Advertisement
Advertisement
ផ្ទះ​តម្លៃ​សមរម្យ​សម្រាប់​អ្នកចំណូល​ទាប

ទូត​បរទេស​ធំៗនៅ​កម្ពុជា​សម្ដែង​ការគាំទ្រ​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​របស់​ឧកញ៉ា​ សៀ ឫទ្ធី


ឯកអគ្គរដ្ឋទូត​ប្រទេស​ធំៗ​​ចំនួន​ ៤ រួមមាន សហរដ្ឋ​អាមេរិក បារាំង ឥណ្ឌូនេស៊ី និងសិង្ហ​បុរី និង​តំណាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចូលរួម​សម្ដែង​ការគាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​សមរម្យ របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ដោយបាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ប្រគល់​សោ​ផ្ទះ​ដល់​ម្ចាស់​ផ្ទះ នៅក្នុង​ទីក្រុង​រណប សិរីមង្គល កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ​២០២០។
ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy និង​លោក​ឧកញ៉ា សៀ ឫទ្ធី នៅក្នុង​ឱកាស​ពិធី​ប្រគល់​ផ្ទះតម្លៃ​សមរម្យ របស់​ក្រុមហ៊ុន WorldBridge។
ដោយ
Advertisement

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា លោក​មាន​កិត្តិយស​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ដល់អតិថិជន​​របស់​គម្រោង​អភិវឌ្ឍ​ន៍​លំនៅដ្ឋាន​សមរម្យរបស់​ក្រុមហ៊ុន WorldBridge។ 

លោក​ទូតអាមេរិក​បាន​និយាយ​ដូច្នេះ​ថា "ផ្ទះ​តម្លៃ​សមរម្យ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​គ្រួសារ​ដែលមាន​ចំណូលទាប អាចកែប្រែ​ជីវិត​របស់​ពួកគេ​ប្រសើរឡើង។ អបអរសាទរ​ចំពោះ​ម្ចាស់​ផ្ទះថ្មី!"។ 

គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នេះ ដែលស្ថិត​នៅក្នុង​ទីក្រុង​រណប​ សិរីមង្គល ស្ថិត​នៅ​ចម្ងាយប្រមាណ ៧គីឡូម៉ែត្រពី​រង្វង់មូល តាខ្មៅ គឺ​ជា​គម្រោង​ដែលមានការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម និងបរិស្ថាន ដោយ​នឹង​ផ្តល់​នូវ​ផលវិជ្ជមាន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គមកិច្ច ជូន​ចំពោះ​គ្រួសារ​មន្រ្តី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​មាន​ចំណូល​មធ្យម និង​ទាប​ទូទៅ។ 

ឯកអគ្គរដ្ឋទូត​អាមេរិក​ លោក Patrick Murphy ប្រគល់​សោ​ផ្ទះ​ជូន​ម្ចាស់​ផ្ទះ​នៃ​គម្រោង​លំនៅឋានតម្លៃ​សមរម្យ។

នៅក្នុងទីក្រុង​រណប​សិរីមង្គលនេះ​ដែរ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ (WorldBridge) របស់​ឧកញ៉ា សៀ ឫទ្ធី បាន​ចុះអនុស្សរណៈ​យោគយល់​គ្នា​ជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង​បាន​សហការគ្នា​ចាប់តាំង​ពី​ឆ្នាំ​២០១៨ មក ក្នុង​ការ​អភិវឌ្ឍ​តំបន់​ SME Cluster ដើម្បី​ជំរុញ​សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅក្បែរទីតាំងគម្រោងលំនៅឋានសមរម្យនេះតែម្តង។ 

លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃ UNDP បានលើកឡើងថា «គុណតម្លៃ​នៃ​សហគ្រាស​ខ្នាត​តូច និង​មធ្យម គឺ​ផ្សារភ្ជាប់​ដោយ​ផ្ទាល់​ទៅនឹង​តម្រូវការ​លំនៅឋាន​តម្លៃ​សមរម្យ​តែម្តង។ យើងសង្ឃឹមថា ការផ្សារ​ភ្ជាប់​បែបនេះ​នឹង​ជួយ​ជំរុញ​ការវិនិយោគ​បន្ថែមទៀតទៅលើលំនៅឋាន​តម្លៃ​សមរម្យ និង​ការសាងសង់​អគារ​បែប​លក្ខណៈ​បៃតង​នៅក្នុង​ប្រទេស​កម្ពុជា។ UNDP សូម​ចូលរួម​អបអរសាទរ​ចំពោះ​លោក ឧកញ៉ា សៀ ឫទ្ធី និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ ចំពោះការសម្រេចបាននូវគម្រោងលំនៅឋានតម្លៃសមរម្យទីមួយនេះ ដែលមាន ២ ៤៥៧ ល្វែង សម្រាប់ប្រជាពលរដ្ឋដែល​មាន​ចំណូល​ទាប​និងមធ្យម។» 

លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ចូលរួម​ក្នុង​ពិធីប្រគល់​ផ្ទះ​តម្លៃ​សមរម្យ​ដល់​ម្ចាស់ផ្ទះ

លោក Nick Beresford បានបន្ថែមថា «គម្រោងនេះ គឺបានប្រើប្រាស់​បច្ចេកវិទ្យាសាងសង់ដែលមានលក្ខណៈទ្រទ្រង់បរិស្ថានតំបូងគេនៅក្នុងប្រទេស រួមមានដូចជាការប្រើប្រាស់ឥដ្ឋដីសង្កត់ ដែលជាប្រភេទឥដ្ឋដែលមិនផលិតឡើងដោយការដុតកម្តៅនោះទេ។ យើងខ្ញុំ សូមជូនពរម្ចាស់លំនៅឋានថ្មីទាំងអស់ឲ្យមានសុភមង្គលក្នុងការរស់នៅក្នុងគម្រោងថ្មី និងប្រកបដោយភាពរីករាយមួយនេះ។»

លោក ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ ប្រ៊ីដហូម បានគូសបញ្ជាក់ថា «លំនៅឋានតម្លៃសមរម្យនេះគឺជាការរួមចំណែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន ដោយយើងបានកំណត់គោលដៅថាមិនគ្រាន់តែផ្តល់តម្លៃធូរថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែ យើងបានផ្តោតសំខាន់លើការរៀបចំឲ្យក្លាយជាសហគមន៍ចម្រុះដ៏រឹងមាំ ដែលមានគុណភាព សោភណភាព សុវត្ថិភាព ឱកាសការងារនិងអាជីវកម្ម ភាពងាយស្រួលនិងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ សម្រាប់គ្រួសារមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានចំណូលមធ្យម និងទាបទូទៅ។»

Advertisement

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន WorldBridge Homes ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ WorldBridge Group ត្រូវ​​បាន​គេ​មើលឃើញ​ថា គឺជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ធំ​ជាងគេ​មួយ ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោះគរ សង្កាត់​រការខ្ពស់​ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែល​មាន​ចម្ងាយ​​ប្រមាណ ​៧គីឡូម៉ែត​​ពីង្វង់​មូល​​ក្រុង​​តាខ្មៅ។ 

គម្រោង​នេះ​សាងសង់​លើ​ផ្ទៃដី​សរុប ២៣ ហិ​កតា មាន​ចំនួន​ផ្ទះ​សរុប​ជាង ២.៤៥៧​ផ្ទះ ទុន​វិនិយោគ​សាងសង់ ប្រមាណ ៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ មក​ទល់​ពេល​នេះ គម្រោង​លំនៅ​ដ្ឋា​នទី​ក្រុង​រណប​សិរី​មង្គល​នេះ បាន​លក់​ផ្ទះ​អស់​ចំនួន ជាង ១​ពាន់​ផ្ទះ ស្មើនឹង ៥៥% នៃ​ចំនួន​ផ្ទះ​សរុប​៕

Advertisement



អត្ថបទបន្ទាប់


ប្រទេស​ថៃ ប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង រយៈពេល ១០ថ្ងៃ !

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹង នៅក្នុងទីក្រុងបាងកក រយៈពេល ១០ថ្ងៃ ដើម្បីការពារ ការប្រមូលផ្តុំ ជួបជុំគ្នានៅក្នុងសង្គម ...

ក្រសួងកសិកម្មកម្ពុជាកំពុងធ្វើការប៉ាន់ប្រមាណពីតម្រូវការស្បៀងក្នុងស្រុក ទប់ទល់កូវីដ ១៩

ព័ត៌មាន
រដ្ឋមន្ត្រី ក្រសួងកសិកម្មកម្ពុជាបានប្រកាសចេញសេចក្តីណែនាំស្តីពីកាពិនិត្យ សន្និធិ ស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ