កម្ពុជាបង្កើតមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពផលិតផល

កម្ពុជាបង្កើតមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពផលិតផល ដើម្បីជួយពន្លឿនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ


មជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព LABIOCERT (ឡាប្យូស្យែត) ដំបូងគេនៅកម្ពុជារបស់ក្រុមហ៊ុនប៉េប៉េអឹម-ខនហ្វីរេល បានសម្ពោធដាក់ឱ្យដំណើការជាផ្លួវការហើយ ដើម្បីផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អតិថិជន សំដៅចូលរួមចំណែកជួយលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ និងផលិតផលខ្មែរ។
កម្ពុជាបង្កើតមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពផលិតផល
ដោយ

សមិទ្ធផលនេះ ក៏ជាផ្នែកមួយជួយពន្លឿនប្រសិទ្ធភាពនៃនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផងដែរ តាមរយៈការជួយកាត់បន្ថយពេលវេលា និងថវិកាក្នុងការប្រើប្រាស់សេវាត្រួតពិនិត្យគុណភាពទំនិញនៅក្រៅប្រទេស។

​នាពិធីសម្ពោធដាក់ឱ្យដំណើការ«មជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព LABIOCERT»កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុន ប៉េប៉េអឹម និងខនហ្វីរេលបានគូសបញ្ជាក់ថា ជាមួយនឹងភាពសម្បូរបែបនៃការបង្កើតផលិតផលថ្មីៗរបស់ក្រុមហ៊ុនខ្លួន ដែលបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារជាតិ និងអន្តរជាតិអស់រយៈពេលជាង២០កន្លងមកនេះ ទើបមជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ ត្រូវបានសម្ពោធឡើង ដើម្បីបង្ហាញពីរបកគំហើញថ្មីនៃការផ្សំគ្រឿងទេសរបស់ដូនតាខ្មែរ គឺម្សៅប្រហុករបស់ក្រុមហ៊ុនខនហ្វីរេល ជាមួយនឹងអាហារបែបខ្មែរ ឬបែបអឺរ៉ុបបានយ៉ាងឆ្ងាញ់ពិសា។

ថ្នាក់ដឹកនាំរូបនេះបានឱ្យដឹងដែរថា ដោយសារតែក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរេល គឺជាក្រុមហ៊ុននាំចេញ ហើយកន្លងមកមុននឹងអាចនាំចេញផលិតផលទៅទីផ្សារក្រៅប្រទេសបាន ក្រុមហ៊ុនត្រូវយកផលិតផលទាំងនោះទៅត្រួតពិនិត្យគុណភាពក្នុងមន្ទីរពិសោធន៍នៅបរទេស ដែលចំណាយច្រើនទាំងថវិកា និងពេលវាលា ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចបង្កើតឱ្យមានមន្ទីរពិសោធន៍គុណភាពនេះឡើង។ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្ថែមថា មន្ទីរពិសោធន៍គុណភាពនេះ មិនត្រឹមតែផ្តល់ការត្រួតពិនិត្យគុណភាពសម្រាប់ក្រុមហ៊ុនរបស់ខ្លួននោះទេ ប៉ុន្តែក៏មានទទួលសេវាត្រួតពិនិត្យគុណភាពទំនិញរបស់ក្រុមហ៊ុនសហគ្រាសផ្សេងៗ ដែលមានតម្រូវការផងដែរ ដើម្បីជួយពន្លឿនដល់ការធ្វើអាជីវកម្មរបស់ពួកគេ។

ជាមួយគ្នានេះលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ដើម្បីអាចនាំចេញផលិតផលអ្វីមួយទៅកាន់ទីផ្សារអន្តរជាតិបាន លុះត្រាតែមានលិខិតបញ្ជាក់គុណភាពផលិតផលជាមុនសិន ហើយមុនទទួលបានលិខិតបញ្ជាក់ ក៏មិនងាយស្រួលនោះដែរ ពោលគឺត្រូវចាយទាំងពេលវេលា និងថវិកា ដូច្នេះតាមរយៈការបង្កើតឱ្យមានមន្ទីរពិសោធន៍គុណភាពនៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញការនាំចេញផលិតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

គួរជម្រាបថា មន្ទីរពិសោធន៍គុណភាព LABIOCERT គឺជាមន្ទីរពិសោធន៍មួយដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានធនធានមនុស្សយ៉ាងច្រើនប្រកបទៅដោយសមត្ថភាព និងមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការផ្តល់លទ្ធផលវិភាគផ្សេងៗ ប្រកបដោយទំនុកចិត្ត និងក្រមសីលវិជ្ជាជីវៈ និងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យល័យរដ្ឋមួយចំនួនដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។ មន្ទីរពិសោធន៍គុណភាពនេះ មានសម្ថតភាពវិភាគលើផលិតផលផ្សេងៗ ដូចជាផលិតផលឱសថ គ្រឿងសម្អាង និងអាហារបំប៉ន, ផលិតផលអាហារ ភេសជ្ជៈ និងចំណីសត្វ, ទឹកស្អាត និងទឹកកខ្វក់ និងដីកសិកម្មជាដើម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple គ្រោងជះលុយ៥០០ពាន់លានដុល្លារវិនិយោគនៅអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Apple ដែលជាអ្នកផលិតទូរសព្ទ iPhone ដ៏ល្បីល្បាញបានប្រកាសគួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ ខែកុម្…

វៀតណាមវ៉ាដាច់ម៉ាឡេស៊ី និងថៃក្លាយជាប្រទេសមានសន្ទុះកំណើននាំចេញខ្ពស់ជាងគេ

ប្រទេសវៀតណាមអ្នកក្បែរខាងកម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដែលមានសន្ទុះកំណើននាំចេញទំនិញខ្ពស់នៅឆ្នាំ២០២៤ កន្លងទៅ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ