ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ប្រជាពលរដ្ឋខ្មែរជាង១លាន៣សែននាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ឱកាសការងារនៅក្រៅប្រទេស។ បើតាមអ្នកនាំពាក្យរូបនេះ ក្នុងចំណោមពលរដ្ឋជាង១លាន ៣សែននាក់នេះ មានពលរដ្ឋជាង១លាន២សែននាក់ កំពុងបម្រើការងារនៅក្នុងប្រទេសថៃ និងជាង៥ម៉ឺននាក់ កំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ហើយក្រៅពីនោះកំពុងបម្រើការងារនៅប្រទេសជប៉ុន, ម៉ាឡេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុង និងអារ៉ាប់ប៊ីសាអូឌីត ជាដើម។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ពលករធ្វើការនៅក្រៅប្រទេសទាំងនេះ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារជាមធ្យមមានប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ អ្នកនាំពាក្យរូបនេះអះអាងថា ការចេញទៅធ្វើការនៅបរទេសមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រផងដែរ។ លើសពីនេះពលរដ្ឋខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស ក៏ទទួលបានចំណេះដឹង និងបទពិសោធន៍ការងារសម្រាប់ប្រកបរបរចិញ្ចឹមជីវិតនៅពេលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសផងដែរ។
គួរកត់សម្គាល់ថា រំហូរថវិការបស់ពលរដ្ឋខ្មែរដែលផ្ញើមកគ្រួសារពីគ្រប់ប្រទេសប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ គឺមានការកើនឡើងប្រមាណ២០០លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ៖ បូ ដូឡា