វិនិយោគទុន

ទីសត្តឃាត​គោ​អូស្ត្រាលី​លំដាប់​អន្តរជាតិ​តែ​មួយ​គត់នៅ​កម្ពុជា​ប្រឈម​នឹង​ការ​ក្ស័យ​ធន


ទីពិឃាត​គោ​អូស្រ្តាលី​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​​នេះ ឥឡូវ​កំពុង​ជួប​បញ្ហា​​មួយ​ចំនួន ដែល​នឹង​ឈាន​ទៅ​រក​ភាព​ក្ស័យធន។
ក្រុមហ៊ុន​ទីសត្តឃាត​គោ​អូស្ត្រាលី SLN Meat Supplies Pty Ltd. ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
ដោយ

ក្រុមហ៊ុន​វិនិយោគ​លើ​ទីសត្តឃាត​ខ្នាត​អន្តរជាតិ​មួយ​នេះ កំពុង​ប្រឈម​ រួមមាន ​កង្វះ​កិច្ច​សហការ​​ពេញ​លេញ​ពី​​បណ្តា​​ក្រសួង​ពាក់ព័ន្ធ ការ​​ពុំ​មាន​ការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​គោលដៅ​ដែល​ត្រូវ​នាំចេញ​ ដោយសារ​ពុំ​មាន​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អនាម័យ​និង​ភូតគាម​អនាម័យ​នៃ​បណ្តា​ប្រទេស​ទាំង​នោះ ដែល​ពេល​នេះ​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់។

នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​​និង​​ថ្នាក់​ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។

តាមរយៈ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុមហ៊ុន​មាន​ភាព​ប្រឈម​ច្រើន ប្រសិន​បើ​ពុំ​មាន​ការ​ដោះស្រាយ​បាន​ទាន់​ពេល​វេលា​នោះ​ទេ គឺ​រោងចក្រ​នេះ​នឹង​អាច​ឈាន​ទៅ​បិទ​ទ្វារ​រោងចក្រ និង​បញ្ឈប់​កម្មករ​រាប់​រយ​នាក់ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម (រូប​ខាង​ស្ដាំ) ទស្សនកិច្ច​ទីសត្តឃាត​ SLN នៅ​ខេត្ត​ព្រះសីហនុ នាថ្ងៃ​ទី២៣ មីនា ២០១៧។ (រូបភាព៖ ក្រសួង​កសិកម្ម)

ក្រុមហ៊ុន​នេះ បាន​បោះទុន​វិនិយោគ​ក្នុង​ជំហាន​ទី​១ ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក​ដោយ​បាន​ចាប់​ដៃគូ​ដ៏​ធំ​មួយ​របស់​ប្រទេស​អូស្ត្រាលី គឺ​ក្រុមហ៊ុន Frontier International Agri តំណាង​ដោយ​លោក Tony Gooden ដើម្បី​នាំ​គោ​រស់​ដោយ​ផ្ទាល់​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​បំពាក់​បច្ចេកវិទ្យា​ទំនើប។

នៅ​ទី​សត្តឃាត​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​នេះ បាន​ធ្វើការ​វិនិយោគ​សាងសង់​រោងចក្រ​និង​ខ្សែ​សង្វាក់​ផលិតកម្ម​ចំនួន​៣ នៅ​លើ​ផ្ទៃ​ដី ១០០​ហិកតារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​នេះ ទើប​តែ​បាន​នាំ​ចូល​គោ​ពី​ប្រទេស​អូស្ត្រាលី ១​កប៉ាល់ ជា​លើក​ដំបូង​ចំនួន ២៧៦១​ក្បាល។

លោក ហោ ស៊ីមលាង អគ្គនាយក​ក្រុមហ៊ុន SLN Meat Supply PTY Ltd ធ្លាប់​បា្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា នៅ​ពេល​ខ្សែ​សង្វាក់​ផលិតកម្ម​ទាំង​បី​ដំណើរការ​ពេញ​លេញ រោងចក្រ​មាន​សមត្ថភាព​កាប់ ឬ ពិឃាត​គោ​យក​សាច់​ផ្គត់ផ្គង់​ចំនួន ៣​ពាន់​ក្បាល។

គោ​ទាំង​នេះ​នាំ​ចូល​រស់​ពី​ប្រទេស​អូស្ត្រាលី។ (រូបភាព៖ ក្រសួងកសិកម្ម​)

លោក​អគ្គនាយក​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា តាម​ផែនការ​នៅ​ក្នុង​ជំហាន​ទី​២ ក្រុមហ៊ុន​នឹង​បន្ថែម​ទឹក​ប្រាក់​វិនិយោគ​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​ចិញ្ចឹម​និង​ថែ​បំប៉ន​គោ​ដែល​នាំ​មក​ពី​ប្រទេស​អូស្ត្រាលី។ បន្ថែម​លើស​នេះ ក្រុមហ៊ុន​នឹង​វិនិយោគ​រោងចក្រ​ផលិត​ជី​ធម្មជាតិ ដែល​ផលិត​ចេញ​ពី​កាក​សំណល់​គោ ដែល​មាន​ដូចជា លាមក​និង​ឆ្អឹង​គោ​ដើម្បី​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​កម្ពុជា ដែល​កំពុង​មាន​តម្រូវការ​ជា​ចាំបាច់។

សូម​ជម្រាប​ផង​ដែរ​ថា កាល​ពី​ការ​ចាប់​ផ្តើម​ដំណើរការ​ជំហាន​ដំបូង​នេះ ក្រុមហ៊ុន​បាន​ធ្វើការ​ពិឃាតគោ ១០០​ក្បាល​ក្នុង​១​ថ្ងៃ ដែល​ស្មើ​នឹង​សាច់​ស្រស់​ប្រមាណ ៥០​តោន ដើម្បី​ធ្វើការ​ចែកចាយ​និង​ផ្គត់ផ្គង់​សាច់​សម្រាប់​តែ​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​ចិន​តែ​ប៉ុណ្ណោះ។ ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី ៥​ដុល្លារ ១០​ដុល្លារ​ក្នុង​១​គីឡូក្រាម ទៅ​តាម​ប្រភេទ​សាច់។

បច្ចុបុ្បន្ន​នេះ ទីសត្តឃាត​គោ​អូស្ត្រាលី​ដ៏​ធំ​នៅ​កម្ពុជា​មួយ​នេះ បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ចំនួន ៤៧០​នាក់ ហើយ​ក្រុមហ៊ុន​នឹង​បង្កើន​ដល់ ៨០០ ទៅ​ជាង ១០០០​នាក់ នៅ​ពេល​ផលិតកម្ម​ដំណើរការ​ពេញ។

ប៉ុន្តែ គួរ​ឲ្យ​ស្តាយ​ណាស់ បើ​សិន​ជា​រោងចក្រ​ពិឃាត​គោ​អូស្ត្រាលី​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​នេះ​បិទទ្វារ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក កម្មករ​រាប់​រយ​នាក់ ហើយ​ធ្វើ​ឲ្យ​មាន​រូបភាព​មិន​ល្អ​នៅ​ក្នុង​ប្រទេស  ពិសេស កម្ពុជា​បាត់បង់​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​អាមេរិក​ពី​ការ​បង់​ពន្ធ​ចូល​ជាតិ​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​សហការ​ពេញ​លេញ​ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់៕




អត្ថបទបន្ទាប់


សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ៖ ពិដាន​អត្រា​ការប្រាក់​កម្ចី​​១៨%​អត់​បញ្ហា​ទេ!

គ្មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ណា​មួយ​ក្ស័យ​ធន ឬ​ក៏​បិទ​ទ្វារ​អាជីវកម្ម​ដូច​ដែល​បាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាល​…

ឧកញ៉ា នួន រិទ្ធី៖ មូលហេតុ​សំខាន់​បី ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ប្រើ​សេវាកម្ម cambonomist.com

ក្រុមហ៊ុន​ខ្មែរ​ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​និង​អភិវឌ្ឍ​អចល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ