អ្នកជំនាញក្នុងវិស័យកសិកម្ម កត់សម្គាល់ឃើញថា កត្តាដែលធ្វើឲ្យការនាំចូលជីកសិកម្មមានការកើនឡើង ដោយសារនៅដើមឆ្នាំនេះ តម្លៃផលិតផលកសិកម្មហាក់ល្អប្រសើរ និងធ្វើឲ្យកសិករចាប់ផ្ដើមធ្វើកសិកម្មច្រើន ជាពិសេសការដាំដុះដំណាំស្រូវតែម្ដង។
ស្ថិតិពាណិជ្ជកម្មទំនិញនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបានចំណាយទឹកប្រាក់លើការនាំចូលជីកសិកម្មពីខាងក្រៅប្រទេសប្រមាណជាង២៦លានដុល្លារអាម៉េរិក ពោលគឺមានការកើនឡើងជិត៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនទឹកប្រាក់ត្រឹមជាង១៨លានដុល្លារប៉ុណ្ណោះ។
ជុំវិញកំណើននាំចូលជីកសិកម្មនេះ លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីនបានកត់សម្គាល់ឃើញថា តម្រូវការប្រើប្រាស់ជី និងថ្នាំកសិកម្មរបស់ប្រជាកសិករ នៅដើមឆ្នាំ២០២៤ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃកសិផលរបស់កសិករមួយចំនួនមានទីផ្សារល្អប្រសើរ។
បើតាមលោក ហួរ ធីនាង បើទោះបីជាតម្រូវការជីកសិកម្មក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែចំពោះតម្លៃជីថ្នាំកសិកម្មនាពេលបច្ចុប្បន្ននេះ ហាក់មិនការប្រែប្រួល និងបង្កជាក្ដីព្រួយបារម្ភសម្រាប់កសិករនោះទេ តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺបញ្ហានៃការប្រែប្រួលអាកាសធាតុ។
ដ្បិតបច្ចុប្បន្ន តម្លៃជីកសិកម្ម មិនទាន់មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែអ្នកជំនាញក្នុងវិស័យកសិកម្ម និងជាអ្នកគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន ក៏បានបង្ហាញការព្រួយបារម្ភខ្លះដែរ ចំពោះវិបត្តិសកលលោកនានា ពិសេសជម្លោះនៅសមុទ្រក្រហមតែម្ដង ដែលកំពុងបង្កនូវហានិភ័យដល់ការដឹកជញ្ជូនរបស់ពិភពលោករួមទាំងកម្ពុជា។
សម្រាប់លោក ហួរ ធីនាង បញ្ហាជម្លោះនៅសមុទ្រក្រហម រួមជាមួយវិបត្តិផ្សេងៗ នៅតែជាបញ្ហាប្រឈមសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ហើយចង់ ឬមិនចង់ បញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើបញ្ហាជម្លោះនៅសមុទ្រក្រហមមិនបានដោះស្រាយទេនោះ តម្លៃដឹកជញ្ជូនពិភពលោកនឹងនៅតែបន្តកើនឡើង ហើយបញ្ហានេះអាចនឹងជំរុញឲ្យថ្លៃនាំចូលជីថ្នាំកសិកម្មរបស់កម្ពុជាកើនឡើង។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចូលជីបំពេញតម្រូវការវិស័យកសិកម្ម គិតជាទឹកប្រាក់ប្រមាណជាង៣២៥លានដុល្លារ កើនឡើងជាង១៧% បើធៀបឆ្នាំ២០២២ មានចំនួនជាង២៧៦លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕