បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាថៃលោក ណុបផាឌុន អ៊ីនណា ដែលកំពុងសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MoU ២០០០-២០០១ ឬថៃហៅថា MoU 43-44 បានអះអាងថា គណៈកម្មាធិការព្រឹទ្ធសភាបានផ្ដល់ការគាំទ្រឱ្យលុបចោល Mou 44 ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្ររួចហើយ។ លោកបានបន្តថា គណៈកម្មាធិការព្រឹទ្ធសភាបានអញ្ជើញស្ថាប័នផ្សេងៗ រួមទាំងកងទ័ពនៃយោធភូមិភាគ១ និងយោធភូមិភាគ២ឱ្យមកផ្តល់ទិន្នន័យបន្ថែមពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាកាលពីថ្មីៗនេះ។
លោកបានអះអាងថា បច្ចុប្បន្នប្រទេសថៃគ្រប់គ្រងទីតាំងជម្លោះស្ទើរតែទាំងអស់ក្នុងចំណោម១៥ទីតាំង ដែលនឹងធ្វើឱ្យមានភាពងាយស្រួលដល់ការសម្រេចចិត្តរបស់គណៈកម្មាធិការព្រឹទ្ធសភាក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ឬ MoU 43 នេះ។ មន្ត្រីជាន់ខ្ពស់ថៃរូបនេះបានលើកឡើងទាំងឥតអៀនខ្មាសថា ប្រទេសថៃមិនគួរប្រគល់តំបន់ ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាក្រោមកិច្ចព្រមព្រៀងរបស់គណៈកម្មការព្រំដែនទូទៅ (GBC) វិញនោះទេ។ មន្ត្រីរូបនេះបានចោទទាំងគ្មានមូលដ្ឋានថា តំបន់ទាំងនោះរួមទាំងតំបន់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានកម្ពុជារំលោភយកប្រមាណ៣០ឆ្នាំមកហើយ។
បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា សេចក្តីសម្រេចនេះនឹងត្រូវបញ្ជូនទៅកាន់អង្គព្រឹទ្ធសភាទាំងមូល ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម មុននឹងបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីថៃ ដើម្បីសម្រេចជាផ្លូវការ។ ជុំវិញការបារម្ភពីផលប៉ះពាល់លើឆាកអន្តរជាតិ លោក ណុបផាឌុន បានអះអាងថា ទោះបីជាគ្មាន MoU ទាំងពីរក៏ដោយ ក៏យន្តការទ្វេភាគីផ្សេងទៀតដូចជា JBC, GBC និង RBC នៅតែមានសុពលភាពក្នុងការដោះស្រាយបញ្ហាព្រំដែនដដែល៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសាបរទេស