លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរដូវសម្បូរភ្ញៀវទេសចរនៅឆ្នាំនេះ ចន្តរនៃការកក់កញ្ចប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសរចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា ហាក់មានកំណើនខ្ពស់ជាងឆ្នាំមុន។ តែយ៉ាងណាអ្នកជំនាញរូបនេះមិនបានបញ្ជាក់លម្អិតពីតួលេខ នៃការកក់កញ្ចប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេសនោះទេ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគមរូបនេះ ភាពល្អប្រសើរនៃការកក់កញ្ចប់ដំណើរកម្សាន្តនេះ គឺដោយសារកំណើននៃការតភ្ជាប់ជើងហោះហើរផ្លូវអាកាស ជាពិសេសការតភ្ជាប់ជើងហោះហើរថ្មីៗជាបន្តបន្ទាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។
លោកជំទាវ ឆាយ ស៊ីវលីន មានសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកកាន់តែច្រើនថែមទៀតនៅចុងឆ្នាំ២០២៤នេះ ដោយសារមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា កាន់តែសម្បូរបែប គួបផ្សំកម្ពុជា បានជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ ការបង្កើត និងរៀបចំឱ្យមានព្រឹត្តិកាណ៍ទេសចរណ៍នានា ជាបន្តបន្ទាប់នៅចុងឆ្នាំនេះ ក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ផងដែរ។
មិនខុសគ្នាពីលោកជំទាវ ឆាយ ស៊ីវលីន នោះទេ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា ទទួលស្គាល់ថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលបានកក់កញ្ចប់ដំណើរកម្សាន្តមកកម្ពុជា នៅឆ្នាំនេះ ពិតជាមានការកើនឡើងជាងឆ្នាំមុនប្រាកដមែន ប៉ុន្តែសម្ទុះនេះហាក់នៅមានកម្រិតនៅឡើង និងមិនទាន់អាចវិលទៅរកភាពល្អប្រសើរដូចមុនពេលមានវិបត្តិកូវីដ-១៩ នោះទេ។
លោកជំទាវ ឆាយ ស៊ីវលីន កត់សម្គាល់ឃើញថា សម្ទុះនៃការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិ នៅឆ្នាំនេះហាក់មានការរឹតត្បិតជាងមុន ពោលគឺពួកគេចំណាយតែទៅលើសេវាកម្មមួយចំនួនដូចជាការស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ការចូលកម្សាន្តតាមរមណីយដ្ឋាន និងម្ហូបអាហារជាដើម ខណៈការចាយវាយទៅលើការទិញវត្ថុអនុស្សាវរីយ៍ហាក់មានការថមថយជាងមុន។ បើតាមអ្នកជំនាញរូបនេះជាមធ្យមភ្ញៀវទេសចរម្នាក់អាចចំណាយថវិការចាក់ចូលសេដ្ឋកិច្ចកម្ពុជា ចន្លោះពី៥៨០ដុល្លារទៅ១,២០០ដុល្លារ លើការកម្សាន្តនៅកម្ពុជាចំនួន៤ថ្ងៃ ដោយមិនគិតពីការចំណាយលើសំបុត្រយន្តហោះ។
សូមបញ្ជាក់ថា តាមស្ថិតិរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៤លាន៨សែននាក់ កើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕