ចិន- តៃវ៉ាន់-អាមេរិក

តើទណ្ឌកម្មដែលចិនទម្លាក់លើតៃវ៉ាន់ក្រោយដំណើរទស្សនកិច្ចលោកស្រី Nancy Pelosi ប៉ះពាល់ដល់សេដ្ឋកិច្ចតៃវ៉ាន់កម្រិតណាដែរ?


នៅអំឡុងមុន និងក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ គេសង្កេតឃើញថា រដ្ឋអំណាចចិនបានទម្លាក់ទណ្ឌកម្មមួយចំនួន ទៅលើសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កោះតៃវ៉ាន់។ តើទណ្ឌកម្មទាំងអស់នោះ អាចនឹងធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់តៃវ៉ាន់កម្រិតណាដែរ?
ទណ្ឌកម្មពាណិជ្ជកម្មរបស់ចិនលើតៃវ៉ាន់ជាចេតនានយោបាយឬយ៉ាងណា?

បើតាម​ទូរទស្សន៍CNBC ដែលបានសម្ភាសន៍​ក្រុមអ្នកវិភាគសេដ្ឋកិច្ចសំខាន់ៗ​មួយចំនួន បានឲ្យដឹងថា ការរាំងខ្ទប់ពាណិជ្ជកម្មថ្មីៗ ដែលជាទណ្ឌកម្មរបស់ទីក្រុងប៉េកាំងប្រឆាំងកោះតៃវ៉ាន់ ប៉ះពាល់ដល់ពាណិជ្ជកម្ម​របស់​កោះតៃវ៉ាន់ និងចិន​​ត្រឹមតែ​ប្រហែល ០,០៤%ប៉ុណ្ណោះ។ ក្រុមអ្នកជំនាញចាត់ទុកការដាក់ទណ្ឌកម្មនេះថា ជាចេតនា​នយោបាយសុទ្ធសាធ ជាជាងសំដៅប៉ះពាល់ដល់ផ្នែក​សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់។​

ទីក្រុងប៉េកាំងបានចាត់វិធានការប្រឆាំងនឹងតៃវ៉ាន់ភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះនេះកាលពីដើម​ខែសីហា និងបើទោះបីជាមានការព្រមានពីទីក្រុងប៉េកាំង នៅមុនការទៅដល់របស់មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះក៏ដោយ។ ទណ្ឌកម្មទាំងនោះ​រួម​មាន ​ការ​ផ្អាក​ការ​នាំ​ចូល ផលិតផលកសិកម្ម ស្បៀងអាហារ អាហារ​កក នំនែក និងបិទ​ការ​នាំ​ចេញ​ខ្សាច់​ធម្មជាតិ​ទៅ​តៃវ៉ាន់។

ទោះយ៉ាងណា បើយោងតាមតួលេខពីការិយាល័យពាណិជ្ជកម្មតៃវ៉ាន់​បានឱ្យដឹងថា ការនាំចេញរបស់តៃវ៉ាន់ទៅកាន់ចិនដីគោកមានតម្លៃ ១១៣ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយការនាំចូលពីប្រទេសចិនមកវិញ មានចំនួនប្រហែល ៨២ពាន់លានដុល្លារ។ ភាគច្រើននៃទំនិញដែលនាំចេញ​នាំចូល​រវាងភាគីទាំងពីរ គឺគ្រឿងម៉ាស៊ីនអគ្គិសនី គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា ហើយជាក់ស្តែងទំនិញទាំងនេះ មិនត្រូវបានប៉េកាំង​ដាក់បញ្ចូល​ក្នុងបញ្ជីបិទខ្ទប់​ការនាំចូលពីតៃវ៉ាន់សូម្បីតែមួយឡើយ។

ហេតុអ្វីទណ្ឌកម្មពាណិជ្ជកម្មរបស់ចិនលើតៃវ៉ាន់​ជាចេតនានយោបាយ មិនមែនសេដ្ឋកិច្ច?

បើនិយាយអំពីការនាំចូល​របស់តៃវ៉ាន់​ពីចិនដីគោកវិញ ជាងពាក់កណ្តាលនៃទឹកប្រាក់ទាំង ៨២ ពាន់លានដុល្លារនោះ គឺជាគ្រឿងម៉ាស៊ីន​អគ្គិសនី គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា ព្រមទាំងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរផងដែរ។ ដូចគ្នានេះ ចំពោះ​ការ​នាំ​ចេញ​របស់​តៃវ៉ាន់​ទៅ​កាន់​ប្រទេស​ចិនវិញ មាន៦៥%នៃ​ទំនិញ​ទាំងអស់ ​ជា​ទំនិញ​ស្រដៀង​គ្នា​នឹងទំនិញ​ដែលតៃវ៉ាន់​នាំចូលពីចិន ក្នុងនោះរួមមាន​គ្រឿង​ម៉ាស៊ីន​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ផ្នែក​បច្ចេកវិទ្យា។

ម្យ៉ាងវិញទៀត សម្រាប់ទំនិញដែលចិនបានដាក់ក្នុងបញ្ជីរាំងខ្ទប់​ការនាំចូល គឺសុទ្ធសឹងតែស្ថិតក្នុងទំហំតិចតួច ហើយទំនិញខ្លះទៀត​មិនមែនជាមុខទំនិញ​សំខាន់ៗឡើយ ពោលគឺទំហំដោះដូរ​មានតិចតួចពីដើមមកស្រាប់។ ជាក់ស្តែង ការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងបានកំណត់គោលដៅទណ្ឌកម្មគឺមានតម្លៃតែ៣,៥ លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មតៃវ៉ាន់។

ស្រដៀងគ្នានេះដែរ ទិន្នន័យពាណិជ្ជកម្ម​របស់តៃវ៉ាន់បានបង្ហាញទៀតថា ការនាំចេញផ្លែក្រូចឆ្មារពីតៃវ៉ាន់ទៅចិន មានតម្លៃទាបបំផុតគឺត្រឹម ១០លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន ទោះបីជាចិនដីគោកជាអ្នកទិញក្រូចឆ្មារដ៏ធំបំផុត​របស់តៃវ៉ាន់ក៏ដោយ។ ទំនិញគោលដៅទណ្ឌកម្មផ្សេងទៀតដូចជាការនាំចេញនំបុ័ង នំខេក និងនំនែកផ្សេងៗទៀត​របស់តៃវ៉ាន់ទៅកាន់ប្រទេសចិនដីគោក​មានតម្លៃសរុបត្រឹមតែជាង ៥០លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ២០២១។

សូមជម្រាបថា​ ការផ្អាកការនាំចូលទំនិញ​មួយចំនួនរបស់ទីក្រុងប៉េកាំងប្រឆាំង​នឹងតៃវ៉ាន់មិនមែនជារឿងថ្មីនោះទេ។ គេនៅចាំបានភាព​តានតឹង​រវាង​អ្នក​ទាំង​ពីរកាល​ពី​ឆ្នាំ​មុន ​បាន​នាំ​ឱ្យ​មាន​ការ​ហាមប្រាម​អ្នក​ធ្វើ​ដំណើរពីចិន​​ដីគោក​ទៅកោះ​តៃវ៉ាន់ ហើយកាលពីឆ្នាំមុន ប្រទេសចិនក៏បានផ្អាកការនាំចូល​ម្នាស់​របស់តៃវ៉ាន់ផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ផ្តល់ការបណ្តុះបណ្តាលអំពីសារសំខាន់នៃការកាត់បន្ថយថង់ប្លាស្ទិក

ក្រុមហ៊ុន Smart Axiata បានធ្វើដំណើរទៅកាន់ខេត្តសៀមរាបសម្រាប់សកម្មភាពអប់រំបរិស្ថានរួមជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដើម្បីល…

ហ្វីលីពីនព្យាយាមទារប្រាក់កក់ពីរុស្ស៊ីមកវិញ បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រតម្លៃជាង៣២០លានដុល្លារ

ប្រទេសហ្វីលីពីនបានព្យាយាមទារលុយកក់ជិត៥០លានដុល្លារ ពីរុស្ស៊ីមកវិញ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ កំពុងដំណើរការនៃការលុបចោលកិច្ចព្រមព្រៀងទិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ