ផលិតផលអំបិល

កម្ពុជា គ្មានផែនការនាំចូលអំបិលនោះទេ នៅឆ្នាំនេះ ខណៈបច្ចុប្បន្នផលិតអំបិលបានជាង១៣ម៉ឺនតោន


អាកាសធាតុក្តៅនៅដើមឆ្នាំនេះ បានផ្តល់ភាពអំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប។ តួយ៉ាងគិតត្រឹមរយៈពេល៥ខែឆ្នាំ២០២៤នេះ កម្ពុជាផលិតអំបិលបានជាង១៣ម៉ឺនតោន មានការកើនឡើងជិត៥ម៉ឺនតោន បើធៀបនឹងទិន្នផលអំបិល កាលពីឆ្នាំ២០២៣។ តាមរយៈកំណើនយ៉ាងច្រើននេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វាយតម្លៃថា ទិន្នផលអំបិលនៅឆ្នាំនេះនឹងអាចឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងស្រុក ហើយកម្ពុជា ក៏គ្មានផែនការនាំចូលអំបិលពីខាងក្រៅនោះដែរ។
ផលិតផលអំបិល
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា គ្មានសញ្ញាណាមួយបង្ហាញថា កម្ពុជាអាចខ្វះអំបិលសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកនោះទេ នៅឆ្នាំនេះ។

ជាក់ស្តែងគិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កសិករនៅខេត្តកែប និងកំពត ផលិតអំបិលបានជាង១៣ម៉ឺនតោន​ មានការកើនឡើងយ៉ាងគំហុកបើធៀបនឹងទិន្នផលអំបិលកាលពីឆ្នាំមុន ពោលគឺនៅពេញមួយឆ្នាំ២០២៣ កម្ពុជាផលិតអំបិលបានតែប្រមាណជាង៨ម៉ឺនតោនប៉ុណ្ណោះ។

កត្តាដែលជំរុញឱ្យការផលិតអំបិលនៅឆ្នាំនេះ ទទួលបានទិន្នផលកើនឡើងខ្ពស់ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា គឺដោយសារភាពអំណោយផលពីអាកាសធាតុក្តៅខ្លាំងនៅដើមឆ្នាំនេះ។ ម្យ៉ាងទៀត គួបផ្សំមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្នុងការជំរុញការផលិតអំបិល ដែលជាទំនិញយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា។

​តាមរយៈទិន្នផលអំបិល ដែលសម្រេចបានជាង១៣ម៉ឺនតោននេះ គួបផ្សំការផលិតអំបិលនៅតែបន្ត បានជំរុញឱ្យមន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ឆ្នាំនេះកម្ពុជានឹងមានអំបិលប្រើប្រាស់គ្រប់គ្រាន់ពេញមួយឆ្នាំ ដោយមិនចាំបាច់នាំចូលពីបរទេសនោះទេ ហើយកម្ពុជា ក៏គ្មានផែនការក្នុងការនាំចូលអំបិលនោះដែរ។

ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មលើផលិតផលអំបិលឱ្យកាន់តែប្រសើរថែមទៀតផងដែរ។ តួយ៉ាង គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញអំបិលបានជាង២ម៉ឺន១ពាន់តោន និងមានអំបិលសល់នៅក្នុងស្តុកប្រមាណជាង១០ម៉ឺន៣ពាន់តោនឯណោះ។

​បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ ចាប់តាំងពីឆ្នាំ២០២៣មក កម្ពុជា មិនមានតម្រូវការនាំចូលអំបិលពីក្រៅប្រទេសនោះទេ ពោលគឺកម្ពុជា បាននាំចូលអំបិលតែនៅក្នុងឆ្នាំ២០២២ប៉ុណ្ណោះ ដែលនៅអំឡុងពេលនោះ ទិន្នផលនៃការផលិតអំបិលរបស់កម្ពុជា មានចំនួនទាបត្រឹមតែជាង៣ម៉ឺន២ពាន់តោនប៉ុណ្ណោះ ដែលបង្ខំឱ្យកម្ពុជា ត្រូវនាំចូលអំបិលពីប្រទេសឥណ្ឌា ចំនួនប្រមាណ៣ម៉ឺនតោន ដើម្បីបម្រុងទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។

គួរជម្រាបថា បច្ចុប្បន្នកម្ពុជា មានខេត្តចំនួនពីរ គឺខេត្តកំពត និងកែប ដែលបាននិងកំពុងផលិតអំបិលជាប្រចាំ ដោយមានផ្ទៃដីផលិតអំបិលសរុបចំនួនប្រមាណ៤ពាន់ហិកតា និងមានប្រជាសហគមន៍ផលិតអំបិលប្រមាណ១៩១ក្រុម៕

None



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការបន្ធូរបន្ថយលក្ខខណ្ឌលើការថតរូប ឬវីដេអូនៅតំបន់អង្គរ?

ការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនលើការថតរូបភាព ឬវីដេអូនៅតំបន់អង្គរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ខណៈកន្លងទៅអាជ្ញាធរបានរឹតត្បិត…

តើមានកត្តាអ្វីធ្វើឱ្យការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មសម្រេចបានលើសផែនការ នៅឆមាសទី១ឆ្នាំនេះ?

ថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្ម នៅកម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ