ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD បានពង្រីកវិសេសវិសាលគួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំនេះ តាមរយៈការបង្កើនសមត្ថភាព និងចំនួនបុគ្គលិក ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនឱ្យវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅពិភពលោក Tesla។ ដោយមានការគាំទ្រពីការលក់នៅក្នុងស្រុកដ៏រឹងមាំនៅប៉ុន្មានខែចុងក្រោយនេះ បានជួយឱ្យក្រុមហ៊ុន BYD កំពុងឈានទៅសម្រេចគោលដៅលក់រថយន្តឱ្យបាន៤លានគ្រឿងនៅឆ្នាំនេះ ដែលអាចច្រើនជាងបរិមាណលក់របស់ក្រុមហ៊ុន Honda និងក្រុមហ៊ុន Ford។ ជាក់ស្តែងនៅក្នុងរយៈពេល១១ខែឆ្នាំនេះ ក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ជាង៣លាន៧សែនគ្រឿង។
បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ CPCA គិតត្រឹមខែតុលា ចំណែកទីផ្សាររថយន្តនៅប្រទេសចិន មានចំនួនសរុបជាង៩០% ហើយក្រុមហ៊ុន BYD មានចំណែកទីផ្សារកើនឡើងពី១២,៥% នៅឆ្នាំ២០២៣ ឡើងដល់១៦,២ នៅឆ្នាំនេះ។ ប្រសិនបើសន្ទុះនៃការលក់នៅតែបន្តកើនឡើងថេរ នោះក្រុមហ៊ុន BYD អាចលក់រថយន្តបានជាង៦លានគ្រឿងក្នុងរយៈពេល១២ខែខាងមុខ ដែលនឹងធ្វើឱ្យក្រុមហ៊ុននេះតាមទាន់ក្រុមផលិតរថយន្តឈានមុខគេរបស់ពិភពលោកមួយចំនួនដូចជាក្រុមហ៊ុន General Motors និងក្រុមហ៊ុន Stellantis ជាដើម។
ក្រុមអ្នកវិភាគនៅធនាគារ Citi របស់ចិន បានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្ត BYD មានបំណងចែកចាយរថយន្តឱ្យបានចន្លោះពី៥-៦លានគ្រឿង នៅឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ សុខ មង្គល