
កំពូលមហាសេដ្ឋី បៀល ហ្គេត ស្ថាបនិកក្រុមហ៊ុន Microsoft បានខ្ទាតចេញពីតំណែងកំពូលអ្នកមានទាំង១០របស់សហរដ្ឋអាម៉េរិក ដោយធ្លាក់មកនៅត្រឹមលេខរៀងទី១៤ ជាមួយទ្រព្យសម្បត្តិសរុប១០៧ពាន់លានដុល្លារ បន្ទាប់ពីបានគ្រងតំណែងនេះ តាំងពីឆ្នាំ១៩៩១ មក។ មហាសេដ្ឋីវ័យ៦៩ឆ្នាំរូបនេះ បានអង្គុយកៅអីលេខ១ ឬលេខ២ នៅក្នុងបញ្ជីបុរសអ្នកមានបំផុតនៅអាម៉េរិកទាំង៤០០នាក់របស់ទស្សនាវដ្តី Forbes អស់រយៈពេលជិត៣ទសវត្សរ៍។ ក្រោយមកនៅឆ្នាំ២០០១ លោកបានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ ដោយសារតែការលែងលះជាមួយនឹងភរិយាដើមរបស់លោកបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល២៧ឆ្នាំ មុនលោកធ្លាក់មកនៅលេខរៀងទី៩ នៅឆ្នាំ២០២៤។
លោក បៀល ហ្គេត បានកសាងកេរ្តិ៍ឈ្មោះក្លាយជាមហាសេដ្ឋីអាម៉េរិក១រូបនៅឆ្នាំ១៩៨៧ នៅអាយុ៣១ ឆ្នាំជាមួយនឹងទ្រព្យសម្បត្តិលើស១ពាន់លានដុល្លារ ដែលជាដំណាក់កាលដំបូងនៃភាពជោគជ័យរបស់ក្រុមហ៊ុន Microsoft។ អាជីព និងភាពជោគជ័យ នៃអាជីវកម្ម និងការវិនិយោគរបស់លោកបានចាប់ផ្តើមមានលំនឹង និងមានកំណើនជាបន្តបន្ទាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៧ រហូតដល់ឈរកំពូលតារាងរបស់ទស្សនាវដ្តី Forbes។
មកដល់ពេលនេះ លោក បៀល ហ្គេត អាចចាត់ទុកថា ជាមហាសេដ្ឋីអាម៉េរិកមួយរូប ដែលមិនស្វែងរកកំណើនទ្រព្យសម្បត្តិ។ ចាប់តាំងពីឆ្នាំ២០១០ មកលោកចាប់ផ្តើមងាយចេញពីអាជីវកម្ម ហើយផ្តោតការងារជាពិសេសលើមូលនិធិ និងកិច្ចការមនុស្សធម៌ ដែលមកដល់ពេលនេះ មូលនិធិមនុស្សធម៌របស់លោកកំពុងទ្រទ្រង់កម្មវិធីមានអត្ថប្រយោជន៍ជាច្រើនដល់មនុស្សជាតិ៕
ដោយៈ សរ សុជាតិ