ហេតុការ​បាក់រលំអគារ ក្នុងក្រុងព្រះសីហនុ

តុលាការចោទមនុស្ស៧នាក់ ពាក់ព័ន្ធករណីអគារបាក់ស្លាប់មនុស្ស ២៨នាក់នៅខេត្តព្រះសីហនុ


តុលាការខេត្តព្រះសីហនុបានចោទប្រកាន់អ្នកពាក់ព័ន្ធទាំងអស់ចំនួន ៧នាក់ រួមទាំងជនជាតិចិន ៥នាក់ផងដែរ ចំពោះករណីបាក់អាគារ ៧ជាន់ដែលបានបណ្តាលឲ្យស្លាប់កម្មករខ្មែរចំនួន ២៨នាក់ និង របួស២៦នាក់ផ្សេងទៀត។
ទិដ្ឋភាព​អាជ្ញាធរ និងមន្ត្រីជំនាញ​កំពុង​សង្គ្រោះ​​អ្នកជាប់​ក្នុង​គំនរ​អគារ​បាក់សង្កត់ (រូបភាព៖ ខេមបូណូមីស)
ដោយ និង

យោងតាមឯកសារ​ដែលទទួល​បានពីតុលាការ​ខេត្តព្រះសីហនុ, តុលាការ​បានសំរេច​ដាក់ឲ្យ​នៅក្រោម​ការត្រួត​ពិនិត្យ​ទៅលើ​ឈ្មោះ Cheng Kun, អាយុ៣៩ឆ្នាំ​និងឈ្មោះ Deng Xing Gui, អាយុ៤៨ឆ្នាំ ពីបទ​មនុស្សឃាត​ដោយអចេតនា, បង្ករបួសស្នាម​ដោយអចេតនា និងបទ​បង្កឲ្យ​ខូតខាត។

យោងតាមឯកសារដដែល តុលាការក៏ចោទ​មនុស្ស៥នាក់​ផ្សេងទៀត ពីបទសមគំនិត ដែលជា​ជនជាតិចិន​មានឈ្មោះ​ដូចជា Xie Ya Ping, អាយុ៤៣ឆ្នាំ, Gao Yu,អាយុ២៩, និង Li Jun Hua, អាយុ៤១ឆ្នាំ,​ ជនជាតិវៀតណាម Nouyen Thi Thuy Hoa, អាយុ៤៣ឆ្នាំ និងជនជាតិ​ខ្មែរ មុខរបរ​ជាងដែក ឈ្មោះ​ធឿន។

អគារដែលកំពុង​សាងសង់​បានបាក់​រលំមកលើ​កម្មករ​ជាច្រើននាក់ ដែលកំពុងតែ​ដេកនៅ​វេលាម៉ោង ៤ទៀបភ្លឺ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ហើយកម្មករ​២នាក់ត្រូវ​បានគេរកឃើញថា នៅរស់កាលពី​ថ្ងៃច័ន្ទ ទី២២ ខែមិថុនា បន្ទាប់ពីនៅ​គាបក្រោម​គំនរបាក់បែក​នោះ​អស់រយ:ពេលបីថ្ងៃ។

ពីទីតាំងអគារបាក់​រលំនៅខេត្តព្រះសីហនុ​ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច​ហ៊ុន សែន បានថ្លែងការពារ​ការវិនិយោគចិន​នៅកម្ពុជាជាថ្មី​ម្តងទៀត ថានាំមកនូវ​ការអភិវឌ្ឍ​ដល់ប្រទេស​ជាតិ និងប្រជាជន​ ហើយថាសោកនាដកម្ម​ចុងក្រោយនេះ មិនពាក់ព័ន្ធ​និងជនជាតិ​អ្វីនោះទេ។

សម្តេចហ៊ុន សែន បានថ្លែងកាល​ពីយប់ថ្ងៃច័ន្ទ ទី២២ ខែមិថុនាដូច្នេះ សុំកុំចោទ​ជាតិណា ឬជាតិណា​បន្ទាប់​ពីមានករណីបាក់អាគារនេះ។

សម្តេចហ៊ុន សែន បានថ្លែងដូច្នេះថា «ឥឡូវពិភពលោក​កំពុងត្រូវការ​អ្នកវិនិយោគ​ចិនចូលទៅ​វិនិយោគក្នុង​ប្រទេស​របស់គេ។ ឯយើងមាន​ភ័ពសំណាង​បានទាញអ្នកវិនិយោគ​ចិន​ចូលប្រទេស​របស់យើង ប៉ុន្តែអ្នកមិនចង់​ឲ្យ​យើងមាន​ការរីកចម្រើន​ខ្លះគេថា​ នេះជាអន្ទាក់បំណុល​របស់​ចិននេះ ជាអាណានិគម​របស់ចិន នេះជាកន្លែង​លក់ដីទៅឲ្យ​ចិន ប៉ុន្តែខ្ញុំសូមសួរបញ្ជាក់ថា អ្នកដែលនៅ​ក្រុងព្រះសីហនុ​បានទទួល​ផលប្រយោជន៍​ប៉ុនណា​ទៅពីការ​វិនិយោគ?»

សម្តេចបានបន្តថា ម្នាក់រកស៊ីជាមួយចិន​ ប៉ុន្តែពួកគេអត់មាន​កំហុសទេ​តែដល់ពេល​ខ្មែររកស៊ីជាមួយ​ចិន​បែរជាមានរឿង​អញ្ចឹងវា​មិនយុត្តធម៌សម្រាប់​កម្ពុជាទេ។

លោកបានអះអាងថា«ជនជាតិបរទេស​ដទៃទៀត​មករំលោភ​កូនស្រីខ្មែរ ដែលកំពុង​ជាប់គុក​នៅប្រទេស​កម្ពុជា តើម៉េចមិន​នាំគ្នានិយាយ​ផង? ជនជាតិបរទេស​ផ្សេងទៀត​ដែលស្បែកស ​នាំគ្រឿងញៀន​ចូលស្រុកខ្មែរ ម៉េចក៏មិននាំគ្នា​និយាយផង ម៉េចក៏នាំគ្នា​និយាយ​តែពីចិន?»

ហេតុការណ៍ រុករក​ជនរងគ្រោះ​ត្រូវបានបិទបញ្ចាប់​នៅយប់ម៉ោង ៧៖ ៣០ នាទី ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩ បន្ទាប់ប្រើប្រាស់ពេលវេលា​រុករក​អស់រយៈពេល ២ថ្ងៃកន្លះ។ 

របាយការណ៍ ចុងក្រោយ​របស់អាជ្ញាធរ​បញ្ជាក់ថា មនុស្សរងគ្រោះ​ក្នុងហេតុការណ៍​បាក់អគារសង្កត់នេះ មានចំនួន​សរុប​៥៤ នាក់ ដែលក្នុងនោះ ស្លាប់​មាន​ចំនួន​២៨​នាក់ (ស្រី៤នាក់) និងរបួស ២៦នាក់ (ស្រី២នាក់)។

អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានសម្តេច ហ៊ុន សែន សម្រេចអនុញ្ញាត​បញ្ចប់តំណែង​ហើយ ក្រោយពី លោក យន្ដ មីនបានទទួលស្គាល់​កំហុស​របស់ខ្លួន និងបាន ស្នើសុំសម្ដេច ហ៊ុន សែន លាលែងតំណែងនេះ ដោយខ្លួន។ អភិបាលខេត្តព្រះសីហនុថ្មី នឹងត្រូវយកលោក គួច ចំរើន បច្ចុប្បន្ន ជាអភិបាលខេត្ត​កំពង់ចាម មកជំនួសវិញ។

បើតាម​ការ បញ្ជាក់ ពីសម្ដេច ហ៊ុន សែន មិនមែន​តែមាន​ការបញ្ចប់​តំណែង​អភិបាលខេត្ត​ព្រះសីហនុ នោះទេ សម្តេច​ក៏បាន​សម្រេច​​ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញ​ពីតំណែង​ជាទេសរដ្ឋមន្ត្រី និងជា​អនុប្រធានទី១នៃគណៈកម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ដោយមូលហេតុ​ខ្វះការ​ទទួល​ខុសត្រូវ និងភូតភរ។ 

ក្រោយហេតុការណ៍កើតឡើង រដ្ឋាភិបាល​ក៏បានប្រកាស​បញ្ចេញ​ថវិការដ្ឋ​មួយចំនួន ជូនជនរងគ្រោះផងដែរ។

ក្រៅពីនេះ បន្ទាប់មានមាន​ការអំពាវនាវ ជួយជនរងគ្រោះ គិតមកទល់ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃទី​២៥ ខែមិថុនា ទឹកប្រាក់​ឧបត្ថម្ភ​ជូនជន​រងគ្រោះ ក្នុងហេតុការណ៍​បាក់រលំអគារ​នេះ បានកើនឡើង​ដល់​ជាង ២លាន ដុល្លារអាមេរិក ដោយក្នុងនោះ អ្នកស្លាប់​ម្នាក់ៗ​ទទួលបាន​​ប្រាក់ឧបត្ថម្ភ​៨ម៉ឺនដុល្លារអាមេរិក និងអ្នក​របួស​វិញ ម្នាក់ៗ​​ទទួលបាន ១ម៉ឺនដុល្លារ ប៉ុន្ដែ សម្រាប់អ្នក​របួស​២នាក់ ដែលស្ថិត​នៅក្រោម​គំនរបាក់បែក​ប្រមាណ​ជិត ៦០​ម៉ោង​ ត្រូវបាន​ជួយសង្គ្រោះ​នោះ ទទួលបាន​ការឧបត្ថម្ភ​៣ម៉ឺន​ដុល្លារអាមេរិកក្នុងម្នាក់។

ប្រជាពលរដ្ឋ​បានសារទ​ចំពោះ​ការសង្គ្រោះយ៉ាងយកចិត្ត​ទុកដាក់ ពីសំណាក់​អាជ្ញាធរ ពិសេស​ការចុះ​បញ្ជា​​ដោយផ្ទាល់​ពី​សំណាក់​សម្ដេច ហ៊ុន សែន។ ទោះយ៉ាងណា មហាជន​សង្ឃឹមថា រាជរដ្ឋាភិបាល នឹង​ពង្រឹង​ការត្រួតពិនិត្យ​កាន់តែម៉ត់ចត់​ថែមទៀត ចំពោះ​គុណភាព​សំណង់​ដែលបាន​ កំពុង ឬ​ត្រៀមនឹងសាងសង់​ផ្សេងទៀតៗ ដើម្បី​ជៀសវាង​បញ្ហា​ដូចគ្នានេះ កើតឡើងម្ដងទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើផ្លែស្វាយកម្ពុជា អាចនាំចេញទៅកូរ៉េខាងត្បូង នៅឆ្នាំនេះ ដូចការរំពឹងទុកទេ?

ព័ត៌មាន
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលផ្លែស្វាយកម្ពុជាបានសម្រេចការចរចាទីផ្សារ សម្រាប់ការនាំចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្ដែតាំងពីការចរចាសម្រេចតាំង…

ទីបំផុត! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាម នឹងចុះហត្ថលេខានៅចុងខែ មិថុនានេះ!

ព័ត៌មាន
នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងវៀតណាម នឹងត្រូវចុះហត្ថលេខារួមគ្នានៅចុងខែមិថុនានេះហើយ បន្ទាប់ពីប្រទេសវៀតណាមបានចរចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ