វិស័យពាណិជ្ជកម្ម

កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០២៤


ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្តី ប៉ុន្តែវាពុំបានរាំងស្ទះដល់ការទាក់ទាញការវិយោគរបស់កម្ពុជា នោះទេ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ៤ពាន់២រយលានដុល្លារ មានការកើនឡើងជិត៥% បើធៀបនឹងឆ្នាំ២០២៣។ តើក្រុមអ្នកជំនាញមានការយល់ឃើញបែបណាចំពោះលំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា កាលពីឆ្នាំមុន និងពេលខាងមុខ?
វិស័យពាណិជ្ជកម្ម
ដោយ

របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានប្រមាណ៤ពាន់២រយលានដុល្លារ កើនឡើងជិត៥% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុ មានការកើនឡើងជាង១៧% ខណៈការវិនិយោគលើវិស័យហិរញ្ញវត្ថុ បានថយចុះជាង៣៥%។ បើតាមធនាគារជាតិនៃកម្ពុជា លំហូរចូលវិនិយោគទាំងនេះ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗ ដូចជា វិស័យកម្មន្តសាល សណ្ឋាគារ និងការកម្សាន្ត កសិកម្ម និងថាមពលជាដើម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើន និងធានាភាពធន់របស់សេដ្ឋកិច្ចជាតិ។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យលំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា មានការកើនឡើងពិសេសនៅក្នុងវិស័យកម្មន្តសាល គឺដោយសារកម្ពុជា រក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ស្របពេលដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន។ មិនតែប៉ុណ្ណោះ តាមរយៈការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងអាម៉េរិក និងចិន ក៏ជាឱកាសក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។

​ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានវាយតម្លៃថា កម្ពុជា ជាប្រទេសគោលដៅសំខាន់មួយក្នុងការទាក់ទាញការវិនិយោគផ្នែកកម្មន្តសាល ដើម្បីផលិត និងនាំចេញទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្នអ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជា នៅតែមានឱកាសក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបោះទុនវិនិយោគ ដ្បិតថា សហរដ្ឋអាម៉េរិក បានដំឡើងពន្ធតែលើប្រេទេសធំៗប៉ុណ្ណោះ ខណៈប្រទេសមានសេដ្ឋកិច្ចតូចដូចកម្ពុជា គឺពុំទាន់មានការដំឡើងពន្ធនោះទេ។

តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ក៏គួរពង្រឹងខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនពីប្រទេសដែលជាប់ពន្ធខ្ពស់ពីសហរដ្ឋអាម៉េរិក ឱ្យងាកមកវិនិយោគនៅកម្ពុជា ផងដែរ។

​ស្រដៀងគ្នានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានគូសបញ្ជាក់ថា កំណើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនឡើងប្រមាណ៥% កាលពីឆ្នាំមុន គឺជាសញ្ញាណល្អប្រសើរមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តែយ៉ាងណា លោកយល់ឃើញថា កម្ពុជាអាចមានឧបសគ្គ និងការប្រកួតប្រជែងមួយចំនួនក្នុងការទាក់ទាញការវិនិយោគពីបរទេសនាពេលខាងមុខ បន្ទាប់ពីមានយន្តការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក លើប្រទេសមួយចំនួន ដែលធ្វើឱ្យការវិនិយោគនៅលើពិភពលោកមានការប្រែប្រួល ដ្បិតថា កាលណាពន្ធឡើងខ្ពស់ ផលចំណេញនឹងធ្លាក់ចុះ ដូច្នេះវិនិយោគិនមានការស្ទាក់ស្ទើរ និងពិចារណាខ្ពស់មុននឹងសម្រេចបោះទុនវិនិយោគនៅក្រៅប្រទេស។

​​គួរជម្រាបថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៤១៤គម្រោង ជាមួយទុនវិនិយោគជិត៧ពាន់លានដុល្លារ ដែលជាកំណើនខ្ពស់បំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់នាពេលកន្លងមក។ ហើយនៅមួយខែដំបូងដើមឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៦៨គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារ។ តាមរយៈលទ្ធផលនេះធ្វើឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារំពឹងថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគលើសពី៥០០គម្រោងនៅឆ្នាំ២០២៥ នេះ៕




អត្ថបទបន្ទាប់


មេផ្សារហ៊ុនរំពឹងទទួលបានក្រុមហ៊ុនយ៉ាងហោចណាស់៦ ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងមូលបត្របំណុលនៅឆ្នាំនេះ

ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្រ្តនយោបាយ កំពុងធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភ និងរារែកក្នុងការបោះទុនវិនិយោគ។…

លោក ដូណាល់ ត្រាំ គំ.រាមយកពន្ធសងសឹកប្រឆាំងអឺរ៉ុប និងកាណាដា ដែលហ៊ានយកពន្ធសេវាឌីជីថលលើបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក

ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធសងសឹកប្រឆាំងបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសកាណាដា ដោយមិនលើកលែង ដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ