
លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ សុខភាពវិស័យធនាគាររបស់កម្ពុជា នៅតែរក្សាបាននូវភាពធន់ និងរឹងមាំ និងបន្តលូតលាស់ក្នុងល្បឿនយឺត។
ជាក់ស្តែង កំណើនឥណទានក្នុងវិស័យធនាគារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺកើនឡើងប្រមាណ ០,៥% ប៉ុណ្ណោះ ខណៈឥណទានមិនដំណើរការរបស់វិស័យនេះមានប្រមាណជាង៦% ស្របពេលដែលប្រាក់បញ្ញើអតិថិជនមានកំណើនគួរឱ្យកត់សម្គាល់ ដែលបានបង្ហាញពីការជឿទុកចិត្តមកលើប្រព័ន្ធធនាគារ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កំណើនយឺតនៃឥណទានក្នុងវិស័យធនាគារ វាស្របគ្នាជាមួយនឹងល្បឿនយឺតនៃកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល គួបផ្សំនឹងផលប៉ះពាល់នៃបរិបទពន្ធបដិការរបស់សហរដ្ឋអាម៉េរិក។
សម្រាប់លោក សុខ ចាន់ ប្រសិនបើតម្រូវការទីផ្សារមានការកើនឡើង លោកជឿជាក់ថា វិស័យធនាគារនៅឆ្នាំ២០២៥ នេះ ទំនងជាមានកំណើនល្អជាងឆ្នាំ២០២៤ ឬប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ ស្របពេលដែលទាំងធនាគារជាតិនៃកម្ពុជា សមាគម និងសមាជិករបស់ខ្លួនកំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គោលនយោបាយនានា ពង្រឹងការអប់រំអតិថិជន និងពង្រឹងការរីកចម្រើនប្រកបដោយគុណភាព និងបរិយាបន្ន។
លោកបានបន្ថែមថា ជាមួយនឹងភាពមិនប្រាកដប្រជានៃទីផ្សារ និងសេដ្ឋកិច្ចសកល ជំរុញឱ្យវិស័យធនាគាររបស់កម្ពុជា នៅឆ្នាំ២០២៥ ក៏មានជួបបញ្ហាប្រឈមមួយចំនួនដែរ ប៉ុន្តែទោះជាយ៉ាងណា វិស័យនេះនៅតែបន្តគាំទ្រដល់វិស័យសេដ្ឋកិច្ច ជាពិសេសការផ្តល់ឥណទានទៅដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យកម្មន្តសាល។
ស្រដៀងគ្នានេះ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅរយៈពេល៣ខែដើមឆ្នាំនេះ នៅតែរក្សាបានស្ថិរភាពល្អប្រសើរ ក្នុងនោះការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើនៅតែរក្សាបានកំណើន បើទោះបីជាឥណទានសងយឺតយ៉ាវមានការកើនឡើងក្តី។ តាមរយៈលទ្ធផលនេះ លោក កាំង តុងងី វាយតម្លៃថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅពេញមួយឆ្នាំ២០២៥ ទំនងជាមិនមានការប្រែប្រួលច្រើននោះទេ បើធៀបនឹងឆ្នាំមុន ពោលគឺវិស័យនេះនៅតែមានស្ថិរភាព និងរឹងមាំ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅតែរក្សាបានភាពធន់ និងរឹងមាំនៅដើមឆ្នាំ២០២៥នេះ តាមរយៈការជួយសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱ្យមានការរៀបចំឥណទានឡើងវិញ និងការកែសម្រួលអត្រាការប្រាក់មួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋជាដើម។ អ្វីដែលធ្វើឱ្យវិស័យធនាគារនៅកម្ពុជា នៅតែរក្សាបានភាពរឹងមាំនោះ ត្រូវបានអ្នកជំនាញរូបនេះបញ្ជាក់ថា គឺការរក្សាបានកំណើនខ្ពស់នៃប្រាក់បញ្ញើសន្សំនៅក្នុងវិស័យធនាគារ។
ស្របពេលវិស័យធនាគារនៅតែរក្សាបានភាពរឹងមាំលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ទទួលបានចំណូលសរុបជាង២២៧លានដុល្លារ កើនឡើងជាង៧% នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ជាមួយនឹងប្រាក់ចំពេញជាង៤២លានដុល្លារ កើនឡើងជាង៦០% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ កន្លងទៅ។
គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា ជឿជាក់ថា នៅឆ្នាំ២០២៥នេះ ប្រព័ន្ធធនាគារនៅកម្ពុជា នឹងបន្តរក្សាបានភាពរឹងមាំ និងដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថា នឹងកើនឡើងក្នុងអត្រាមធ្យម៦% ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់៕