ទីផ្សារសំបុកត្រចៀក

គយចិន អនុញ្ញាតឱ្យកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅចិន តើអ្នកពាក់ព័ន្ធមានការរំពឹងបែបណា?


គយចិន បានអនុញ្ញាតឱ្យកម្ពុជា នាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន ក្រោមលក្ខខណ្ឌដែលបានចុះហត្ថលេខាលើពិធីសារនាពេលកន្លងទៅ។ អ្នកជំនាញជឿជាក់ថា តាមរយៈការទទួលបានភ្លើងខៀវពីគយចិននេះ វានឹងរួមចំណែកជួយធ្វើឱ្យទីផ្សារ និងតម្លៃសំបុកត្រចៀកកាំរបស់កម្ពុជា មានភាពល្អប្រសើរមួយកម្រិតទៀត ជាពិសេសជួយស្រូបទាញការវិនិយោគលើការកែច្នៃសំបុកត្រចៀកកាំឱ្យបានកាន់តែច្រើនថែមទៀត។ បច្ចុប្បន្នការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់ពី៥ ទៅ៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុង១ឆ្នាំ។
ទីផ្សារសំបុកត្រចៀក
ដោយ

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ រំពឹងថា សំបុកត្រចៀកកាំខ្មែរនឹងមានទីផ្សារ និងតម្លៃកាន់តែល្អប្រសើរ ក្រោយគយចិន បានអនុញ្ញាតឱ្យកម្ពុជា នាំចេញសំបុកត្រចៀក​កាំទៅកាន់ទីផ្សារចិន។ តែយ៉ាងណាដើម្បីអាចនាំចេញទៅកាន់ទីផ្សារចិនបានទាមទារឱ្យអ្នកចិញ្ចឹម និងក្រុមហ៊ុនកែច្នៃ វេចខ្ចប់ចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ ដែលតម្រូវដោយគយចិន។ តែយ៉ាងណាប្រធានសមាគមរូបនេះហាក់បារម្ភពីសមត្ថភាពផ្គត់ផ្គង់សំបុកត្រចៀកកាំរបស់កម្ពុជា ដល់ទីផ្សារចិន ដោយសារការអភិរក្សសត្វត្រចៀកកាំយកសំបុកនៅកម្ពុជា នៅមានកម្រិតនៅឡើយ។ ការសិក្សាមួយបង្ហាញថា សំបុកត្រចៀកកាំរបស់កម្ពុជា មានគុណភាពល្អជាងបណ្ដាប្រទេសដទៃ ដោយសារនៅកម្ពុជា ពុំទាន់មានការបំពុលបរិយាកាសធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់លោក ស៊ុយ កុកធាន។

​ដោយឡែក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា ការនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន មិនមែនសុទ្ធតែអាចនាំទៅបានទាំងអស់នោះឡើយ ដោយត្រូវតែមានប្រភពដើមច្បាស់លាស់ និងបានចុះឈ្មោះជាមួយអាជ្ញាធរកម្ពុជា ពិសេសត្រូវរាយការណ៍ទៅភាគីចិន ដែលតម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពសត្វ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ លើកឡើងថា សហគ្រាសដំណើរការផលិតសំបុកត្រចៀកកាំមិនទាន់សម្អាត និងសហគ្រាសផលិតសំបុកត្រចៀកកាំសម្រាប់បរិភោគ ត្រូវតែចុះឈ្មោះជាមួយអាជ្ញាធរគយនៃប្រទេសចិន ហើយដើម្បីអាចចាប់ផ្តើមផលិតផលិតផលសម្រាប់នាំចេញបាន លុះត្រាតែការចុះឈ្មោះបានចាប់ផ្តើមអនុវត្ត។ ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ចាត់ទុកការបើកភ្លើងខៀវឱ្យនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន គឺជាឱកាសក្នុងការជំរុញទីផ្សារសម្រាប់វិស័យត្រចៀកកាំ ហើយវានឹងទាក់ទាញបានអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀត។

បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀក​កាំ ខណៈមកទល់ពេលនេះ ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជា អាចមានក្នុងរង្វង់ពី៥ទៅ៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំ បានប្រមាណ១០០តោនក្នុង១ឆ្នាំ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំដល់ទៅជាង២៤០ពាន់លានដុល្លារជាមួយប្រទេសកាតា ក្នុងចំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា

សេតវិមានបានប្រកាសថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សម្រេចបានកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាង២៤៣ពាន់លានដុល្លារអាម៉េរិកជាមួយប្រទ…

ឈ្មួញថៃ ម៉ៅទុរេនកម្ពុជា មួយចម្ការ ដើម្បីនាំចេញទៅលក់នៅថៃ

ចម្ការទុរេនមួយកន្លែងនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណជាង៤ហិកតា ត្រូវបានឈ្មួយថៃ ប្រមូលទិញផ្លែទុរេនទាំងអស់ ដែលមានបរិមាណក្នុងរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ