ភាពជាដៃគូនេះនឹងផ្តល់ជូនអ្នកធ្វើដំណើរជនជាតិឥណ្ឌា និងកម្ពុជា នូវភាពងាយស្រួលនៃការទូទាត់តាមឃ្យូអរកូត យ៉ាងរហ័សទាន់ចិត្ត និងមានសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងបណ្តាអាជីវកម្មផ្សេងៗទៀត។ ក្នុងន័យនេះ ភ្ញៀវទេសចរ ដែលជាជនជាតិឥណ្ឌានៅកម្ពុជា អាចប្រើប្រាស់កម្មវិធី UPI ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បានយ៉ាងងាយស្រួលនៅតាមទីតាំងរបស់អាជីវករចំនួនជាង ៤លាន៥សែនកន្លែងនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ភ្ញៀវទេសចរកម្ពុជានៅប្រទេសឥណ្ឌា នឹងអាចស្កេន UPI QRs ចំនួនជាង ៧០៩ លាន ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ យ៉ាងងាយស្រួលដោយប្រើកម្មវិធីទូទាត់ប្រាក់ Bakong (KHQR) របស់កម្ពុជា។ កិច្ចសហការនេះនឹងគាំទ្រដល់ធុរកិច្ចក្នុងប្រទេសទាំងពីរដោយផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព ការទូទាត់តាមអន្តរប្រតិបត្តិការ និងមានប្រសិទ្ធភាព តាមរយៈ UPI និង KHQR ដែលជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារនៃប្រទេសទាំងពីរ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មទូទាត់ឆ្លងដែន ជាមួយក្រុមហ៊ុន NPCI International Payments Limited។ កិច្ចព្រមព្រៀងសេវាកម្មនេះ នឹងអនុវត្តតាមលក្ខខណ្ឌជាផ្លូវការតាមលក្ខណៈបច្ចេកទេស និងការភ្ជាប់ប្រព័ន្ធប្រតិបត្តិការតាមរយៈបណ្តាញ UPI របស់ក្រុមហ៊ុន NPCI ជាមួយប្រព័ន្ធអេកូឡូស៊ី KHQR របស់ធនាគារ អេស៊ីលីដា។
ការបង្កើតបណ្តាញប្រតិបត្តិការនេះធានានូវការទូទាត់ដែលមានសុវត្ថិភាព និងអាចធ្វើអន្តរកម្មទូទាត់បានយ៉ាងងាយស្រួល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអតិថិជនឥណ្ឌា ប្រើប្រាស់ទូរស័ព្ទចល័តដើម្បីស្កេនឃ្យូអរកូតសម្រាប់ទូទាត់ទិញទំនិញ និងសេវាកម្ម របស់ពាណិជ្ជករកម្ពុជា។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយផ្តល់នូវមធ្យោបាយដល់អតិថិជនជាមួយនឹងជម្រើសការទូទាត់ឆ្លងដែន ល្បឿនរហ័ស និងមានសុវត្ថិភាព ដែលជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជា និងឥណ្ឌា បានផ្តួចផ្តើមបង្កើតការទូទាត់តាមប្រព័ន្ធឌីជីថលឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណជាតិរវាងកម្ពុជា និងឥណ្ឌា។ កាលពីខែមីនា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជា និង NIPL បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីបើកដំណើរការឱ្យមានការទូទាត់ប្រាក់ឆ្លងដែនរវាងកម្ពុជា និងឥណ្ឌា។ ជាមួយគ្នានេះដែរ នៅខែឧសភា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) ជាមួយ NPCI International Payment Limited (NIPL) សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា និង NIPL នឹងសហការគ្នាលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឃ្យូអរ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា និង NIPL បាននឹងកំពុងសហការគ្នាអភិវឌ្ឍសមាហរណកម្មប្រព័ន្ធទូទាត់ឆ្លងដែន។ ហើយគម្រោងនេះផងដែរ នឹងគ្រោងដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR រវាងប្រទេសកម្ពុជា និងឥណ្ឌា (ឥណ្ឌា QR UPI ស្កេន KHQR) នៅក្នុងឆមាសទី ២ នៃឆ្នាំ២០២៦។ នាពេលអនាគត ធនាគារ អេស៊ីលីដា និង NPCI International Payment Limited (NIPL) នឹងសហការជាមួយធនាគារដៃគូបន្ថែមទៀត ដើម្បីរួមបញ្ចូលប្រព័ន្ធទូទាត់ឃ្យូអរ ដែលអាចឱ្យ អតិថិជនទទួល បាន ការទូទាត់ឆ្លងដែន រវាងប្រទេសកម្ពុជា និងឥណ្ឌា។
កិច្ចសហប្រតិបត្តិការនេះ តំណាងឱ្យភាពជោគជ័យ ដ៏សំខាន់មួយ នៅក្នុងការពង្រីកវិសាលភាពជាសកល ក្រៅពីតំបន់អាស៊ាន ដោយបន្ថែមប្រតិបត្តិការទូទាត់ឆ្លងដែនទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសដទៃទៀត ដោយពង្រឹងទីតាំងរបស់ខ្លួននៅក្នុងប្រព័ន្ធអេកូនៃការទូទាត់តាមឌីជីថលអន្តរជាតិ ដោយសម្របសម្រួលប្រតិបត្តិការកាន់តែមានភាពរលូន រហ័ស និងមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកធ្វើដំណើរ ដោយហេតុនេះជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីឈានទៅរកបណ្តាញទូទាត់សកលដែលអាចធ្វើអន្តរកម្មបានពេញលេញ។”
លោក Ritesh Shukla, នាយកប្រតិបត្តិ ក្រុមហ៊ុន NPCI International បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងច្រករបៀងទូទាត់ឌីជីថលអន្តរប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា។ តាមរយៈការបើកដំណើរការឱ្យមានការទទួលយកការទូទាត់តាមរយៈ UPI និង KHQR នៅក្នុងប្រទេសទាំងពីរ គឺមានគោលបំណងជំរុញឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងផ្តល់ឱ្យអតិថិជននូវជម្រើសនៃការទូទាត់យ៉ាងសំបូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រីកការទូទាត់ប្រាក់តាមបែបឌីជីថលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងវិសាលភាពក្នុងការទូទាត់ឌីជីថលនៅក្នុងកម្រិតសកល។” NPCI International Payments Limited (NIPL) ជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់សាជីវកម្មទូទាត់រូបិយបណ្ណជាតិនៃប្រទេសឥណ្ឌា (NPCI)។ ក្នុងនាមជាដៃគូរបស់ NPCI អន្តរជាតិ NIPL មានការប្តេជ្ញាក្នុងការដាក់ពង្រីកបណ្តាញប្រព័ន្ធទូទាត់របស់ NPCI - Unified Payments Interface (UPI) និងគម្រោងបណ្ណ (RuPay) នៅខាងក្រៅប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧០លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៣៥លាននាក់៕