CSX

ថ្នាក់ដឹកនាំ CSX រំពឹងកម្មវិធី CSX Trade ជួយជំរុញការជួញដូរភាគហ៊ុនកាន់តែល្អប្រសើរ


ផ្សារមូលបត្រកម្ពុជា(CSX)បានដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ CSX Trade ដើម្បីជួយសម្រួលការជួញដូរភាគហ៊ុនជូនអតិថិជនក្នុងបរិបទកូវីដ-១៩។ ថ្នាក់ដឹកនាំ CSX ចាត់ទុកការដាក់ឲ្យដំណើរការបឋមនូវកម្មវិធីនេះ គឺជាការធ្វើទំនើបកម្ម និងការបោះជំហានមួយកម្រិតទៀតក្នុងការជួញដូរមូលបត្រចល័ត ហើយរំពឹងថា កម្មវិធីនេះនឹងជួយជំរុញការជួញដូរ និងផ្សារភាគហ៊ុននៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការជាបឋមនូវ កម្មវិធីទូរសព្ទ ស៊ី អេស អ៊ិក ត្រេដ (CSX Trade)

ការធ្វើទំនើបកម្មការជួញដូរចល័តនេះ ធ្វើឡើងក្រោយផ្សារមូលបត្រកម្ពុជា​សង្កេតឃើញការជួញដូរមូលបត្រចល័តតាមកម្មវិធី MTS (Mobile Trading System)មានការកើនឡើងខ្ពស់នៅមួយរយៈចុងក្រោយ។ ជាក់ស្តែងនៅឆ្នាំ២០២១ ការជួញដូរភាគហ៊ុនមាន​ទំហំជាង២៧​ម៉ឺន​ដុល្លារ​ក្នុង១ថ្ងៃមានការកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២០។

នាពិធីប្រកាសដាក់ឲ្យប្រើប្រាស់បឋមនូវកម្មវិធីជួញដូរមូលបត្រចល័តតាមទូរសព្ទ CSX Trade នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះកម្មវិធីនេះក្នុងការធ្វើឲ្យទីផ្សារភាគហ៊ុនកាន់តែមានភាពល្អប្រសើរ។ ឯកឧត្តមរំពឹងថា តាមរយៈការធ្វើទំនើបកម្មពីកម្មវិធី Mobile Trading System ដែលមានលក្ខណៈជាគេហទំព័រមកជាកម្មវិធីទូរសព្ទ ដែលអាចធ្វើប្រតិបត្តិការទាំងប្រព័ន្ធ IOS និង Android នេះ វានឹងជួយជំរុញកំណើនការជួញដូរភាគហ៊ុននៅកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត ក៏ដូចជាជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបោះទុនវិនិយោគក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើន។  ឯកឧត្តមបានបន្តថា គោលបំណងនៃការដាក់ឲ្យដំណើរការកម្មវិធីនេះគឺដើម្បីជួយសម្រួលអតិថិជនក្នុងការជួញដូរភាគហ៊ុនឲ្យកាន់តែរហ័ស និងមានសុវត្ថិភាពជាងមុន។

ជាមួយគ្នានេះឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនិយ័តករមូលបត្រកម្ពុជាបានចាត់ទុកការដាក់ឲ្យដំណើរកម្មវិធី CSX Trade នេះ ជាការបោះជំហានទៅមុខមួយកម្រិតរបស់ផ្សារមូលបត្រកម្ពុជាក្នុងការឆ្លើយតបភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងការជំរុញឲ្យមានការជួញភាគហ៊ុនតាមបែបឌីជីថល។ ឯកឧត្តមជឿជាក់ថា តាមរយៈកម្មវិធីនេះវានឹងជួយឲ្យផ្សារមូលបត្រកម្ពុជាមានការប្រកួតប្រជែងកាន់តែខ្ពស់ និងផ្តល់ភាពងាយស្រួលដល់ការអភិវឌ្ឍន៍ទីផ្សារមូលបត្រ ក៏ដូចជាជួយសម្រួលដល់ការវិនិយោគលើផ្សារភាគហ៊ុនដល់វិនិយោគិនជាតិ និងអន្តរជាតិ។ 

ពាក់ព័ន្ធទីផ្សារមូលបត្រកម្ពុជាឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១ កន្លងទៅ ផ្សារមូលបត្រកម្ពុជាបានបំបែកកំណត់ត្រាថ្មី ដោយមានការជួញដូរភាគហ៊ុនជាមធ្យមជាង២៧ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ មានការកើនឡើង១២៧% បើធៀបនឹងការជួយដូរប្រចាំថ្ងៃកាលពីឆ្នាំ២០២០។ សម្រាប់ឯកឧត្តម ហុង សុហួរ ចាត់ទុកការកើនឡើងនេះមិនមែនជារឿងចៃដន្យនោះទេ ពោលគឺកំណើននេះបានកើតឡើងបន្ទាប់ពីផ្សារមូលបត្រកម្ពុជាដាក់ដាក់ឲ្យដំណើរការនូវប្រព័ន្ធជួយដូរចល័ត Mobile Trading System កាលពីឆ្នាំ២០១៨។  

ជាក់ស្តែងចំនួនបញ្ជាដែលដាក់មកទីផ្សារមូលបត្រនៅឆ្នាំ២០២១ សរុបបានកើនដល់ជិត៥០ម៉ឺនបញ្ជាដែលស្មើនឹង៣២ដងបើធៀបនឹងឆ្នាំ២០១៧ ដែលក្នុងនោះ ៩៩% នៃចំនួនបញ្ហាសរុបគឺជាបញ្ជាតាមរយៈប្រព័ន្ធជួញដូរចល័ត ខណៈការដាក់បញ្ជាតាមរយៈភ្នាក់ងារមូលបត្រមានត្រឹមតែ១%ប៉ុណ្ណោះ។ ការជួញដូរតាមប្រព័ន្ធ MTS ដំបូងមានត្រឹមតែជាង៣ពាន់៤រយគណនីប៉ុណ្ណោះ ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២១ ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ជាង១ម៉ឺន៧ពាន់គណនីស្មើនឹង៥៥% នៃគណនីជួយដូរសរុប ដែលមានជាង៣ម៉ឺនគណនី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្ការនឹងបើកទ្វារពិភាក្សាជាមួយ IMF ខណៈស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្ការបាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស្រីលង្កានឹងបើកទ្វារសម្រាប់ការពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុ…

ក្រុមហ៊ុនអាមេរិកចំនួន ២ រងទណ្ឌកម្មពីទីក្រុងប៉េកាំង ក្រោយលក់អាវុធទៅឱ្យតៃវ៉ាន់

ព័ត៌មាន
រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន២ ដែលបានផ្គត់ផ្គង់លក់អាវុធទៅឱ្យត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ