កិច្ចប្រជុំនានា

កម្ពុជាប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេន និងបានផ្តល់ថវិកា១លានដុល្លារសម្រាប់រៀបចំកិច្ចប្រជុំនានា


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសគាំទ្រឡាវជាប្រធានអាស៊ានប្តូរវេន និងគាំទ្រតួនាទីបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ានៅឆ្នាំនេះ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកា១លានដុល្លារដល់រដ្ឋាភិបាលឡាវ សម្រាប់ចំណាយលើការរៀបចំកិច្ចប្រជុំនានាផងដែរ។
កិច្ចប្រជុំនានា
ដោយ

ការប្រកាសបែបនេះធ្វើឡើងក្នុងអំឡុងពេលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដែលទើបបញ្ចប់កាលពីពេលថ្មីៗ។

នាជំនួបទ្វេភាគីជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសផ្តល់ថវិកាចំនួន១លានដុល្លារអាមេរិកដល់រដ្ឋាភិបាលឡាវ សម្រាប់រៀបចំកិច្ចប្រជុំនានា និងបានប្រកាសគាំទ្ររដ្ឋាភិបាលឡាវជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៤ និងគាំទ្រតួនាទីបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវថា គឺដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈរលើមូលដ្ឋានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ទន្ទឹមនឹងនេះ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវបានបង្ហាញជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីមកកាន់ប្រទេសឡាវនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនោះដែរ សមភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យនយោបាយ ការពារជាតិ សន្ដិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ កីឡា ទេសចរណ៍ ការតភា្ជប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែនជាដើម។ បន្ថែមលើនេះ សមភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។

ក្រៅពីនាយករដ្ឋមន្ត្រីឡាវ សម្តេចធិបតី ក៏បានជួបពិភាក្សាការងារជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនៅវិមានរដ្ឋសភាផងដែរ។ ក្នុងជំនួបនោះ ប្រមុខរដ្ឋឡាវ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរកដំណោះស្រាយលើបញ្ហាដែលនៅសេសសល់ ជាពិសេសលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានជម្រាប់ប្រធានរដ្ឋឡាវពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនាយករដ្ឋមន្ត្រីឡាវ ដោយបានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗជាអាទិ៍ កិច្ចសហប្រតិបត្តិការវិស័យកិច្ចការព្រំដែន ថាមពល និងវិស័យផ្សេងៗទៀតរួមមានវិស័យអប់រំ ការតភា្ជប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ) / សេឡាំផាវ(ខេត្តចំប៉ាសាក់) ជាដើម។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានពិភាក្សាគ្នាពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណ កម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងការជំរុញផ្នែកសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ សេវាដឹកជញ្ជូនផ្លូវគោក និងទេសចរណ៍ តាមរយៈការជំរុញបង្កើនការហោះហើរត្រង់កម្ពុជា-ឡាវ សំដៅរួមចំណែកដល់កំណើនទេសចរណ៍ និងការពង្រីកពាណិជ្ជកម្ម។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៣ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តន៍កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងចន្ទន៍ ប្រកបដោយជោគជ័យចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ បន្ថែមទៀត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ដែលបានតស៊ូជំនះឧបសគ្គរួមគ្ន សហការគាំទ និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ព្រម ទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សរបស់អាមេរិកចំនួន៣ ប្រឈមនឹងការស៊ើបអង្កេតរបស់ EU ជុំវិញការបំពានច្បាប់ស្ដីពីទីផ្សារឌីជីថល

ក្រុមនិយ័តករប្រឆាំងសេចក្ដីទុកចិត្តរបស់សហភាពអឺរ៉ុបនឹងស៊ើបអង្កេតលើក្រុមហ៊ុនក្រុមហ៊ុនអាមេរិកធំៗ៣រួមមានក្រុមហ៊ុន Apple Google និង Meta ក្…

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

ក្រុមហ៊ុន Vietjet រីករាយក្នុងការប្រកាសប្រូម៉ូសិនពិសេសសម្រាប់សំបុត្រយន្តហោះអន្តរជាតិរៀងរាល់ថ្ងៃសុក្រ! នេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកដែលចូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ