ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង

កម្ពុជានាំចេញទៅកូរ៉េខាងត្បូងជិត ១៩០ លានដុល្លារ កើនឡើងជាង២០% នៅ១០ខែឆ្នាំនេះ


ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ប្រមាណជិត ៦៦០លានដុល្លារអាមេរិក មានការកើនឡើងជាង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង សម្រេចបានប្រមាណជិត១៩០លានដុល្លារអាមេរិក កើនឡើងជាង ២០% ខណៈការនាំចូលពីទីផ្សារកូរ៉េខាងត្បូងមកវិញ មានទំហំទឹកប្រាក់ជាង ៤៦០លានដុល្លារអាមេរិក ថយចុះជិត ៣%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង

ក្រុមអ្នកជំនាញសេដ្ឋកិច្ច​អះអាងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង បច្ចុប្បន្ន​មានភាពល្អប្រសើរកើនឡើងជាបន្តបន្ទាប់ ខណៈនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េចូលជាធរមាននោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានការកើនឡើងទ្វេដងផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានអះអាងថា ទីផ្សារប្រទេសកូរ៉េខាងត្បូង គឺជាទីផ្សារធំមួយរបស់កម្ពុជាក្នុងការធ្វើកិច្ចពាណិជ្ជកម្មទ្វេភាគី ហើយទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ នាពេលបច្ចុប្បន្ន គឺមានកំណើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។ លោក បន្ថែមថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែមានការរីកចម្រើនថែមទៀត ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​​រវាង​ប្រទេស​ទាំង​២ ចូល​ជា​ធរមាន​ ដោយកម្ពុជានឹងខិតខំសម្រិតសម្រាំងផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសផលិតផលកសិផលតែម្តងដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ។ ជាពិសេស តាមរយៈកិច្ចព្រមព្រៀងនេះដែរ កម្ពុជាក៏អាចទាក់ទាញវិនិយោគិនកូរ៉េ មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមលើវិស័យអទិភាពមួយចំនួន ដែលមានតម្រូវការខ្ពស់នៅប្រទេសកូរ៉េ ដើម្បីផលិត និងនាំចេញទៅទីផ្សារប្រទេសកូរ៉េតែម្តងផងដែរ។

មិនខុសគ្នានោះទេ បើតាមឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងដោះដូរពាណិជ្ជកម្មរទ្វេភាគីវាងកម្ពុជា និងកូរ៉េខាងត្បូង គឺហាក់មានភាពល្អប្រសើរមកជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ចូលជាធរមានទៀតនោះ ឧកញ៉ា លឹម ហេង រំពឹងថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងទ្វេដង ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល​បានធ្វើកំណែទម្រង់ល្អប្រសើរជាច្រើន​សម្រាប់​បរិយាកាសធុរកិច្ច និងការវិនិយោគ​នៅកម្ពុជា។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលកម្ពុជា និងឡាវ ចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងព្រំដែន

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ នៅថ្ងៃទី ២១ ខែវិច្ឆិកា បានចុះអនុសារណយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្…

កាន់តែពិសេសខ្លាំង ពីបុរី ប៉េង ហួត! ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេស

ព័ត៌មាន
រាជធានីភ្នំពេញ៖ បានទាំងផ្ទះ បានទាំងឈ្នះ ដំណើរកម្សាន្ត VIP ប្រភេទ Business Class ទៅក្រៅប្រទេស។ បុរី ប៉េង ហួត សូមផ្ដល់ជូនកាដូដ៏ពិសេសនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ