ស្របពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បើកដំណើរការរោងចក្រដំបូងបង្អស់របស់ខ្លួននៅអាស៊ីអាគ្នេយ៍ក្នុងប្រទេសថៃ កាលពីដើមខែនេះ ប្រទេសនេះទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យឧស្សាហកម្មរបស់ខ្លួន។
ទោះជាយ៉ាងណា អ្វីដែលគេមិនសូវចាប់អារម្មណ៍ដល់នោះ គឺក្រុមហ៊ុន Suzuki Motor បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយទៀតរបស់ជប៉ុន បានប្រកាសនៅប៉ុន្មានសប្តាហ៍មុនការបើកដំណើរការរោងចក្ររបស់ BYD ថា ខ្លួននឹងបិទរោងចក្រដែលមានសមត្ថភាពផលិតរថយន្តបានរហូតដល់៦ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅប្រទេសថៃ។
ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានឆ្លុះបញ្ចាំងពីការសម្រេចស្រដៀងគ្នារបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលកំពុងជួបបញ្ហាប្រឈមជាច្រើនរួមមានការហូរចូលយ៉ាងគំហុកនៃទំនិញថោកៗនាំចូលពីប្រទេសចិន ដែលជោរជន់ពេញទីផ្សារ ការឡើងថ្លៃថាមពល និងកម្លាំងពលកម្ម ដែលមានវ័យចំណាស់ ដែលកត្តាទាំងអស់នេះធ្វើឱ្យប្រទេសថៃ ធ្លាក់ចុះក្នុងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា រោងចក្ររហូតដល់ទៅជិត២ពាន់រោងចក្រនៅប្រទេសថៃ បានបិទទ្វារជាបន្តបន្ទាប់គ្នាកាលពីឆ្នាំ២០២៣ កន្លងទៅ ដែលបានធ្វើរអាក់ក់រអួលដល់វិស័យផលិតកម្មដែលរួមចំណែកជិត១ភាគ៤ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានទំហំ៤៩៧ពាន់លានដុល្លារអាម៉េរិករបស់ប្រទេសនេះ៕
ដោយ: តែម សុខុម