កម្ពុជារំពឹងថា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ទាំងនេះ វាមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវវិស័យអាកាសចរណ៍ប៉ុណ្ណោះ ថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសទាំងនោះផងដែរ។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនជើងហោះហើរនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា មានកំណើនតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា វិស័យអាកាសចរណ៍របស់កម្ពុជានឹងមានភាពរីកចម្រើនបន្ថែមទៀត នៅឆ្នាំ២០២៤នេះ ក្រោយកម្ពុជា មានផែនការភ្ជាប់ជើងហោះហើរឡើងវិញ និងជើងហោះហើរថ្មីជាមួយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។
ក្នុងនោះកម្ពុជា រំពឹងអាចតភ្ជាប់ជើងហោះរហើរឡើងវិញជាមួយប្រទេសឡាវ នៅពាក់កណ្តាលខែមីនា ឆ្នាំនេះ និងភ្ជាប់ជើងហោះហើរឡើងវិញជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម និងភ្ជាប់ជើងហោះហោះត្រង់ថ្មីជាមួយឥណ្ឌា នៅត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ។ ប្រសិនបើកម្ពុជាមានការតភ្ជាប់ជាមួយប្រទេសទាំងនេះមែននោះ វាមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញកំណើនភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសនោះឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀតផងដែរ។
បើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ចំនួនជើងហោះហើរនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន អាកាសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ មានការកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាមធ្យមមានចំនួន១៦៥ជើងក្នុងមួយថ្ងៃ តែមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន១៦៨ជើង ក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យម៣ជើងក្នុងមួយថ្ងៃ។
យ៉ាងណាមិញចំនួនជើងហោះហើរនៅព្រលានយន្តហោះសៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈ បានធ្លាក់ចុះមកត្រឹម៤៤ជើង ជាមធ្យមក្នុងមួយថ្ងៃ ខណៈចំនួនជើងហោះហើររបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះខេត្តព្រះសីហនុ មានការកើនឡើងបន្តិច។ ចំនួនជើងហោះហើរ ក៏ដូចជាអ្នកដំណើរ ដែលចូលមកកម្ពុជាភាគច្រើនមកពីតំបន់អាស៊ាន ក្នុងនោះថៃ ឈរលំដាប់ទី១, វៀតណាមលំដាប់ទី២, សិង្ហបុរីលំដាប់ទី៣ ហើយបន្ទាប់មកម៉ាឡេស៊ី និងឡាវ៕