ដំណាំស្វាយចន្ទី

អ្នកជំនាញលើកទឹកចិត្តឱ្យកសិករដាំពូជស្វាយចន្ទីដែលឆាប់ចេញផ្កា ដ្បិតវាអាចកាត់បន្ថយការចំណាយ


អ្នកជំនាញផ្នែកដាំដុះស្វាយចន្ទី បានបង្ហាញក្តីបារម្ភចំពោះបាតុភូតអែលនីណូ និងបញ្ហាសន្សើមប្រៃ ឬសន្សើមអាស៊ីត ក្នុងការធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្វាយចន្ទី និងប្រាក់ចំណូលរបស់អ្នកប្រកបរបរក្នុងវិស័យនេះ ដ្បិតបញ្ហានេះវាអាចធ្វើឱ្យផ្កាស្វាយចន្ទីជ្រុះ និងក្តៀនក្ដឹប។
ដំណាំស្វាយចន្ទី
ដោយ

អ្នកជំនាញជឿជាក់ថា បញ្ហាទាំងនេះវានឹងជំរុញឱ្យកសិករត្រូវចំណាយខ្ពស់ទៅលើការបាញ់ថ្នាំ និងជី ដើម្បីការពារនិងព្យាបាលបញ្ហាទាំងនេះ ពិសេសបញ្ហាផ្សិតដែលកើតឡើងដោយសារសន្សើមអាស៊ី ដូចនេះហើយកសិករអាចនឹងមានការខាតបង់ ដ្បិតថា តម្លៃស្វាយចន្ទីឆ្នាំនេះក៏កំពុងធ្លាក់ថ្លៃផងដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញលើកទឹកចិត្តឱ្យកសិករគួរជ្រើសរើសពូជស្វាយចន្ទី ដែលឆាប់ចេញផ្កាសម្រាប់ដាំដុះ ដើម្បីបញ្ចៀសបញ្ហាដែលបង្កឡើងដោយវិបត្តិធម្មជាតិ ក៏ដូចជាកាត់បន្ថយការចំណាយ។

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញផ្នែកដាំដុះស្វាយចន្ទី បានបង្ហាញក្តីបារម្ភចំពោះផលប៉ះពាល់របស់ដំណាំស្វាយចន្ទីនៅឆ្នាំនេះ ដោយសារបញ្ហាបំរែបម្រួលអាកាសធាតុ និងការគំរាមកំហែងពីបាតុភូតអែលនីណូ ដែលធ្វើឱ្យអាកាសនៅពេលយប់ និងពេលថ្ងៃខុសគ្នាខ្លាំង ដែលបញ្ហានេះអាចធ្វើឱ្យផ្កាស្វាយចន្ទីចេញមកហើយមិនសូវជាប់។ មួយវិញទៀត អ្វីដែលអ្នកជំនាញរូបនេះបារម្ភបំផុតនោះ គឺបញ្ហាសន្សើមប្រៃ ឬសន្សើមអាស៊ីត ដែលបញ្ហានេះតែងតែកើតឡើងក្នុងរង្វង់ថ្ងៃទី១០ ខែមករា រហូតដល់ចុងខែកុម្ភៈ ជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះនៅតំបន់មួយចំនួនប្រជាកសិករកំពុងជួបនូវបញ្ហាសន្សើមអាស៊ីតនេះផងដែរ ដែលវាអាចធ្វើឱ្យមានការខូចខាតដល់ផ្កា និងផ្លែស្វាយចន្ទី និងនាំឱ្យទិន្នផលធ្លាក់ចុះ។

​បើតាមឯកឧត្តម វ៉ា រុតសាន ជាទូទៅដំណោះស្រាយចំពោះបញ្ហាសន្សើមអាស៊ីតនេះ គឺមុនធ្លាក់សន្សើមអាស៊ីតមក កសិករត្រូវបាញ់ថ្នាំការពារជាមុន បន្ទាប់មកនៅពេលមានធ្លាក់សន្សើមអាស៊ីតមកហើយនោះ កសិករត្រូវបាញ់ថ្នាំព្យាបាលផ្សិតដែលកើតឡើងដោយសារសន្សើមអាស៊ីតនេះ ខណៈការបាញ់ថ្នាំការពារ និងព្យាបាលនេះ បើយឺតតែរយៈពេល៣ថ្ងៃ នោះនឹងគ្មានប្រសិទ្ធភាពនោះទេ។ ជាងនេះទៅទៀត បើសិនជាមានធ្លាក់សន្សើមអាស៊ីតច្រើនដង កសិករក៏ត្រូវបាញ់ថ្នាំការពារនិងព្យាបាលច្រើនដងផងដែរ ដែលនាំឱ្យកសិករត្រូវចំណាយខ្ពស់ដោយសារបាញ់ថ្នាំច្រើនដង។ ហេតុនេះហើយ អ្នកជំនាញរូបនេះជឿជាក់ថា កសិករដាំដំណាំចន្ទីនឹងជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងខ្លាំងនៅឆ្នាំនេះ ដែលនឹងអាចមានការខាតបង់ ដ្បិតថា ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះនឹងធ្លាក់ចុះ ខណៈតម្លៃស្វាយចន្ទីវិញក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរនាពេលច្ចុប្បន្ននេះ។

​គួរជម្រាបថា កាលពីពេលថ្មីនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថា តាមរយៈឥទ្ធិពលរបស់បាតុភូតអែលនីណូមកលើដំណាំស្វាយចន្ទីនេះ បានធ្វើឱ្យសមាគមស្វាយចន្ទីកម្ពុជា ​ព្យាករថា ទិន្នផលស្វាយចន្ទីអាចនឹងធ្លាក់ចុះពី១០% ទៅ៣០% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជា​នាំចេញគ្រាប់ស្វាយចន្ទីបាន​ជាង៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% បើធៀបនឹងឆ្នាំ២០២២។ ​បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងមានការតភ្ជាប់ជើងហោះហើរជាមួយអារ៉ាប់រួម ឥណ្ឌា និងឡាវនៅត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បើគ្មានការប្រែប្រួលទេ កម្ពុជានឹងមានការតភ្ជាប់ជើងហោះហ…

តើគេរាប់ និងគណនាចំនួនទឹកប្រាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាយ៉ាងដូចម្តេច?

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាន ៥សែននាក់ មានការកើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែមានមតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ