ជាក់ស្ដែង ធនាគារ ជីប ម៉ុង ដែលជាធនាគារពាណិជ្ជក្នុងស្រុកវិនិយោគដោយកូនខ្មែរ១០០% បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់ទៅ ១៣៥លានដុល្លារអាមេរិកហើយ គិតមកទល់ពេលនេះ បើទោះបីជា ធនាគារមួយនេះ ទើបតែបានឈរជើងលើទីផ្សារត្រឹមតែជាង ៤ឆ្នាំក៏ដោយ។
យោងតាមធនាគារជាតិនៃកម្ពុជា ដើមទុនចុះបញ្ជីអប្បបរមាសម្រាប់ការបង្កើតធនាគារពាណិជ្ជក្នុងស្រុក ឬជាបុត្រសម្ព័ន្ធធនាគារបរទេស ត្រូវបានកំណត់ត្រឹម ៣០០ពាន់លានរៀល ឬស្មើនឹងប្រមាណជិត ៧៥លានដុល្លារអាមេរិក។
ថ្នាក់ដឹកនាំធនាគារជីប ម៉ុង ធ្លាប់បានអះអាងថា ការបង្កើនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់របស់ធនាគារនេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជីប ម៉ុង ដើម្បីផ្ដល់នូវទំនុកចិត្តដល់អតិថិជន។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញពីភាពចាស់ទុំរបស់ធនាគារនេះ ដោយដើរលើមាគ៌ាធុរកិច្ច ដែលប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់។
ការបង្កើនដើមទុនរបស់គ្រឹះស្ថានធនាគារនេះទៀតសោត ក៏បង្ហាញឲ្យឃើញអំពីភាពរឹងមាំនៃវិស័យធនាគារ និងហិរញ្ញវត្ថុជារួម និងភាពជឿជាក់របស់វិនិយោគិនមកលើការលូតលាស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រោមការគ្រប់គ្រងយ៉ាងត្រឹមត្រូវពីសំណាក់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាគោលនយោបាយគាំទ្រលើវិស័យឯកជនរបស់រាជរដ្ឋាភិបាល។
ជាមួយនឹងភាពជឿជាក់របស់អតិថិជន និងការលូតលាស់នៃកំណើនសេដ្ឋកិច្ច បានធ្វើឲ្យធនាគារ ជីប ម៉ុង ដែលទើបតែឈរជើងមិនដល់កន្លះទសវត្សរ៍ផងនោះ មានការពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ ធនាគារនេះ មានទ្រព្យសកម្មដល់ទៅជាង ១ពាន់៣រយលានដុល្លារអាមេរិក ដោយឥណទានកើនដល់ ៧៧២លានដុល្លារអាមេរិក និងប្រាក់បញ្ញើប្រាក់បញ្ញើកើនឡើងដល់ ១ពាន់១រយលានដុល្លារអាមេរិក ជាមួយសាខាសរុបចំនួន ១៥សាខានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
របាយការណ៍ពីធនាគារជាតិបង្ហាញថា គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជសរុបចំនួន ៥៩ , ធនាគារឯកទេសចំនួន ៩ និងមីក្រូហិរញ្ញវត្ថុមានចំនួន ៨៧។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើនជិត១០% ដល់ប្រមាណជាង ៨២ពាន់លានដុល្លារអាមេរិក ក្នុងនោះវិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% នៃទ្រព្យសកម្មសរុប៕