បច្ចុប្បន្នភាព ​ម៉ោង១០ព្រឹក ថ្ងៃទី២៣ មិថុនា ២០១៩!

អ្នក​ស្លាប់ឡើងដល់ ១៧នាក់ ក្នុង​​ករណី​បាក់​រលំ​អគារ​​កំពុង​សាងសង់​កម្ពស់​៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ


ករណី​បាក់រលំ​អគារ​កំពុង​សាងសង់​កម្ពស់ ៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្នភាព​នៃ​ចំនួនអ្នក​ស្លាប់​បាន​កើនឡើង ខណៈ​ដែល​ក្រុម​សង្គ្រោះ​កំពុង​ប្រឹងប្រែង​កាយ​គំនរ​បែកបាក់​ដើម្បី​ស្វែងរក​ជន​រងគ្រោះ​ដែលអាច​នៅ​ជាប់​នៅ​ក្នុង​នោះ។ គិត​ត្រឹម​ម៉ោង១០​ព្រឹក ថ្ងៃទី២៣ មិថុនា ២០១៩ ចំនួនអ្នក​ស្លាប់​កើន​ដល់ ១៧នាក់​ហើយ។
ចូលដល់ថ្ងៃទី២៣ មិថុនា ជាថ្ងៃទីពីរ​នៃ​ព្រឹត្តិការណ៍​បាក់រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ការសង្គ្រោះ​នៅតែ​សស្រាក់​សស្រាំ​ជា​បន្ត។
ដោយ និង

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បច្ចុប្បន្នភាព ត្រឹម​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះ និងយកចេញពីគំនរបាក់បែកនៃអគាររលំគឺស្លាប់ចំនួន ១៧នាក់ ស្រី០៤នាក់ និងរងរបួសចំនួន ២៤នាក់ ស្រី០២នាក់។ ក្នុងនោះក្រុមគ្រួសារសពបានបំពេញឯកសារទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី បានចំនួន៩សព។


ខណ:នេះ​ ក្រុមការងារ​កំពុងតែ​មមាញឹក​ជួយសង្រ្គោះ​បន្ទាន់​ជា​បន្ត ដើម្បី​ស្វែងរក​ជនរងគ្រោះ​ ដែលជាប់នៅក្នុង​គំនរ​ដូចភ្នំ​នៃគ្រោង​ដែក​និង​កម្ទេច​ថ្មពីការបាក់​បែក​អគារ​ដែលស្ថិត​ក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ថា សំណង់នេះ​មានទំហំ​ទទឹង ១៥ម៉ែត្រ បណ្តោយ​៣០ម៉ែត្រ និងកំពុង​ដំណើរការសាងសង់​​ប្រមាណ ៧០ ទៅ ៨០​ភាគរយ​​ហើយ។ អាជ្ញាធរ​មិនបាន​និយាយថា តើ​ចិន​សាងសង់​​អ្វី​នោះ​ទេ។

ទិដ្ឋភាព​នៃ​គំនរបាក់បែក​នៅការដ្ឋានសំណង់​អគារ​កម្ពស់ ៧ជាន់ ដែល​បាក់រលំ​ខណៈ​សាងសង់​បានប្រហែល ៨០%។

នៅ​ក្នុង​ករណី​បាក់រលំ​អគារ​ដ៏​សោកនាដកម្ម​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក​ យន្ត មីន បាន​បញ្ជា​ឲ្យ​មាន​ការស៊ើបអង្កេត ដោយ​បង្កើត​គណៈកម្មាធិការ​មួយ​ដឹកនាំ​ដោយ​អភិបាល​រង និង​សមាជិក ១៣នាក់ នៅថ្ងៃទី២២ មិថុនា ២០១៩។ 

កម្លាំង​សមត្ថកិច្ច​បានចាប់ឃាត់​ខ្លួន​មនុស្ស​ចំនួន ៤នាក់​ដែលជាប់ពាក់ព័ន្ធ​ដោយផ្ទាល់ នឹងការបាក់​អាគារនេះ ដើម្បីសាកសួរ​បន្ថែម។ ជនទាំងនោះរួមមាន​ជន​បរទេសបីនាក់​ផងដែរ​មានដូចជា ឈ្មោះ Chen Kun, អាយុ៣៩ឆ្នាំ, Deng Xing Gul, អាយុ៤៨, និង Gao Yu, អាយុ២៩។ 

រដ្ឋបាលខេត្តព្រះសីហនុ​បានប្រកាស​តាមសេចក្តី​ប្រកាស​ព័ត៌មាន​ថា«អាជ្ញាធរខេត្ត​ព្រះសីហនុ​សូមចូលរួម​រំលែក​មរណទុក្ខ​ដ៏ក្រៀម​ក្រំ​ចំពោះ​ក្រុមគ្រួសារ​នៃជនរងគ្រោះ​ដែលបាន​បាត់បង់​ជីវិត និងអ្នករង​របួសធ្ងន់ស្រាល​នៅក្នុង​ហេតុការណ៏​ដ៏អាក្រក់​នេះ។»

ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ខេត្តព្រះសីហនុ​បានទទួល​នូវការ​វិនិយោគ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពីប្រទេស​ចិន ជាពិសេស​ក្នុង​វិស័យ​កាស៊ីណូ, ខុនដូ​និងអាគារ​ខ្ពស់ៗ​សម្រាប់​បម្រើ​ដល់​ទេសចរ​ចិន និងជនជាតិចិន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារលក់រាយវៀតណាម នឹងកើនឡើងដល់ ១៨០ ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
តាមការព្យាករពីសំណាក់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ទីផ្សារលក់រាយវៀតណាម នឹងកើនឡើងដល់ ១៨០ ពាន់លានដុល្លារអាមេរិកនៅឆ្នា…

ស្ថានទូតចិនប្រចាំកម្ពុជា ហាក់នៅ​ស្ងៀមស្ងាត់ ជុំវិញរឿងអគារចិនបាក់សង្កត់កម្មករខ្មែរក្នុងក្រុងព្រះសីហនុ

ព័ត៌មាន
គិតមកទល់រសៀលថ្ងៃទី២៣ មិថុនានេះ គេមិននៅមិនទាន់ឃើញស្ថានទូតចិនប្រចាំកម្ពុជា បញ្ចេញនូវប្រតិកម្ម ឬសេចក្ដីថ្លែការណ៍របស់ខ្លួនទាក់ទងនឹងអគារសាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ