វិស័យពាណិជ្ជកម្ម

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារ RCEP ជាង៣១ពាន់លានដុល្លារនៅ១១ខែ ឆ្នាំនេះ


ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បន្តរក្សាបានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា ជាមួយទីផ្សារ RCEP បានឈានដល់ជាង៣១ពាន់៣៦៦លានដុល្លារ មានការកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
វិស័យពាណិជ្ជកម្ម
ដោយ

ការកើនឡើងនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា ដោយសារការកើនឡើងតម្រូវការបញ្ជាទិញ គួបផ្សំកម្ពុជា បានបន្ថែមផលិតផលនាំចេញថ្មីៗ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានទំហំសរុបជាង៣១ពាន់៣៦៦លានដុល្លារអាម៉េរិក មានកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារ RCEP មានទំហំប្រមាណ៨ពាន់២៥៥លានដុល្លារ មានការកើនឡើងជាង១៤% ខណៈការនាំចូលមានទំហំប្រមាណ២៣ពាន់១១១លានដុល្លារ មានការកើនឡើងជាង១៩%។

ការកើនឡើងទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារ RCEP នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គឺដោយសារកម្ពុជា បានបង្កើន និងបន្ថែមការនាំចេញផលិតផលថ្មីមួយចំនួនដូចជាគ្រាប់ស្វាយចន្ទី និងសំបកកង់រថយន្ត និងផលិតផលស្បែកជើងជាដើម ស្របពេលដែលការនាំចូលពីទីផ្សារ RCEP នៅមួយរយៈចុងក្រោយដូចជាសម្ភារសំណង់ និងបរិក្ខារម៉ាស៊ីនជាដើម ក៏មានការកើនឡើងដូចគ្នា។

​បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ កម្ពុជា កំពុងពិនិត្យរកឱកាសធ្វើពាណិជ្ជកម្មជាមួយទីផ្សារ RCEP បន្ថែមទៀត ព្រោះតែទីផ្សារនេះនៅមានបន្ទាត់ពន្ធសូន្យច្រើនទៀតដល់ការនាំចេញ ខណៈអ្នកនាំចេញរបស់កម្ពុជា ក៏នៅមានជម្រើសច្រើន ព្រោះនៅក្នុងចំណោមប្រទេសជាសមាជិក RCEP ដូចជាចិន កូរ៉េ ជាដើម សុទ្ធតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនៅតែតម្កល់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ RCEP ជាគន្លឹះកំណើនសម្រាប់សេដ្ឋកិច្ចជាតិ ព្រោះក្រៅអំពីការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ក៏នៅមានកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជាការជួយគ្នាទៅវិញទៅមកក្នុងវិស័យពលកម្ម បច្ចេទេស និងការផ្ទេរចំណេះដឹងលើការវិនិយោគជាដើម។

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានប្រទេសជាសមាជិកចំនួន១៥ រួមមាន ប្រទសសមាជិកអាស៊ាន ចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតនៅលើពិភពលោក៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ផ្លូវរថភ្លើងឡាវ-ចិនទទួលបានអ្នកដំណើរជាង ៤៣លាននាក់ ក្រោយបើកដំណើរការបាន៣ឆ្នាំ

ផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនទទួលបានអ្នកដំណើរជាង ៤៣លាននាក់ និងទំនិញជិត ៥ពាន់តោន ក្រោយបើកដំណើរការអស់រយៈពេល៣ឆ្នាំមកនេះ ដោយចំនួនអ្នកធ្វើដ…

ក្រុមហ៊ុនម៉ាឡេស៊ីដ៏ធំមួយបោះទុនវិនិយោគនៅកម្ពុជា ដើម្បីផលិតកែច្នៃ និងនាំចេញផលិតផលហាឡាល ទៅកាន់ទីផ្សារអន្តរជាតិ

ក្រុមហ៊ុនបារាយណ៍ គ្លូប៊ល មេនេចម៉ិន (BGM) ដែលជាក្រុមហ៊ុនមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការជំរុញវិនិយោគលើវិស័យកសិឧស្សាហកម្ម ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ