សន្និសីទអន្តរជាតិអនាគតអាស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជាដែរ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ២៧ឧសភានេះ បានអះអាងជាថ្មីទៀតថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់បំណុលកម្ពុជានោះដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់បំណុលកម្ពុជានោះដែរ។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននៅសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជានោះដែរ។ ការឆ្លើយរបស់សម្ដេចដូច្នេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា សន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី ដែលរៀបចំឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ សម្រាប់កម្ពុជា គឺមិនដាក់ខ្លួនទៅក្នុងអន្ទាក់នរណាទាំងអស់ ហើយចិនក៏មិនមែនជាប្រទេសតែមួយគត់ដែលកម្ពុជា បានខ្ចីប្រាក់នោះដែរ ដោយសម្ដេចបន្តថា សូម្បីប្រទេសជប៉ុន កម្ពុជាក៏បានខ្ចីប្រាក់ច្រើន ខណៈប្រទេសដទៃទៀត កម្ពុជា ក៏បានខ្ចីប្រាក់ដូចគ្នា។

ជាមួយគ្នានោះ សម្ដេចក៏បានអះអាងទៀតថា សម្ដេចធានាថា អ្វីដែលកម្ពុជាខ្ចី គឺកម្ពុជាមានការប្រុងប្រយ័ត្នដោយខ្លួនឯង ដោយកម្ពុជាមានច្បាប់ទាក់ទងនឹងការខ្ចីបំណុល ហើយបើគិតមកដល់ពេលនេះ ពិដានសម្រាប់ការខ្ចីរបស់កម្ពុជា ដែលគេអនុញ្ញាតឱ្យខ្ចីរហូតដល់ ៤០% នៃផលិតផលក្នុងស្រុកសរុប ហើយកម្ពុជាទើបតែបានខ្ចីត្រឹមតែ២៣% តែប៉ុណ្ណោះ ដែលនៅសេសសល់ទំហំសម្រាប់ការខ្ចីតទៅទៀត។

បើទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាមិនមែនចេះតែខ្ចី ដោយមិនបានគិតគូរអំពីស្ថានភាពបំណុល ដែលអាចដោះស្រាយបាននោះទេ ដូច្នេះសម្ដេចមិនយល់ថា ចិនដាក់អន្ទាក់កម្ពុជា តាមរយៈ ការផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជា ហើយសម្ដេចក៏មិនគិតថា ជប៉ុនដាក់អន្ទាក់កម្ពុជា ចំពោះការខ្ចីបុលពីជប៉ុន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេស គឺកំពុងផែទឹកជ្រៅ នៅឯខេត្តព្រះសីហនុដូចគ្នាដែរ។ សម្ដេចក៏បានបញ្ជាក់បន្តថា កម្ពុជាមិនដាក់ខ្លួន ទៅជាកូនបំណុលរបស់នរណាមួយនោះទេ ព្រោះកម្ពុជា មិនអាចខ្ចីតែពីចិន តែកម្ពុជាអាចខ្ចីពីជប៉ុន,កូរ៉េ,ធនាគារអភិវឌ្ឍអាស៊ី,ធនាគារពិភពលោក,ធនាគារអឺរ៉ុប ជាដើម។

បើយោងតាមរបាយការណ៍សង្ខេបស្ដីពីស្ថានភាពបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជា បានជំពាក់បំណុលរាជរដ្ឋាភិបាលប្រទេសជប៉ុនប្រមាណ ៨៧០លានដុល្លារអាមេរិក នៃសន្និបំណុលសរុបប្រមាណ ៩ពាន់៥រយលានដុល្លារអាមេរិក។ ប្រទេសជប៉ុន គឺជាប្រទេសម្ចាស់បំណុលធំបំផុតទី២ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន ដោយកម្ពុជាមានជំពាក់បំណុលចិនជាង៤ពាន់លានដុល្លារ ខណៈដែលកម្ពុជាជំពាក់កូរ៉េខាងត្បូងមានប្រមាណ៥០០លានដុល្លារ និងជំពាក់បារាំងមានជិត៤៨០លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជិត៥ខែដើមឆ្នាំនេះ មានរថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ៨០០%

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងរយៈពេលជិត៥ខែកន្លងមកនេះមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួងកើ…

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តមជា សុផារ៉ា ដោះស្រាយបញ្ហានិងកែតម្រូវព្រំប្រទល់បឹងទន្លេសាបឡើងវិញ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដោះស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ