួន ៣១,៤ ទ្រីលានដុល្លារ។ អ្នកចរចាត្រូវជួបគ្នាម្តងទៀតនៅថ្ងៃសុក្រ ទី ១៩ ខែឧសភានេះ៕