កម្ពុជា គឺជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ ខណៈដែលការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាលើកដំបូង ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០៣។
ការបន្ត MOU ទៀតនេះ រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯក ពីប្រទេសកម្ពុជា។ ការបន្ត MOU នេះនឹងបន្តការផ្លាស់ប្តូរគ្នា នូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីធ្វើឲ្យសាធារណជនកាន់តែយល់ និងផ្តល់តម្លៃ ហើយស្វែងយល់បាននូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក MOU នេះបានជួយសម្រួលដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សាគាំពារបេតិកភណ្ឌវប្បធម៌។
នៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ក៏បានប្រកាសផងដែរ នូវជំនួយថវិកាចំនួន ៤៥ ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។
នៅក្នុងសុន្ទរកថារបស់លោក ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ប្រទេសយើងទាំងពីរមើលឃើញអំពីអំណាចនៃវប្បធម៌ ក្នុងការធ្វើឲ្យមនុស្សមានការរួបរួមគ្នា។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួន ក្នុងការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត» ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ៖ « អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានលួច និងទទួលទិញដោយអ្នកធ្វើសមុច្ច័យជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវវត្ថុបូរាណ និងសម្បត្តិវប្បធម៌ ពឹងផ្អែកលើសហប្រតិបត្តិការជិតស្និទ្ធ..កិច្ចសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានសារសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបូរាណខុសច្បាប់”។
លោកជំទាវបណ្ឌិសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។
តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌ ៕