អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប និង ជាអ្នកជំនួញរកស៊ីពហុវិស័យពិសេសវិស័យសំណង់អចលនទ្រព្យ និង ដឹកជញ្ជូន ឡូជីកស្ទីក បានផ្តល់ជាគំនិតថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជាអ្នកវិនិយោគ ឬអ្នកជំនាញ ត្រូវចេះមានភាពបទបែន និងបង្កើតមុខរបរណា ដែលឆ្លើយតបជាមួយបរិបទនៃវិបត្តិកូវីដ-១៩។ ប៉ុន្តែបើអ្នករកស៊ីទាំងនោះ ពុំមានលទ្ធភាព ឬសមត្ថភាពក្នុងការបង្កើតមុខរបរបន្ថែមទេនោះ ពួកគេត្រូវរកវិធីធ្វើយ៉ាងណាឲ្យអាជីវកម្មអាចបន្តដំណើការក្នុងវិបត្តិដ៏លំបាកនេះ។
សេដ្ឋីអចលនទ្រព្យរូបនេះ បានលើកជាទស្សនៈថា ក្នុងវិបត្តិជំងឺកូវីដ-១៩ អ្នកវិនិយោគ ឬអ្នករកស៊ីកុំទាន់គិតរឿងប្រាក់ចំណេញ ធ្វើយ៉ាងណាឲ្យបានស្មើដើមអាចចាត់ទុកជាជោគជ័យមួយរួចទៅហើយនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ជាមួយគ្នានេះអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនលីហួរគ្រុបហើយក៏ជាអ្នកជំនួញរកស៊ីពហុវិស័យដ៏ល្បីនៅកម្ពុជា ក៏បានបង្ហាញទស្សនៈស្រដៀងគ្នាថា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ សម្រាប់ក្រុមហ៊ុនអ្នកឧកញ៉ាផ្ទាល់ មិនទាន់គិតរឿងចំណេញទេ សំខាន់ធ្វើយ៉ាងណាឲ្យស្មើដើមទប់ទល់បាន ឬបើខាត ឲ្យតែខាតតិច ដ្បិតថាស្ថានភាពពេលនេះ គឺអាជីវកម្មភាគច្រើនត្រូវជួបផលប៉ះពាល់ ដូច្នេះ អ្នករកស៊ីក៏ត្រូវត្រៀមចិត្តត្រៀមកាយ និងយុទ្ធសាស្ត្រសម្រាប់ទប់ទល់នឹងវិបត្តិមេរោគឆ្លងជាសកលនេះផងដែរ។
សូមបញ្ជាក់ថា បើទោះបីជា នៅឆ្នាំ២០២១នេះ បញ្ហាកូវីដ-១៩ នៅតែបន្ដកើតមានក៏ពិតមែន ប៉ុន្ដែ អ្នកឧកញ៉ា សៀ ឫទ្ធី និងអ្នកឧកញ៉ា លី ហួរ ដែលគេស្គាល់ថាជាមហាសេដ្ឋីអចលនទ្រព្យនៅកម្ពុជានោះនៅតែបន្ដការអភិវឌ្ឍនូវគម្រោងធំៗរបស់ខ្លួនមិនមានការផ្អាកអ្វីនោះទេ។ ជាក់ស្ដែង អ្នកឧកញ៉ា សៀ ឫទ្ធី ថ្មីៗនេះ បានបោះទុន២០០លានដុល្លារវិនិយោគសាសង់ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដែលស្ថិតនៅទីក្រុងនាគសម្តេចតេជោ ដែលនៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែលអ្នកឧកញ៉ា លី ហួរ ក៏បានបន្ដវិនិយោគពង្រីកសាខាធនាគារ SBI LY Hour កាន់តែច្រើនសាខាផងដែរ៕