អង្គការសប្បុរសធម៌ពិភពលោក Oxfam បានបង្ហាញទិន្នន័យមួយកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុនថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីនៅលើពិភពលោកបានកើនឡើងពី១៣ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៣ ដល់១៥ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤។ តួលេខនេះបានបង្ហាញពីការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតទីពីរចាប់តាំងពីអង្គការនេះបានចាប់ផ្ដើមធ្វើកំណត់ត្រានេះមក។
ទិន្នន័យរបស់អង្គការនេះ បានបង្ហាញដែរថា ចំនួនអ្នករស់នៅក្នុងភាពក្រីក្រមានការផ្លាស់ប្តូរស្ទើរតែទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩០ មក ដោយចំនួនអ្នកមានបំផុត១% មានទ្រព្យសម្បត្តិជិត៤៥% នៃទ្រព្យសម្បត្តិសរុបរបស់ក្រុមអ្នកមានទ្រព្យ ខណៈដែលមនុស្ស៤៤% កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រកំណត់ដោយធនាគារពិភពលោក ជាមួយនឹងប្រាក់ចំណូលប្រចាំថ្ងៃចំនួន៦,៨៥ដុល្លារ។
ដោយហេតុតែទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោកបានកើនឡើងក្នុងល្បឿនលឿនជាងការព្យាករពីមុនទៀតនោះ បានធ្វើឱ្យអង្គការ Oxfam រំពឹងថា នឹងមានមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារចំនួន៥រូបនឹងរះត្រដែតឡើងក្នុងរយៈពេលមួយទសវត្សរ៍ទៀតក្នុងនោះក៏មានលោក អេឡិន ម៉ាស ផងដែរ។
លោក អាមីតាប បេហា (Amitabh Behar) នាយកប្រតិបត្តិអន្តរជាតិ នៃអង្គការ Oxfam បាននិយាយថា ការច្បាមយកសេដ្ឋកិច្ចពិភពលោកដោយក្រុមមហាសេដ្ឋីដែលមានសិទ្ធិមួយក្ដាប់តូចបានឈានដល់កម្រិតខ្ពស់ ខណៈចំនួនមហាសេដ្ឋីនឹងកើនឡើងថែមទៀត៕
អត្ថបទ៖ សុខ មង្គល