ការរំពឹងបែបនេះ គឺដោយសារកម្ពុជា ទទួលបានរោងចក្រច្នៃគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងជីវឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agre Tech នៅក្នុងខេត្តកំពង់ធំកាលពីពេលថ្មីៗ ឯកឧត្តម តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជឿជាក់ថា កម្ពុជានឹងអាចស្រូបទាញគ្រាប់ស្វាយចន្ទីស្រស់សម្រាប់កែច្នៃក្នុងស្រុកលើស២៥% ដែលជាចំនួនដែលបានកំណត់ក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២២។
ការរំពឹងបែបនេះធ្វើឡើងក្រោយមកទល់ពេលនេះកម្ពុជា សម្រេចបានការកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ១២%។ ទន្ទឹមនេះមន្ត្រីជាន់ខ្ពស់រូបនេះ ស្នើឱ្យកសិករចូលរួមចងក្រងក្នុងសហគមន៍កសិកម្មទំនើប ដ្បិតគម្រោងនេះអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករ។
ជាមួយគ្នានេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ជឿជាក់ថា គោលដៅកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបាន២៥% នឹងអាចសម្រេចបាន ដោយសារបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួយសម្រួលដោះស្រាយបន្ទុកមួយចំនួនរបស់រោងចក្រ សហគ្រាសកែច្នៃស្វាយចន្ទី។ បើតាមប្រធានសមាគមរូបនេះ គោលនយោបាយជាតិ ស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ នឹងសម្រេចតាមគោលដៅ ប្រសិនបើរាជរដ្ឋាភិបាលជួយសម្រួលដល់ការបន្ថែមទុនបង្វិលដល់សហគ្រាសកែច្នៃក្នុងស្រុក និងកាត់បន្ថយរបាំងពាណិជ្ជកម្មមួយចំនួន។
សូមបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីនៅកម្ពុជា ដូចជាអាចធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លើសពីនេះ ធ្វើឱ្យផលិតកម្ម និងផលិតភាពមានសមត្ថភាពប្រកួតប្រជែងទាំងទិន្នផល និងគុណភាព, ធ្វើឱ្យកម្ពុជាទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទីចំពោះអ្នកដាំដុះ និងអ្នកកែច្នៃលើការអនុវត្តខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ក៏ដូចជាជួយបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ និងក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត។
បើយោងតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។
នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជា សម្រេចបានជាង៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ បូ ដូឡា