Advertisement
ហេតុ​អ្វី​នាំ​ត្រីចូល?

កម្ពុជា​ចំណាយ​រាប់​សិប​លាន​ដុល្លារ​​មួយ​ឆ្នាំៗ នាំ​ត្រី​ចូល​ពី​វៀតណាម​និង​​ថៃ


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​តី្រ​សាច់​ប្រមាណ ៧៤០​ពាន់​តោន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ កម្ពុជា​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​នាំចូល​ត្រី​សាច់​មក​ពី​ប្រទេស​ជិត​ខាង ដូចជា វៀតណាម​និង​ថៃ។
មួយឆ្នាំៗ ខ្មែរ​នាំ​ត្រី​ចូល​ពី​វៀតណាម និង​ថៃ គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៤០​លានដុល្លារ

ការ​នាំចូល​ត្រី​ពី​ក្រៅ​ប្រទេស​ច្រើន​នេះ គឺ​ដោយសារ​តែ​ត្រី​ធម្មជាតិ​និង​ការ​ចិញ្ចឹម​ត្រី​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក​មិន​ទាន់​គ្រប់​ចំនួន​តម្រូវការ​នៅ​ឡើយ។ 

ប្រទេស​កម្ពុជា​មាន​ទន្លេ​មេគង្គ មាន​បឹង​ទន្លេ​សាប​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​បំផុត​នៅ​អាស៊ី ដែល​បឹង​នេះ​ជា​ជម្រក​ត្រី​ដ៏​ធំ​អស្ចារ្យ​សម្រាប់​ចិញ្ចឹម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។ តើ​ហេតុ​អ្វី​បាន​ជា​ត្រី​ធម្មជាតិ​កម្ពុជា​មិនគ្រប់​គ្រាន់​បំពេញ​តម្រូវការ​ក្នុង​ស្រុក?

ត្រង់ចំណុច​នេះ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ (CPS) និង​ជា​អ្នកសេដ្ឋកិច្ច​​ដ៏​មាន​ពិសោធន៍​មួយ​រូប​នៅ​កម្ពុជា ទំនង​ជា​បន្ទោស​បញ្ហា​ខ្វះ​ត្រី​ផ្គត់ផ្គង់​​ក្នុង​ស្រុក​នេះ ទៅ​លើ​ការហូរចេញ​នូវ​ត្រី​ធម្មជាតិ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជិត​ខាង។ 

លោក ច័ន្ទ​ សុផល បាន​សរសេរ​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​លោក៖ «ថៃ​​ហូប​​ត្រី​​រ៉ស់​​ធម្មជាតិ​​ពី​​បឹង​​ខ្មែរ​ ខ្មែរ​​ហូប​​ត្រី​​ចិញ្ចឹម​​ពី​​វៀតណាម​»។ លោក ច័ន្ទ សុផល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ៖ «ខ្ញុំ​​ចង់​​ឲ្យ​រដ្ឋាភិបាល​​ខ្មែរ​​យក​​ពន្ធ​​ខ្ពស់​ លើ​ការ​​នាំ​​ត្រី​​ចេញ​ទៅ​ប្រទេស​​​ថៃ​ ដើម្បី​​ឲ្យ​ត្រី​​ទាំង​​នោះ​ ត្រូវ​​បង្វិល​​ចូល​​មក​​លក់​​ក្នុង​ស្រុក​ខ្មែរ​ ហើយ​ខ្មែរ​អាច​បរិភោគត្រីបឹង​ធម្មជាតិ​ទាំងនោះ​ បាន​ច្រើន​ជាងមុនក្នុង​ថ្លៃ​ទាប​ជាង​មុន»​។

ថៃ​​ហូប​​ត្រី​​រ៉ស់​​ធម្មជាតិ​​ពី​​បឹង​​ខ្មែរ​ ខ្មែរ​​ហូប​​ត្រី​​ចិញ្ចឹម​​ពី​​វៀតណាម
— ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ

វិស័យ​កសិកម្ម បសុសត្វ និង​វារី​វប្បកម្ម បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ប្រភព​ចំណូល​ជាង ៧០​ភាគរយ ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ស្មើនឹង ៣០​ភាគ​រយ នៃ​ផលទុន​ជាតិ​សរុប។ 

ប៉ុន្តែ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ក្នុង​ការ​នាំ​ចូល​ផលិត​ផល​កសិកម្ម​មក​ពី​បរទេស​ទៅ​វិញ។ ជាក់ស្តែង ក្នុង​១​ឆ្នាំៗ កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ ដើម្បី​នាំ​ចូល​ត្រី​មក​ពី​ប្រទេស​ជិត​ខាង។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា មនុស្ស​ម្នាក់ៗ​ក្នុង​១​ឆ្នាំ បរិភោគ​សាច់​ត្រី ៦៣​គីឡូក្រាម អង្ករ ១៤៣​គីឡូក្រាម និង​បន្លែ ៥២​គីឡូក្រាម។

ការបន្ត​នាំ​ចូល​ត្រី​មក​ពី​បរទេស​នេះ បង្កការ​ខាត​បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន។ ដូច្នេះ បើ​តាម​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​អះអាង​ថា អ្វីជា​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ គឺ​ទាក់ទាញ​វិនិយោគ​ពី​បរទេស ដោយត្រូវ​ប្រែក្លាយ​ការ​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ ទៅ​ជា​លក្ខណៈ​ធ្វើ​ជំនួញ​វិញ។ ធ្វើ​បែប​នេះ ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូល​ត្រី​ពីប្រទេស​ជិត​ខាង។ ម្យ៉ាង​វិញ​ទៀត ​ភាគ​ច្រើន​​នៃ​​ទំនិញ​​កសិផល​នាំចូល​មួយ​ចំនួន​ធំ ជាទំនិញ​ខុស​ស្តង់ដារ និង​ខូច​គុណភាព ទៀត​ផង៕




អត្ថបទបន្ទាប់


ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​​​ច្រើន ជា​រឿង​ល្អ ឬ​អាក្រក់?

ព័ត៌មាន
បើ​យើង​និយាយ​​ពី​​ជាង​​២០​ឆ្នាំ​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ការ​ខ្មាស​អៀន​នឹង​ការ​ខ្ចី​បុល ខ្ចី​លុយ​កាក់ ឬ​ចងការ​ប្រាក់​ពី​...

នៅ​កម្ពុជា ការនិយម​ប្រើ​រថយន្ត​ប្រណីតៗ​​កំពុង​កើនឡើង

ព័ត៌មាន
តម្រូវការប្រើប្រាស់រថយន្តទំនើបៗ ប្រណីតៗហាក់បីដូចជា​មាន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ