វិស័យកសិកម្ម

តើកម្ពុជា អាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានហើយឬនៅ?


មកទល់ពេលនេះ កម្ពុជា នៅមិនទាន់មានវឌ្ឍនភាពថ្មីនៅឡើយទេ ពាក់ព័ន្ធការនាំចេញទុរេនផ្លូវការទៅកាន់ទីផ្សារចិន ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុះបញ្ជីចម្ការ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់សម្រាប់នាំចេញ។ បើតាមការអះអាងរបស់អ្នកដាំទុរេន បច្ចុប្បន្នមិនទាន់មានគយចិន ចុះមកពិនិត្យ ចម្ការរបស់ពួកគេនៅឡើយទេ តែមានឈ្មួញកណ្ដាលជនជាតិចិន និងមកពីប្រទេសក្បែរខាងកម្ពុជា បានចុះមកប្រមូលទិញទុរេនដោយផ្ទាល់ជាបន្តបន្ទាប់។ តើមកទល់ពេលនេះទុរេនកម្ពុជា អាចនាំចេញទៅប្រទេសចិន ជាផ្លូវការបានហើយ ឬយ៉ាងណា?
វិស័យកសិកម្ម
ដោយ

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងប្រធានសហគមន៍ចម្ការស្តេចទុរេន បានឱ្យដឹងថា មកទល់ពេលនេះមិនទាន់ឃើញមានខាងគយចិន ចុះមកពិនិត្យនៅចម្ការទុរេនរបស់លោក និងកសិករឯទៀតនៅឡើយទេ ដោយបច្ចុប្បន្នមានតែឈ្មួញកណ្ដាលចុះមកប្រមូលទិញទុរេននៅចម្ការមួយចំនួន ហើយនាំចេញបន្តទៅប្រទេសចិន ក្រៅផ្លូវការ និងពុំទាន់មានការនាំចេញជាលក្ខណៈផ្លូវការរវាងកម្ពុជា និងចិន នៅឡើយទេ។ ទន្ទឹមនឹងកម្ពុជា កំពុងបើកច្រកនាំចេញទៅទីផ្សារចិន អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យកសិករពង្រីកការដាំដំណាំទុរេនបន្ថែមទៀត ដើម្បីចាប់យកឱកាសនាំចេញទៅកាន់ទីផ្សារចិន។ ហើយការដាំដុះទុរេ​នក៏គួរគិតគូរពីស្ដង់ដា​ និងគុណភាព ដែលឆ្លើយតបនឹងតម្រូវការនាំចេញ។ ទន្ទឹមនឹងនេះ លោកសំណូមពរដល់រដ្ឋាភិបាល គួរមានលក្ខខណ្ឌ និងផែនការពីទំហំនៃការនាំចេញទុរេនទៅប្រទេសចិន ឱ្យបានច្បាស់លាស់ ដើម្បីឱ្យកសិករមានទំនុកចិត្តក្នុងការដាំដុះ។

​ទន្ទឹមនេះ លោកស្រី ហេង សុធាណា ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តត្បូងឃ្មុំ បានលើកឡើងថា ដោយសារតែឆ្នាំនេះឃើញមានតម្រូវការផ្លែទុរេន ដូច្នេះលោកស្រីនឹងពង្រីកការដាំដុះទុរេននៅឆ្នាំក្រោយបន្ថែមទៀត។ បើតាមម្ចាស់ចម្ការទុរេនរូបនេះ កន្លងមកនេះមានឈ្មួញកណ្ដាលជាជនជាតិចិន បានចុះមកប្រមូលទិញទុរេននៅតំបន់របស់លោកស្រី ប៉ុន្តែលោកស្រីមិនបានដឹងច្បាស់ទេថាតើឈ្មួញទាំងនោះនាំចេញបន្តទៅណាទៀតនោះដែរ។ ជាមួយគ្នានេះលោកស្រី ហេង សុធាណា ហាក់មិនមានទំនុកចិត្តក្នុងការចុះបញ្ជីនាំចេញទុរេនទៅប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្មនោះទេ ដោយសារការដាំដុះរបស់លោកស្រីមិនទាន់ស្របតាមស្ដង់ដា​តម្រូវ។

​ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការនាំចេញផ្លែទុរេនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារចិន មិនទាន់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយបច្ចុប្បន្នក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្រង់ពាក្យស្នើសុំនាំចេញទុរេនទៅប្រទេសចិន នៅឡើយ។

តែយ៉ាងណាបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post កម្ពុជា បានក្លាយជាប្រទេសចុងក្រោយគេក្នុងតំបន់អាស៊ាន ដែលមានឱកាសហក់ចូលទីផ្សារទុរេនក្នុងប្រទេសចិន ដែលមានប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ ជាមួយនឹងគោលដៅដណ្ដើមចំណែកទីផ្សារពីបណ្ដាប្រទេសនាំចេញទុរេនធំៗនៅក្នុងតំបន់ រួមមានប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី ដោយសារតែទុរេនរបស់កម្ពុជា មានរសជាតិឆ្ងាញ់ និងគ្មានផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ។

គួរបញ្ជាក់ថា ដើម្បីអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនបានកសិករត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ទៅកាន់អគ្គនាយកដ្ឋានកសិកម្មជាមុនសិន បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីភាគីគយចិន ចុះមកពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើរាជរដ្ឋាភិបាល គួរកែប្រែព្រលានយន្តហោះពោធិ៍ចិនតុងយ៉ាងណា ដើម្បីអាចផ្ដល់ផលប្រយោជន៍ដល់សាធារណៈជនឱ្យអស់លទ្ធភាព?

បើគ្មានការប្រែប្រួលអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលគ្រប់គ្នាភាគច្រើនស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុង អាចនឹងបិទប្រតិបត្តិការរបស់ខ្លួននៅថ្ង…

ក្រោយចាកចេញជិត៩ឆ្នាំ អង់គ្លេស កំពុងផ្សះផ្សារទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិជាមួយអឺរ៉ុបឡើងវិញ

គោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរុញច្រានឲ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ឈានទៅរកការផ្សារភ្ជាប់ទំនាក់ទំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ