
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានខេមបូណូមីសថា នារដូវប្រមូលផលផ្លែឈើនៅឆ្នាំនេះ ប្រជាពលរដ្ឋបានធ្វើដំណើរមកលេងកម្សាន្ត និងទិញផ្លែឈើដល់ចម្ការផ្លែឈើមានចំនួនច្រើនជាងឆ្នាំមុន ជាពិសេសចម្ការទុរេនតែម្តង។ ប្រធានមន្ទីររូបនេះអះអាងថា កំណើនប្រជាពលរដ្ឋចុះមកប្រមូលទិញផ្លែឈើដល់ចម្ការនេះបានជួយជំរុញដល់ចរន្តសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ ផងដែរ។
ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសជំនាញលើដំណាំទុរេននៃក្រុមហ៊ុនអង្គរហ្គ្រីន កត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សាយពីការប្រមូលផលផ្លែឈើ ធ្វើឱ្យប្រជាពលរដ្ឋមានទំនោរចង់ទៅទិញផ្លែឈើហូបផ្លែដល់ចម្ការមានចំនួនច្រើន ដោយសារពួកគេយល់ថាផ្លែឈើទាំងនោះមានសុវត្ថិភាព ក៏ដូចជាមានទំនុកចិត្តក្នុងការបរិភោគជាដើម។
គួរបញ្ជាក់ថា កាលពីកន្លងទៅមានឈ្មួញកណ្ដាលមួយចំនួនបាននាំចូលផ្លែឈើពីក្រៅស្រុក ជាពិសេសផ្លែទុរេនស្រស់ដោយខុសច្បាប់យកមកលក់នៅកម្ពុជា ដោយគ្មានការត្រួតពិនិត្យរកសារធាតុគីមីឱ្យបានត្រឹមត្រូវ ដែលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជុំវិញការបរិភោគផ្លែឈើទាំងនោះធ្វើនាំឱ្យប៉ះពាល់ដល់សុខភាព ហើយមានប្រជាពលរដ្ឋមួយចំនួនហាក់រអាក្នុងការបរិភោគផ្លែឈើទាំងនោះ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា