កម្ពុជា អះអាងថា ការកាត់បន្ថយរយៈពេលទិដ្ឋាការ

កម្ពុជា អះអាងថា ការកាត់បន្ថយរយៈពេលទិដ្ឋាការសម្រាប់ពលរដ្ឋថៃ ធ្វើឡើងតាមភាគីថៃ តែថៃ ចោទថា កម្ពុជា ដាក់ចេញវិធានការនេះមុន


អាជ្ញាធរកម្ពុជា បានសម្រេចកាត់បន្ថយរយៈពេលទិដ្ឋាការសម្រាប់ជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជាតាមផ្លូវគោកពី១៤ថ្ងៃ មកនៅត្រឹម៧ថ្ងៃ ដើម្បីឆ្លើយតបនឹងវិធានការរបស់អាជ្ញាធរថៃ ដែលបានកាត់បន្ថយសុពលភាពទិដ្ឋាការសម្រាប់ប្រជាជនកម្ពុជា ពី៦០ថ្ងៃមកនៅត្រឹម៧ថ្ងៃ ដោយឯកតោភាគីកាលពីពេលថ្មីៗ។ តែយ៉ាងណាភាគីថៃ បានចោទថា ការកាត់បន្ថយរយៈពេលទិដ្ឋាការសម្រាប់ប្រជាជនកម្ពុជា របស់ខ្លួន ធ្វើឡើងតាមក្រោយកម្ពុជា។
កម្ពុជា អះអាងថា ការកាត់បន្ថយរយៈពេលទិដ្ឋាការ
ដោយ

ការកាត់បន្ថយសុពលភាពស្នាក់នៅសម្រាប់ពលរដ្ឋទៅវិញទៅមករវាងកម្ពុជា និងថៃនេះ កើតឡើងក្រោយមានភាពតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសក្រោយថៃ បានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ដោយគ្មានជូនដំណឹងមកកម្ពុជា។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា ការកាត់បន្ថយរយៈពេលផ្តល់ទិដ្ឋាការសម្រាប់ជនជាតិថៃ ចូលមកកម្ពុជា តាមផ្លូវគោកពី១៤ថ្ងៃមកនៅត្រឹម៧ថ្ងៃរបស់អាជ្ញាធរកម្ពុជា ដើម្បីឆ្លើយតបនឹងវិធានការរបស់អាជ្ញាធរថៃ ដែលបានកាត់បន្ថយសុពលភាពទិដ្ឋាការសម្រាប់ប្រជាជនកម្ពុជា ពី៦០ថ្ងៃមកនៅត្រឹម៧ថ្ងៃដោយឯកតោភាគីដោយគ្មានជូនដំណឹងមកកម្ពុជា។ អ្នកនាំពាក្យរងរូបនេះ បានសង្កត់ធ្ងន់ថា ការដាក់ចេញវិធានការរបស់កម្ពុជា ធ្វើឡើងតាមក្រោយថៃ តែប៉ុណ្ណោះ។ ចំណែកការធ្វើដំណើរចេញចូលតាមផ្លូវអាកាស ភាគីទាំងពីរបានសម្របសម្រួលគ្នាផ្ដល់ទិដ្ឋាការទៅវិញទៅមកមានរយៈពេលស្នាក់នៅចំនួន៦០ថ្ងៃ។ សម្រាប់លោក ទូច សុឃៈ ទោះបីកម្ពុជា បានឆ្លើយតបទៅភាគីថៃ យ៉ាងម៉ឺងម៉ាត់យ៉ាងណាក្ដី ក៏កម្ពុជា នៅតែរក្សាមិត្តភាពតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាប្រកាន់ខ្ជប់ដោយឈរលើច្បាប់អន្តរជាតិជាចម្បង។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការសម្រេចប្ដូររយៈពេលផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋកម្ពុជា ចូលទៅក្នុងប្រទេសថៃនេះ ធ្វើឡើងជាឯកតោភាគីប៉ុណ្ណោះ ដោយថៃ តែងតែធ្វើឡើងក្រោយពីមានបញ្ហាទំនាក់ទំនងវាងកម្ពុជា និងថៃ។ លោកបណ្ឌិតបានបន្ថែមថា ករណីសម្រេចជាឯកតោភាគីរបស់ភាគីថៃនេះ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការមិនទុកចិត្តគ្នាទៅថ្ងៃអនាគត។​

ជុំវិញការកាត់បន្ថយរយៈពេលទិដ្ឋាការនេះ លោក នីខនដេត បាលាកូឡា (Nikorndej Balankura) អ្នកនាំពាក្យក្រសួងការបរទេសថៃ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែមិថុនា ដោយចោទថា ការដាក់ចេញវិធានការកាត់បន្ថយរយៈពេលទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា ធ្វើដំណើរចូលប្រទេសថៃ តាមផ្លូវគោលរបស់ថៃ ធ្វើឡើងដើម្បីឆ្លើយតបនឹងវិធានការរបស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

គួរបញ្ជាក់ថា វិវាទខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ បានឡើងកម្តៅជាថ្មីក្រោយក្រុមទាហានថៃ បានលបវាយឆ្មក់មកលើទាហានកម្ពុជា ដែលឈរជើងនៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅថ្មីៗនេះ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមហាយក្សចិន និងអាម៉េរិកបានចរចាគ្នាលើបញ្ហាអ្វីខ្លះនៅក្នុងជំនួបជុំទី២?

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ហាក់បង្ហាញការខកចិត្តចំពោះការចរចាពាណិជ្ជកម្មជាមួយចិន ដោយអះអាងថា ការចរចាជាមួយចិនមិនមែនងាយស្…

តម្លៃមាសធ្លាក់ចុះ ខណៈតម្លៃប្រេងឆៅ និងភាគហ៊ុនកើនឡើង ទោះការចរចាជុំទី២រវាងមន្ត្រីអាម៉េរិក និងចិនមិនមានលទ្ធផល

ទោះបីការចរចាជុំទី២រវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិកនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស មិនទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីទាំងពីរបានឯកភាពពិភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ