ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

កម្ពុជារំពឹងទទួលបានទេសចរបរទេស ៥០ម៉ឺននាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម


រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងការជួយផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ម៉ឺននាក់ និងទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង៤លាននាក់នៅឆ្នាំនេះ បន្ទាប់ពីទទួលបានប្រមាណ១លាន២សែននាក់នៅត្រីមាសទី១ឆ្នាំនេះ។
កម្ពុជារំពឹងទទួលបានទេសចរបរទេស ៥០ម៉ឺននាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម
ដោយ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC)បានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាសមិទ្ធផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងស្រូបទាញភ្ញៀវទេសចរបរទេសឲ្យចាប់អារម្មណ៍ និងមកកម្សាន្តនៅកម្ពុជា។ ឯកឧត្តមរំពឹងថា តាមរយៈព្រឹត្តិការណ៍នេះកម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួន៥០ម៉ឺននាក់ និងរំពឹងជួយជំរុញភ្ញៀវទេសចរបរទេសឲ្យកមកម្សាន្តនៅកម្ពុជាលើស៤លាននាក់នៅដំណាច់ឆ្នាំ២០២៣ នេះ។ ការបង្ហាញក្តីរំពឹងខ្ពស់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្រោយកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ២លាន២សែននាក់នៅឆ្នាំ២០២២ និងជាង១លាន២សែននាក់នៅត្រីមាសទី១ឆ្នាំនេះ។

តាមរយៈកំណើនភ្ញៀវទេសចរបរទេសនៅត្រីមាសទី១ បានជំរុញឲ្យឯកឧត្តម ថោង ខុន វាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញដូចពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ ការហ៊ានវាយតម្លៃបែបនេះ ធ្វើឡើងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងលើសកលលោកមានភាពធូរស្បើយ គួបផ្សំនឹងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា។

ពាក់ព័ន្ធការចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារ ដើម្បីចំណាយលើការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ។ បើតាមការគូសបញ្ជាក់របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានឲ្យដឹងថា ថវិកាដែលគ្រោងចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាទាំងនេះ គឺជាថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលបានសន្សំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ សម្តេចពិជ័យបានគូសបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ប្រតិភូកីឡាមកពីបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។

ការសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមវាជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ប៉ុន្ដែ អ្វីដែលពិភពលោកកំពុងចោលក្រសែភ្នែកមកលើកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចទទួលខុសត្រូវលើការចំណាយលើថ្លៃហូបចុក និងស្នាក់នៅទាំងស្រុងរបស់ប្រតិភូកីឡា ដែលមកចូលរួមព្រឹត្តិ្កការណ៍នេះ ដែលពុំធ្លាប់មានប្រទេសណាធ្វើដូចនេះពីមុនមកនោះទេ។ បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីផ្សពផ្សាយឲ្យពិភពលោកស្គាល់កម្ពុជាឲ្យកាន់តែច្បាស់បន្ថែមទៀត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានប្រតិភូកីឡាអន្តរជាតិសរុបប្រមាណ ១ម៉ឺន២ពាន់នាក់ចូលរួម ខណៈមកទល់ពេលនេះ មានប្រតិភូកីឡាមួយចំនួនបានមកដល់កម្ពុជាហើយ។ សម្រាប់ព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ កម្ពុជាបានដាក់កីឡាចំនួន៣៧ប្រភេទ និងជាង៥រយវិញ្ញាសាឲ្យចូលរួមប្រកួតប្រជែង ហើយមកទល់ពេលនេះមានកីឡាមួយចំនួនដូចជាបាល់ទាត់ និងអុកចត្រង្គបានចាប់ផ្តើមប្រកួតជម្រុះតាមពូលបណ្តើរៗហើយ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


កម្ពុជាគ្រោងចាយជិត ១ពាន់លានដុល្លារ ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំនៅក្នុងតំបន់

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូជប៉ុន បានគ្រោងថវិកាចំណាយជិត១ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងចំណតផែកុងតឺន័រថ្មីចំនួន៤ នៅក្នុងកំពង់ផ…

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Coca-Cola Zero របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ