លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានប្រាប់ក្រុមមេដឹកនាំធុរកិច្ចនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបង្កើតគណៈកម្មការប្រសិទ្ធភាពរដ្ឋាភិបាល ដោយប្រគល់តួនាទីឱ្យមហាសេដ្ឋី អេឡិន ម៉ាស ដែលជាអ្នកផ្តួចផ្តើមធ្វើជាអ្នកដឹកនាំ។ បើតាមការអះអាងរបស់លោក ត្រាំ គណៈកម្មការនេះនឹងមានភារកិច្ចធ្វើសវនកម្មលើរដ្ឋាភិបាលសហព័ន្ធទាំងមូល មុនផ្តល់ការណែនាំឱ្យកំណែទម្រង់ដើម្បីលុបបំបាត់ ការក្លែងបន្លំ និងការបង់ប្រាក់មិនសមរម្យក្នុងរយៈពេល៦ខែនៃការចាប់ផ្តើមរបស់រដ្ឋាភិបាល។
មហាសេដ្ឋី អេឡិន ម៉ាស បាននិយាយនៅតាមប្រព័ន្ធសង្គម X របស់លោកថា លោកកំពុងទន្ទឹងរង់ចាំបម្រើអាម៉េរិក ប្រសិនបើឱកាសនេះកើតឡើងមែននោះ។ លោក ម៉ាស ដែលជាស្ថាបនិកក្រុមហ៊ុនរថយន្ត Tesla និងក្រុមហ៊ុនអវកាស SpaceX ធ្លាប់បានលើកជាគំនិតនៃការបង្កើតគណៈកម្មការប្រសិទ្ធភាពរដ្ឋាភិបាលនេះឡើងនៅក្នុងបទសម្ភាសជាមួយនឹងលោក ត្រាំ នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីខែសីហា កន្លងទៅ។
បច្ចុប្បន្នការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាលអាម៉េរិក បានដើរតួនាទីជាភ្នាក់ងារមិនលម្អៀងនៅក្នុងផ្នែកនីតិបញ្ញត្តិ ដើម្បីធ្វើសវនកម្ម និងវាយតម្លៃពីប្រសិទ្ធភាពនៃការចំណាយរបស់សហព័ន្ធ និងស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធការចំណាយមិនត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា ពលរដ្ឋសហរដ្ឋអាម៉េរិកនឹងជ្រើសរើសរវាងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺអនុប្រធានាធិបតី ខាម៉ាឡា ហារីស ធ្វើជាមេដឹកនាំអាម៉េរិកថ្មីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ សុខ មង្គល