ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានជំរុញឱ្យប្រទេសហូឡង់កុំរារាំងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងឧស្សាហកម្មបន្ទះគ្រឿងចម្លងអគ្គិសនីទំនើប និងកុំត្រួតត្រាលើការការនាំចេញដោយបំពាន។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង ជាការឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយដែលបានសុំអត្ថាធិប្បាយអំពីវិធានការរបស់ប្រទេសហូឡង់ទាក់ទងនឹងឧស្សាហកម្មគ្រឿងកុំព្យូទ័រ។ ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយថា ប្រទេសទាំងពីរបានប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ និងនៅកម្រិតផ្សេងៗគ្នា លើប្រធានបទនេះ។
សូមរម្លឹកថា កាលពីថ្ងៃសុក្រ រដ្ឋាភិបាលហូឡង់បានប្រកាសពីការរឹតបន្តឹងថ្មីលើការនាំចេញឧបករណ៍មួយចំនួនដែលប្រើសម្រាប់ផលិតបន្ទះគ្រឿងអេឡិចត្រូនិកទំនើប។ ការសម្រេចនេះបានបង្កើនឥទ្ធិពលរបស់វិធានការរឹតត្បិតនាំមុខដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់បរិក្ខារបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិន ក្រោមហេតុផលថាប្រទេសចិនអាចប្រើបរិក្ខារទំនើបទាំងនោះក្នុងការពង្រឹងអំណាចយោធា។
បទប្បញ្ញត្តិថ្មីរបស់ប្រទេសហូឡង់ នឹងចូលជាធរមាននៅក្នុងខែកញ្ញា បានតម្រូវឱ្យមានអាជ្ញាប័ណ្ណសម្រាប់ការនាំចេញផលិតផលទំនើបៗលំដាប់ទីពីររបស់ក្រុមហ៊ុន ASML ពោលគឺឧបករណ៍ធ្វើបន្ទះគ្រឿងចម្លងចរន្តអគ្គិសនីប្រភេទ DUV (Deep Ultra Violet)។ កន្លងទៅ ម៉ាស៊ីនទំនើបបំផុតលំដាប់ទី១របស់ក្រុមហ៊ុន ASML ពោលគឺម៉ាស៊ីនប្រភេទ EUV (Extreme Ultraviolet) ត្រូវបានរឹតត្បិតរួចហើយ ហើយមិនដែលត្រូវបានដឹកជញ្ជូនទៅប្រទេសចិនទេ។
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមលោក ក្រៅពីសេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនដូចខាងលើ សភាចិនក៏បានអនុម័តច្បាប់ថ្មីមួយស្ដីពីទំនាក់ទំនងការបរទេស ដែលចូលជាធរមាននៅថ្ងៃទី ០១ ខែកក្កដា។ ច្បាប់នេះមានបទបញ្ញត្តិនានាដែលអនុញ្ញាតឱ្យប្រទេសចិនចាត់វិធានការឆ្លើយតបទៅនឹងអ្វីដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព សន្តិសុខជាតិ និងការរីកចម្រើនរបស់ចិន ជាពិសេសទប់ទល់នឹងទណ្ឌកម្ម និងដាក់ទណ្ឌកម្មតបវិញ ចំពោះសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។
លើសពីនោះ ច្បាប់ស្ដីពីទំនាក់ទំនងការបរទេសក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះការបើកចំហរកម្រិតខ្ពស់ រួមទាំងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងការលើកស្ទួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីផងដែរ៕
ប្រែសម្រួលដោយ៖ ឯម មាឃ