អ្នកជំនាញរំពឹង ការនាំចេញផលិតផលវាយនភណ្ឌកម្ពុជានៅចុងឆ្នាំនេះនឹងប្រសើរឡើងវិញ!

តើការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេររបស់កម្ពុជានៅឆមាសទី២ អាចនឹងស្ទុះងើបឡើងមកវិញ ឬក៏បន្ដដាំក្បាលចុះ?


គិតក្នុងរយៈពេល ៦ខែដំបូងនៅឆ្នាំនេះ ស្ថានភាពនៃការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើររបស់កម្ពុជា ហាក់មិនទាន់បង្ហាញពីសញ្ញាស្ទុះងើបឡើងគួរឲ្យកត់សម្គាល់នោះទេ។ ទោះយ៉ាងណា សម្រាប់ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងវិស័យវាយនភណ្ឌកាត់ដេរកម្ពុជា នៅតែបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះទីផ្សារការនាំចេញផលិតផលនេះ ទៅកាន់ទីផ្សារអន្តរជាតិនៅចុងឆមាសទី២ ឆ្នាំ២០២៣នេះ។
តើការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេររបស់កម្ពុជានៅឆមាសទី២ អាចនឹងស្ទុះងើបឡើងមកវិញ ឬក៏បន្ដដាំក្បាលចុះ?

ការរំពឹងយ៉ាងដូច្នេះ ក្រោយក្រុមអ្នកជំនាញសង្កេតឃើញថា សកម្មភាពវិនិយោគនៅក្នុងវិស័យ ដែលជាជន្ទល់សេដ្ឋកិច្ចមួយនេះ នៅតែបន្ដមានជាហូរហែនៅរយៈពេលកន្លងមកនេះ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពនៃការនាំចេញទំនិញនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហាក់មានការធ្លាក់ចុះនៅប៉ុន្មានខែចុងក្រោយក្នុងឆមាសទី១ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នា២០២២។ យ៉ាងណាក៏ដោយចុះ នៅរយៈពេល៦ខែតទៅមុខទៀត ពោលគឺនៅចុងឆ្នាំ២០២៣នេះ អ្នកជំនាញរូបនេះ បានបង្ហាញនូវក្តីរំពឹងខ្ពស់ និងជឿជាក់ថា ស្ថានភាពនៃការបញ្ជាទិញទំនិញនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា នឹងមានកំណើនវិជ្ជមានល្អប្រសើរត្រលប់មកវិញ។ ការជឿជាក់បែបនេះ ក៏ដោយសារ អ្នកឧកញ៉ា មើលឃើញថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ កំណើននៃសកម្មភាពវិនិយោគថ្មីៗនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ដែលកត្តានេះហើយ កាន់តែបង្ហាញសញ្ញាណវិជ្ជមានសម្រាប់ការផលិត និងនាំចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ដោយឡែក បើតាមការអះអាងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ស្ថានភាពនៃការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរកម្ពុជានៅឆមាសទី២ឆ្នាំនេះ នៅតែមិនមានភាពច្បាស់លាស់នៅឡើយទេ ដោយសារបញ្ហាសេដ្ឋកិច្ចសកលនៅតែបន្តកើតមាននាពេលបច្ចុប្បន្ននេះ។

ទោះយ៉ាងណា លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច មកពីរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះទីផ្សារការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ នឹងមានភាពល្អប្រសើរឡើងវិញ។ លោកបណ្ឌិត ហុង វណ្ណៈ អះអាងថា បើទោះបីជាផលិតផលវាយនភណ្ឌកាត់ដេរនេះ មិនមែនជាទំនិញចាំបាច់ខ្លាំង ដូចជាស្បៀងអាហារក៏ពិតមែន ប៉ុន្តែផលិតផលទាំងនេះ ក៏ជាផលិតផលដែលមានតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃដែរ ដែលតម្រូវឱ្យមានការបញ្ជាទិញបន្ថែម។ មួយវិញទៀត សម្រាប់តម្លៃ និងគុណភាពផលិតផលទំនិញរបស់កម្ពុជា ក៏មានភាពសមស្របអាចទទួលយកបាន ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន ដូចនេះការបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជាអាចនឹងមានការកើនឡើងផងដែរ។ ជាងនេះទៅទៀត កម្ពុជាក៏មានទំនាក់ទំនងល្អជាមួយប្រទេស ដែលជាដៃគូបញ្ជាទិញផងដែរ ជាក់ស្តែងដូចជាបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប និងអាមេរិកជាដើម។

សូមជម្រាបថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងសម្រេចបានជាង ៣ពាន់៣រយលានដុល្លារ ធ្លាក់ជាង ១ពាន់លានដុល្លារ ស្មើនឹង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃជាង ៤ពាន់៣រយលានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


អ្នកជំនាញជឿថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញលឿន បើបញ្ហាពិភពលោកធំៗពីរត្រូវបានដោះស្រាយ

ព័ត៌មាន
មកទល់ពេលនេះបញ្ហាសេដ្ឋកិច្ចពិភពលោកមិនទាន់មានសញ្ហាណាមួយបង្ហាញថា អាចវិលមកស្ថានភាពល្អប្រសើរដូចមិនទាន់មានជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយ…

ប្រទេសចិនស្នើឱ្យប្រទេសហូឡង់កុំប្រើវិធានការរឹតត្បិតការនាំចេញដោយបំពាន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យប្រទេសហូឡង់កុំរារាំងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងឧស្សាហកម្មបន្ទះគ្រឿងចម្លងអគ្គិសនីទំនើប និងកុំត្រួតត្រាលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ